«ផ្សាំ»មុខដែលរងការឆេះរលាក របស់អ្នកលត់អគ្គិភ័យមួយរូប
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៦ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: December 20, 2015
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីខែសីហាកន្លងទៅ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ ញ៉ូយក បានធ្វើការផ្សាំមុខ ឲ្យទៅបុរសអ្នកលត់អគ្គិភ័យមួយរូប ដោយប្រើពេលដល់ទៅ២៦ម៉ោង។ ជាការផ្សាំដំបូងគេ ដែលមិនដែលបានធ្វើ ពីមុនមកឡើយ។ លោក ប៉ាទ្រិក ហាដីសុន (Patrick Hardison) អ្នកលត់អគ្គិភ័យស្ម័គ្រចិត្ត ដែលមានអាយុ៤១ឆ្នាំ បានរងការឆេះខ្លួន ជាពិសេសឆេះមុខទាំងស្រុង នៅពេលដែលលោក បានធ្វើអន្តរគមន៍ជួយពន្លត់អគ្គិភ័យ ដែលឆេះក្នុងអាគាររស់នៅមួយកន្លែង។
បើនិយាយសរុបទាំងអស់ មនុស្សចំនួនដល់ទៅជាង១៥០នាក់ បានចូលរួមខ្នះខ្នែង ក្នុងយុទ្ធនាការ«ផ្សាំមុខ» របស់អតីតអ្នកលត់អគ្គិភ័យរូបនេះ។ បន្ទាប់ពីការវះកាត់រួច លោក ប៉ាទ្រិក មានមុខមាត់ថ្មី ដែលជារបស់យុវជនម្នាក់ ឈ្មោះ ដេវិដ រ៉ដ័បូង (David Rodebaugh) អតីតអ្នកប្រដាល់ម្នាក់ ក្នុងទីក្រុងញ៉ូយក អាយុ២៦ឆ្នាំ ដែលបានស្លាប់ ក្នុងគ្រោះថ្នាក់ជិះកង់មួយយ៉ាងធ្ងន់ធ្ងរ។ មុខមាត់ទាំងស្រុង របស់យុវជន ដេវិដ ត្រូវបានយកមកប៉ះប៉ូវ នៅលើមុខរបស់លោក ប៉ាទ្រិក ដែលរងការឆេះរលាកខ្ទេចខ្ទី។
» ពីឆ្វេងមកស្ដាំ - លោក ដេវិដ រ៉ដ័បូង នៅមុនមរណភាព និងលោក ប៉ាទ្រិក នៅមុនការឆេះមុខ៖
លោកវេជ្ជបណ្ឌិត អេឌូអាដូ រ៉ូឌីហ្គេស៍ (Eduardo Rodiguez) ជំនាញខាងវះកាត់ប្ដូរសម្ផស្ស ដែលជាអ្នកទទួលខុសត្រូវ ទៅលើការ«ផ្សាំមុខ»មួយនេះ បានអះអាងថា លោក ប៉ាទ្រិក អាចព្រិចត្របកភ្នែកបាន ហើយក៏អាចគេងលក់ ដោយបិតភ្នែកទាំងស្រុងដែរ។ ការផ្សាំមុខនេះ បានចាំផ្ដើមធ្វើពីដំបូង ដោយអាកាត់ យកផ្នែកខាងមុខទាំងស្រុង រហូតមកដល់ស្បែកក្បាល ផ្នៃកខាងក្រោយរបស់យុវជន ដេវិដ រ៉ដ័បូង ហើយយកមកគ្របពីលើក្បាល របស់លោក ប៉ាទ្រិក ដែលត្រូវបានអាកាត់ស្បែកចាស់ ចោលចេញ។ ការយកមុខមនុស្សមួយ មកគ្របពីលើក្បាលមនុស្សម្នាក់ថ្មីនេះ ត្រូវបានធ្វើឡើង ដោយដាក់ភ្ជាប់នូវគ្រប់ចំណុច ដែលទាក់ទងគ្នាទាំងអស់ ក្នុងនោះមានដូចជាឆ្អឹង សាច់ដុំថ្ពាល់ ស្លឹកត្រជៀក បបូរមាត់ ច្រមុះ ត្របកភ្នែក និងគ្រប់សរសៃជាដើម។
» ការវះកាត់ ត្រូវបានធ្វើជាច្រើនដំណាក់កាល៖
ការវះកាត់ដែលមានតម្លៃ ប្រមាណ១លានដុល្លារនេះ បានទទួលនូវភាពជោគជ័យទាំងស្រុង។ អតីតអ្នកលត់អគ្គិភ័យ លោក ប៉ាទ្រិក ហាដឹសុន បានត្រឡប់មករស់រាន មានជីវិតដូចធម្មតា សឹងតែទាំងស្រុងឡើងវិញ ជាមួយនឹងក្រុមគ្រួសារ ជាពិសេសជាមួយនឹងកូនៗ របស់លោក។ លោកថែមទាំងបានចេញទៅទិញទំនិញ នៅតាមហាងនានានោត ដោយគ្មាននរណាម្នាក់ ចាប់អារម្មណថា មុខរបស់លោកមានរូបរាង ដោយ«ការផ្សាំ»នោះទៀតផង៕
» របាយការណ៍ជាវីដេអូ ទាក់ទងនឹងយុទ្ធនាការ«ផ្សាំស្បែកមុខមនុស្ស»៖
-------------