ចាប់​ពលរដ្ឋ​ពី​ខេត្ត​ក្រចេះ បញ្ចូល​ឡាន​បញ្ជូន​ទៅ​ខេត្ត​វិញ​ទាំង​យប់

ប្រជាពលរដ្ឋប្រមាណមួយរយគ្រួសារ ត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញ ចាប់ដាក់ឡានបញ្ជូនទៅខេត្តក្រចេះ​ទាំងយប់ នៅពេលដែលពួកគាត់បានមកជួបជុំគ្នា ក្រោមដើមពោធិ៍មួយ ក្បែរផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងទីក្រុងភ្នំពេញ។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៥ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋប្រមាណមួយរយគ្រួសារ ត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញ ចាប់ដាក់ឡានបញ្ជូនទៅខេត្តក្រចេះ​ទាំងយប់ នៅពេលដែលពួកគាត់បានមកជួបជុំគ្នា ក្រោមដើមពោធិ៍មួយ ក្បែរផ្ទះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងទីក្រុងភ្នំពេញ។


ពលរដ្ឋពីខេត្តក្រចេះ ក្នុងយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. vary)

វិបត្តិដីធ្លី - ប្រជាពលរដ្ឋប្រមាណមួយរយគ្រួសារ ស្មើនឹងមួយរយនាក់ មកពីឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បាន​មកជួបជុំគ្នាក្រោមដើមពោធិ៍ ជិតរូបសំណាកមិត្តភាពកម្ពុជា វៀតណាម ឡាវ ខាងកើតផ្ទះ​លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ការជួបជុំគ្នានេះដើម្បីសុំអន្តរាគមរឿងដីធ្លី ដែលអាជ្ញាធរមូលដ្ឋានបានឃុបឃឹតគ្នា លួចលក់ឲ្យក្រុមហ៊ុន។

តាមប្រជាពលរដ្ឋម្នាក់ ដែលមិនបានបញ្ជាក់ឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ប្រជាពលរដ្ឋទាំង​អស់​ចេញមកពីឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នាវេលាម៉ោង៤រសៀលមកដល់ភ្នំពេញ។ លោកបានបន្តថា ពេលមក​ដល់​តំណាងរបស់លោក បានព្យាយាមទាក់ទង ទៅចៅអធិការវត្តសាមគ្គីរង្សី ដើម្បីស្នាក់នៅមួយយប់សិន តែលោក​មិនអនុញ្ញាតិ។

លោកបានបន្តថា ក្រោយពីចៅអធិការមិនអនុញ្ញាតិដូច្នេះ ពួកគាត់ក៏សម្រេចចិត្តមកជួបជុំគ្នា ក្រោមដើមពោធិ៍​មុខវត្ត​បុទុមបតីនេះតែម្តង។ លុះដល់ម៉ោងប្រហែលជាងប្រាំមួយល្ងាច ក៏ត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញ មានគ្នា​ប្រមាណជាង៥០នាក់ បានមកព័ទ្ធពួកគាត់ជុំវិញ មិនឲ្យចេញទៅណា។ បន្ទាប់មក ក៏ចាប់ដាក់ឡានដើម្បី​បញ្ជូនទៅ​ខេត្តក្រចេះវិញ។

ទាក់ទងនិងការចោទប្រកាន់របស់ប្រជាពលរដ្ឋរូបនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់​ពីព្រះចៅ​អធិការវត្តសាមគ្គីរង្សី ក្នុងយប់នេះបានទេ ដោយទូរស័ព្ទមិនអាចភ្ជាប់ទំនាក់ទំនងបាន។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី ចាន់ ថា ដែលកំពុងអង្គុយបត់ជើងដាក់កូនតូចលើភ្លៅ ផ្ទះអ្នកស្រីក្បាលដីទំហំ១៥ម៉ែត្រ និងបណ្តោយ១៥០ម៉ែត្រ ត្រូវបានគេចុះរុះរើ និងដុតតាំងពីថ្ងៃទី១២ ខែកុម្ភៈ មកទល់​នឹងពេលនេះនៅមិនទាន់មានដំណោះស្រាយទេ ទើបអ្នកស្រីឡើងមកឲ្យសម្តេច ហ៊ុន សែន ឲ្យជួយដោះស្រាយ។ «មិនដឹងជាខាងណាទេ ឃើញតែគេមករុះរើ ឈូសឆាយ និងដុតចោលតាំងពីថ្ងៃទី១២ ខែកុម្ភៈមក»។

បុរសម្នាក់ទៀត ដែលកំពុងតែគេចពីការដេញចាប់របស់ក្រុមសន្តិសុខ មិនទាន់ទាំងបានផ្តល់​កិច្ចសម្ភាសមក​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូផង ត្រូវបានក្រុមសន្តិសុខទាំងនោះ បង្ខំរុញឡើងឡានដោយបានស្រែកថា «បើចង់​សម្ភាសចាំទៅដល់ក្រចេះសិនទៅ»។ ថាបណ្តើររុញពួកគាត់បណ្តើរ ព្រមទាំងវាយបុរសនោះ ជាច្រើនដំបងផងដែរ ដើម្បីបង្ខំឲ្យឡើងឡាន។ ដំណាលគ្នានិងការវាយនោះ បុរសនោះបានស្រែកថា «រុញៗទៅ ចាំបាច់អីវាយ លោក​អើយលោក»។

