វះយកត្រីប្រវែង ១,២៥ម៉ែត្រ ចេញពីពោះបុរសម្នាក់ នៅប្រេស៊ីល
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៩ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 09, 2014
- ប្រធានបទ: ចម្លែក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនបើនៅប្រទេសកម្ពុជា មានការភ្ញាក់ផ្អើល ពីស្ត្រីមួយរូបបានកើតកូនចេញមកជាត្រីផ្ទក់ ប៉ុន្តែនៅឯប្រទេសប្រេស៊ីលឯណោះវិញ ក្រុមគ្រូពេទ្យបានវះយកបានត្រីមួយក្បាល យ៉ាងវែង ចេញពីពោះរបស់បុរសម្នាក់។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើល ដែលមានអំណះអំណាងតាមរយៈវីដេអូចំនួនពីរ ដែលទើបនឹងទម្លាយចេញឲ្យដឹង៕
នៅក្នុងវីដេអូ ដែលត្រូវបានយកមកផ្សព្វផ្សាយ នៅតាមបណ្ដាញចែកចាយវីដេអូ យូធូប នោះ បានបង្ហាញពីសកម្មភាពវះកាត់ ប្រកបដោយភាពព្រឺព្រួច លាយឡំជាមួយនឹងសម្លេងសើចរបស់គ្រូពេទ្យ និងសម្លេងស្រែករបស់ជំនួយការពេទ្យ បន្ទាប់ពីពួកគេបានឃើញសត្វត្រីមួយក្បាលនេះ ត្រូវបានចាប់ចេញពីក្នុងពោះមនុស្ស។
ត្រីដែលត្រូវបានវះកាត់ យកចេញពីពោះបុរសរងគ្រោះនោះ មានប្រវែង ១២៥សង់ទីម៉ែត្រ ឬ១,២៥ម៉ែត្រ និងមានសម្បុរត្នោត។ គេតែងឃើញសត្វត្រីប្រភេទនេះ រស់នៅក្នុងប្រទេសមួយចំនួន នៅទ្វីបអាមេរិកខាងត្បូង ទ្វីបអាហ្វ្រិក និងនៅប្រទេសអូស្ត្រាលី។
បើតាមគេហទំព័រព័ត៌មានមួយ ក្នុងប្រទេសប្រេស៊ីល បានរាយការណ៍ថា អ្នកជំងឺ បានឆ្លងកាត់ការវះកាត់នេះ នៅខែមេសាកន្លងទៅ នៅក្នុងមន្ទីរពេទ្យសកលវិទ្យាល័យ ឡូនឌ្រីណា (Londrina)។ ហើយវីដេអូនេះ ត្រូវបានយកមកបង្ហោះ នៅតាមបណ្ដាញចែកចាយវីដេអូ តាំងពីពីរសប្ដាហ៍កន្លងមក និងបានបង្កភាពទាក់ទាញយ៉ាងខ្លាំង ដល់មនុស្សរាប់ម៉ឺននាក់ ឲ្យចូលទៅទស្សនា។
ប៉ុន្តែបុរសជាអ្នកជំងឺ ដែលបានឃើញរូបភាពនេះ និងបានអាននូវការឆ្លើយឆ្លងផ្ដោះផ្ដងវាចា រវាងអ្នកចូលមកទស្សនានោះ មិនជាសប្បាយចិត្តទេ ហើយបានដាក់ពាក្យបណ្ដឹងមួយ ប្រឆាំងនឹងការបង្ហោះផ្សាយវីដេអូ ដោយគ្មានការអនុញ្ញាត ឬសួរនាំជាមុនពីខ្លួន។ បន្ទាប់មក ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើតាមពាក្យបណ្ដឹងនោះ ដើម្បីស្វែងរកជនដែលនៅពីក្រោយ ការបែកធ្លាយវីដេអូដ៏រំជើបរំជួល ដែលគួរតែស្ថិតនៅជាឯកជន និងមានលក្ខណៈជាអាថ៌កំបាំងវេជ្ជសាស្ត្រ។ ចំណែកឯសត្វត្រីវិញ ត្រូវបានសម្លាប់ចោល បន្ទាប់ពីការវះកាត់រួចហើយភ្លាមៗ។
សម្គាល់៖ ទស្សនាវីដេអូខាងក្រោម អាចប៉ះពាល់ដល់អារម្មណ៍។