កោះ​ត្រល់៖ រដ្ឋាភិបាល​ថា​ទារ​មក​វិញ​«មិន​បាន» តែ​អ្នក​វិភាគ​ថា​«បាន»

ជាថ្មីម្តងទៀតរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាប្រទេសកម្ពុជា ពិតជាមិនអាច​ទាមទារកោះត្រល់ ពីប្រទេសវៀតណាមមកវិញបានទេ ហើយអ្វីដែលគណបក្សសង្រ្គោះជាតិលើកឡើង គឺគ្រាន់តែ​ជាឈុត​ឆាកនយោបាយ ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា កម្ពុជាមិនគម្បី​ថាខ្លួនឯងមិន​អាច​ទាមទារបាន ក្នុងពេលដែលខ្លួនឯង នៅតែមានលទ្ធភាពទាមទារកោះត្រល់ ពីវៀតណាមមកវិញ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៦ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 06, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្មីម្តងទៀតរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាប្រទេសកម្ពុជា ពិតជាមិនអាច​ទាមទារកោះត្រល់ ពីប្រទេសវៀតណាមមកវិញបានទេ ហើយអ្វីដែលគណបក្សសង្រ្គោះជាតិលើកឡើង គឺគ្រាន់តែ​ជាឈុត​ឆាកនយោបាយ ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា កម្ពុជាមិនគម្បី​ថាខ្លួនឯងមិន​អាច​ទាមទារបាន ក្នុងពេលដែលខ្លួនឯង នៅតែមានលទ្ធភាពទាមទារកោះត្រល់ ពីវៀតណាមមកវិញ។


ឆ្នេរនៅលើកោះត្រល់។ (រូបថត ឯកសារ)

អធិបតេយ្យជាតិ - ការបញ្ជាក់ ពីការមិនអាចទាមទារកោះត្រល់បាន ដោយរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាប្រតិកម្មតបចំពោះគណបក្សសង្រ្គោះជាតិ ម្តងហើយម្តងទៀត អះអាងថា នឹងទាមទារកោះ​ត្រល់​មកវិញតាមច្បាប់អន្តរជាតិ ពេលដែលគណបក្សខ្លួន ទទួលអំណាចគ្រប់គ្រងប្រទេស។

ក្នុងសន្និសីទកាសែតព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ នេះលោក កែវ រ៉េមី មន្រ្តីជាន់ខ្ពស់​ នៃអង្គភាពព័ត៌មានប្រតិកម្ម​រហ័ស របស់ទីស្តីការគណៈរដ្ឋមន្រ្តី បានចោទប្រកាន់ការអះអាង របស់ថ្នាក់ដឹកនាំកំពូលគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ថា ជាការនិយាយបំភ្លើស ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាល។ លោក កែវ រ៉េមី សង្កត់ធ្ងន់ថា៖ «កម្ពុជាមិនអាចទាមទារ យកកោះត្រល់មកវិញ បានទេ ព្រោះរឿងនេះ បានដោះស្រាយ ចប់យូរ​ហើយ។»
អនុប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា កាលពីចុងខែឧសភា ឆ្នាំ២០១៤ បានចោទប្រកាន់​រដ្ឋាភិបាល​គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ថាមិនហ៊ានប្រឈមមុខដោះស្រាយបញ្ហាអធិបតេយ្យជាតិ ពិសេស​ករណីកោះត្រល់ ជាមួយប្រទេសវៀតណាម។ អនុប្រធានគណបក្សជំទាស់ដដែល បានបញ្ជាក់ថា៖ «ខ្ញុំជឿថា បញ្ហាកោះត្រល់បើយើងពិនិត្យផ្លូវច្បាប់ មានអ្នកឯកទេសច្បាប់ យើងអាចនឹងប្ដឹងទាមទារយកមកវិញបាន។»

កោះត្រល់ ដែលមានទំហំ ស្ទើរតែប៉ុនប្រទេសសិង្ហបុរីទាំងមូល ស្ថិតនៅចម្ងាយ១៦ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រកម្ពុជា និងចម្ងាយប្រហែល៥០ គីឡូម៉ែត្រពីឆ្នេរសមុទ្រវៀតណាម ហើយកំពុងគ្រប់គ្រងដោយប្រទេសវៀតណាមផងនោះ គឺជាសំណុំរឿងដ៏រសើបមួយ ដែលតែងត្រូវបានគណបក្សសង្រ្គោះជាតិ ជារឿយៗអះអាងពីលទ្ធភាពទាមទារ តាម​ផ្លូវច្បាប់អន្តរជាតិ តែក៏ត្រូវបានបដិសេធជាបន្តបន្ទាប់ ពីសំណាក់រដ្ឋាភិបាលគ្រប់គ្រងដោយ​គណបក្សប្រជាជន​កម្ពុជា។

លោក សុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ និងជាអ្នកវិភាគនយោបាយបាយឯករាជ្យកម្ពុជា បានទាញ​ហេតុផលថា បច្ចុប្បន្ននេះមានប្រទេសច្រើនណាស់មានជម្លោះដែនកោះ ច្រើនករណីជាមួយគ្នា ហើយក៏មិនទាន់​ដោះស្រាយរួចដែរ។ លោក សុខ ទូច លើកឧទាហរណ៍ ពន្យល់ថា៖ «ករណីកោះត្រល់មិនចម្លែកពីគេទេ កោះ​សេនការគូ ជប៉ុនកាន់តាំងឆ្នាំ១៨០០ជាង ឥឡូវចិនទារយក។ កោះស្រ្តាតលី និងប៉ារ៉ាសែល វៀតណាតសំអាង​បារាំងដាក់អូតូសាស្រ្តឆ្នាំ១៩២០ ហើយឆ្នាំ១៩៧៤ ចិនដាក់ទ័ពមកយកវិញ។»

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៦ ខែមិថុនានេះ លោក សុខ ទូច បានបញ្ជាក់ថា៖ «រដ្ឋាភិបាលយកមិនយក វាអាស្រ័យឆន្ទៈ តែសភាត្រូវពិនិត្យករណីនេះឡើងវិញ ហើយកសាងផ្លូវគតិយុត្តិ ឲ្យរឹងមាំ។ យើងកុំបដិសេធថាយកមិនបានៗ តែយកបានឬអត់ វាអាស្រ័យផ្លូវគតិយុត្តិ ប្រវត្តតិសាស្រ្ត ភូមិសាស្រ្ត និង​មូលដ្ឋានបូរាណវិទ្យា។»

បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ និងជាអ្នកវិភាគនយោបាយបាយឯករាជ្យកម្ពុជាដដែល បានសង្កត់ធ្ងន់ថា កោះ​ត្រល់ហ្នឹងបាត់បង់អាយុកាលប៉ុន្មានឆ្នាំហើយ បើនិយាយពីចម្ងាយ ពីកោះត្រល់ មកកោះសេះខ្មែរ តែ៤គីឡូម៉ែតទេ តែពីកោះត្រល់ទៅឆ្នេរសមុទ្រខេត្តហាទៀងវៀតណាម រហូតដល់ជាង៥០គីឡូម៉ែត។ លោកសុខ ទូច បញ្ជាក់ថា៖ «កោះហ្នឹងឈ្មោះក៏ខ្មែរ បើនិយាយពីច្បាប់សមុទ្រ ក៏កោះត្រល់ក៏ជិតជាង៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...