ក្រោមសម្រែកខ្លាំងៗរបស់លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ បានបញ្ជាទៅក្រុមសណ្តាប់ធ្នាប់ ទាំង​អស់ឲ្យចាប់ប្រជាពលរដ្ឋទាំងនោះ ដើម្បីបញ្ជូនទៅខេត្តក្រចេះទាំងយប់វិញ។ លោកបានបន្តថា លោកមិនអនុញ្ញាតិ​ឲ្យប្រជាពលរដ្ឋទាំងនោះ មកដេកតាមតែអំពើចិត្តនោះទេ។ «ហ្អែងនៅចាំអីទៀត ម៉េចមិនលើកឡើងឡាន​ទាំងអស់​ទៅ បើនិយាយស្តាប់គ្នាមិនបាន»។

ទំនងជាកូនចៅលោកអភិបាលខេត្តក្រចេះ បុរសម្នាក់ដែលមានកាន់វិទ្យុទាក់ទងនឹងដៃ ហើយបង្ខំឲ្យប្រជាពលរដ្ឋ​ទាំងនោះឡើងឡាន ជាមួយនឹងការពោលឡើងថា «មានរឿងអី រៀបចំឯកសារហើយដាក់ទៅសាលាខេត្តទៅ ព្រោះ​អភិបាលរងខេត្តកំពុងតែរង់ចាំ»។ (...) ជូនដល់ខេត្តក្រចេះតែម្តង។ (...) គេឲ្យឡើងតាមសម្រួលមិនសុខចិត្តទេ ដល់​គេលើកបោះៗថាគេបោះ។ ពិបាកម្លេះគ្រាន់តែឡើងឡានសោះ។ (...) បានហើយ យប់ហើយ រុញ(វា)ឡើង​ឡាន​ទៅ។»

ក្នុងការចាប់បង្ខំឡើងឡាននោះ មានប្រជាពលរដ្ឋជាច្រើន ត្រូវបានក្រុមសន្តិសុខនោះវាយនឹងដំបង វាយនឹងដៃ ព្រមទាំងទាត់និងជើង។ ប្រជាណលរដ្ឋទាំងស្រីទាំងប្រុស ជាមួយនិងសម្រែកទ្រហោយំរៀងៗខ្លួន បានស្រែក​ប្រាប់​អ្នកសារព័ត៌ថា «ខ្ញុំមិនសុខចិត្តទេ គេលបវាយខ្ញុំពីក្រោយ។ ពួកខ្ញុំមិនសុខចិត្តទេ ខ្ញុំគ្មានអាវុធក្នុងដៃ គេវាយខ្ញុំ វាយ​ពី​ក្រោយទៀត មិនហ៊ានវាយពីមុខ។ (...) អាជ្ញាធរមកវាយប្រជាពលរដ្ឋ មកវាយពីក្រោយខ្នងទៀត។ ហេតុអីក៏វាយខ្ញុំពី​ក្រោយខ្នង។ ខ្ញុំសុខចិត្តដើរ កុំមកវាយធ្វើបាបគេ។»

ក្នុងហេតុការនៃការប្រមូល និងចាប់ប្រជាពលរដ្ឋត្រឡប់ទៅខេត្តក្រចេះទាំងវិញនេះ ដោយមេឃក៏យប់ កន្លែងដែល​ប្រជាពលរដ្ឋជួបជុំនោះក៏ងងឹត និងគ្មានបង្គោលភ្លើងបំភ្លឺទេ។ មកទល់ពេលនេះក៏នៅមិនទាក់ដឹងថា ការប្រទាញ​ប្រទង់នោះ នឹងមានការបង្ករបួសស្នាមដល់ប្រជាពលរដ្ឋប៉ុន្មាននាក់នៅឡើយទេ។

អ្នកស្រី ងួន លី ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រាំបីនាក់ ដែលបានគេចខ្លួនរួច ពីការចាប់ដាក់ឡាននៃ​ក្រុមសន្តិសុខ​ខណ្ឌដូនពេញនេះ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ដោយគ្មានជំរើស អ្នកស្រីបានស្នាក់នៅផ្ទះ​សំណាក់មួយ ក្បែរស្ពានជ្រោយចង្វារ។

ឯលោក ហេង គង់ តំណាងប្រជាពលរដ្ឋ ដែលត្រូវបានក្រុមសន្តិសុខទាំងនោះចាប់បញ្ចូលឡាន មិនអាចសុំការ​បញ្ជាក់ ពីការធ្វើដំណើរតាមផ្លូវត្រឡប់ទៅវិញនោះបានទេ នាវេលាយប់ម៉ោងជាង១០នេះ ដោយទូរស័ព្ទរបស់លោក​មិនអាចទំនាក់ទំនងបាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...