មន្រ្តីសង្គមស៊ីវិល៖ រដ្ឋាភិបាលកាន់តែសន្យា ព្រៃឈើកាន់តែវិនាស
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 05, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្រ្តីសង្គមស៊ីវិលបានលើកឡើងថា ជារឿយៗមន្រ្តីក្នុងជួររដ្ឋាភិបាលតែងតែសន្យា នឹងថែក្សាធនធានព្រៃមិនឱ្យបាត់បង់នោះទេ រហូតដល់ភ្នាល់ហ៊ានដាក់ជីវិត ប៉ុន្តែផ្ទុយទៅវិញគេឃើញថា «កាន់តែសន្យា ព្រៃឈើកាន់តែវិនាសហិនហោច»។
ក្រុមយុវជនប្រារព្ធទិវាបរិស្ថានពិភពលោក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)
បរិស្ថាន - ជាសកម្មជនការពារសិទ្ធិមនុស្ស មកពីជម្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ លោក បូ ពៅ បានថ្លែងរិះគន់រដ្ឋាភិបាល ចំពោះចំណាត់ការនៃការថែរក្សាធនធានព្រៃឈើថា និយាយបានតែនិយាយ តែមិនដែលចាត់វិធានការតឹងរ៉ឹងណាមួយ ទៅលើជនល្មើសដែលបំផ្លាញធនធានព្រៃឈើ និងសត្វព្រៃនោះទេ។ ការកាប់បំផ្លាញព្រៃឈើ និងសត្វព្រៃនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន កាន់តែហិនហោចទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដីក៏កាន់តែបាត់បង់។
ក គាត់នៅតែ ក គាត់ដដែល ...
មន្ត្រីដែលជាអ្នកផ្តួចឱ្យមានកម្មវិធី ក្នុងថ្ងៃប្រារព្ធទិវាបរិស្ថានពិភពលោក ថ្ងៃទី៥ ខែមិថុនាផងនោះ បានថ្លែងបញ្ជាក់ទៀតថា៖ «យើងមិនដែលជឿសម្តីរបស់រដ្ឋាភិបាលទេ ពីព្រោះពីមួយឆ្នាំទៅឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិគាត់នៅតែនិយាយ តែព្រៃនៅតែហិនហោច ជាពិសេសសម្តីនាយករដ្ឋមន្រ្តី ដែលនិយាយថាបើគាត់ការពារព្រៃឈើមិនបាន គាត់នឹងកាត់កគាត់ ហើយឥលូវព្រៃឈើវិនាសអស់ហើយ ក គាត់នៅតែ ក គាត់ដដែល។ អញ្ចឹងយើងអត់ជឿទេ មានតែពួកយើងទេដែលក្រោកឈឡើង ធ្វើការទប់ស្កាត់ទាំងអស់គ្នា។»
លោក សី ពៅ មន្រ្តីទទួលបន្ទុកផ្នែកប្រែប្រួសអាកាសធាតុ នៃអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន ក៏បានថ្លែងប្រហាក់ប្រហែលនេះដែរ។ លោកនិយាយថា ភាគច្រើនរដ្ឋាភិបាលបានធ្វើ និងបានសន្យាពីការថែរក្សាបរិស្ថាន ប៉ុន្តែការអនុវត្តភាគច្រើន ពីមន្រ្តីក្រោមឱវ៉ាទរបស់ក្រសួង មិនបានអនុវត្តតាមអ្វី ដែលបានប្រកាសឱ្យមានប្រសិទ្ធិភាពនោះទេ ។ យ៉ាងណាម៉ិញ ការមិនអើពើរបស់ប្រជាពលរដ្ឋមួយចំនួន ដែលមិនយកចិត្តទុកដាក់ក្នុងការថែរក្សាបរិស្ថាន ក៏ជាការបង្កឱកាសមួយដល់ក្រសួង ឬក៏អ្នកពាក់ព័ន្ធ មិនចាត់វិធានការ ដល់អ្នកកាប់បំផ្លាញព្រៃឈើនេះផងដែរ។
លោកថ្លែងបន្តថា ព្រៃមានសារៈសំខាន់ណាស់ ដោយសារតែព្រៃឈើកាន់អស់ទៅៗនេះហើយ ទើបបណ្តាលឱ្យមានគ្រោះមហន្តរាយកាន់តែច្រើនឡើង។ ហើយព្រៃឈើមានតួនាទីសំខាន់ ក្នុងការកាត់បន្ថយ ការបំភាយឧស្ម័នពុល ដែលបញ្ចេញទៅក្នុងបរិយាកាស បើព្រៃឈើអត់មានការប្រែប្រួលអាកាសធាតុ កាន់តែមានទំហំធំទៅៗ។
នៅក្នុងសេចក្តីថ្លែងការណ៍រួម របស់ក្រុមអង្គការសង្គមស៊ីវិល និងយុវជននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤នេះ បានបញ្ជាក់ថា បើទោះបីជារាជរដ្ឋាភិបាល បានអនុម័តច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រង់ធនធានធម៌ជាតិ ច្បាប់ស្រីពីតំបន់ធម៌ជាតិ និងលិខិតបទដ្ឋានផ្សេងក្នុងគោលបំណងការពារបរិស្ថាន និងព្រៃឈើយ៉ាងណាក៏ដោយ ប៉ុន្តែសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់ នៅតែមានដដែល ក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ច សម្បទានព្រៃឈើ រ៉ែ និងទំនប់វារីអគ្គីសនី ដែលកំពុងតែគម្រាមដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។
មិនអាចទាក់ទងមន្ត្រីទទួលខុសត្រូវ របស់ក្រសួងបរិស្ថាន ដើម្បីបកស្រាយទៅនឹងការលើកឡើងខាងលើ បាននៅឡើយនៅល្ងាចថ្ងៃទី៥ ខែមិថុនានេះ៕