អង្គការលើកលែងទោសអន្តរជាតិ៖ មិនត្រូវបំភ្លេច យ៉ោម បុប្ផា នោះទេ
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: September 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេសថា Amnesty International បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី០៣ខែសីហានេះ ទាមទារឲ្យអាជ្ញាធរដោះលែង សកម្មជនការពារសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន អ្នកស្រី យ៉ោម បុប្ផា ដែលបានជាប់ទោសក្នុងពន្ធនាគារ មកទល់នឹងថ្ងៃនេះ មានរយៈពេល១ឆ្នាំហើយ បើគិតពីថ្ងៃចាប់ខ្លួន នៅថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១២នោះមក។
តំណាងពីររូបជាជនជាតិកូរ៉េ របស់អង្គការលើកលែងទោសអន្តរជាតិ បានចូលរួមឃ្លាំមើលការទាមទារឲ្យដោះស្រាយបញ្ជាដីធ្លីនៅបឹងកក់ កាលពីថ្ងៃទី០២ខែកក្កដាកន្លងទៅ នៅមុខសាលារាជធានី។ (រូបថត MONOROOM.info/ U. Bory)
អ្នកស្រី យ៉ោម បុប្ផា អាយុ៣០ឆ្នាំ និងមានកូនប្រុសម្នាក់ផងនោះ ត្រូវបានតុលាការសាលាដំបូងកាត់ទោស ក្នុងអំឡុងខែធ្នូរឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគារចំនួនបីឆ្នាំ ដែលអង្គការលើកលែងទោសបានចាត់ទុកថា ជាការកាត់ទោសដែលគ្មានយុត្តិធម៌សម្រាប់អ្នកស្រី។ អ្នកស្រី ត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តិកំហុសទាក់ទងនឹងអំពើប្រើហិង្សា លើបុរសអ្នករត់ម៉ូតូឌុបពីរនាក់ កាលពីខែសីហាឆ្នាំ២០១២ ក្នុងតំបន់«បឹងកក់»ដែលអ្នកស្រីរស់នៅ។
លោកស្រី អ៊ីស៊ាប៊ែល អារ៉ាដុន (Isabelle Arradon) នាយិការងអង្គការលើកលែងទោសអន្តរជាតិ ទទួលបន្ទុកតំបន់អាស៊ីបាស៊ីភិក បានថ្លែងនេះថា «អ្នកស្រី យ៉ោម បុប្ផា ជាអ្នកទោសនៃសតិសម្បជញ្ញៈ។ អ្នកស្រីត្រូវបានចាប់ឃុំ ដោយសារតែអ្នកស្រីបានចូលរួមយ៉ាងសកម្ម និងការពារដោយសន្តិវិធី នូវសិទ្ធិនៃសហគមន៍របស់គាត់ ដែលត្រូវបានបណ្ដេញចេញដោយបង្ខំ ពីផ្ទះសម្បែងនិងដីធ្លីរបស់ពួកគេ។»
សេចក្ដីថ្លែងការណ៍របស់អង្គការអន្តរជាតិមួយនេះ បានកើតឡើងចំពេលដែលប្រទេសកម្ពុជា កំពុងស្ថិតក្នុងភាពជាប់គាំងនយោបាយ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដ៏ចម្រូងចម្រាស កាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣។ លទ្ធផលចេញពីការបោះឆ្នោតនេះ ត្រូវបានដណ្ដើមយកជ័យជំនៈតែរៀងខ្លួន ដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។
លោកស្រីនាយិការង បានបន្តថា «ស្ត្រីដែលជាប់ទោសនេះ គួរត្រូវបានគេដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខ័ណ្ឌ។ ហើយភាពជាប់គាំងនយោបាយ មិនមានសេចក្ដីថា គេត្រូវភ្លេចអ្នកស្រីយ៉ោម បុប្ផានោះឡើយ។» លោកស្រី អារ៉ាដុន បាននិយាយថា ករណីរបស់អ្នកស្រី យ៉ោម បុប្ផា និងអ្នកដទៃទៀត នៃសហគមន៍របស់អ្នកស្រី ជាភស្ដុតាងបង្ហាញពីបញ្ហាមួយចំនួន ដែលនាំទៅដល់ការ«មិនសប្បាយចិត្ត»កាន់តែច្រើនឡើង នៅកម្ពុជា ទាក់ទងនឹងការអភិវឌ្ឍន៍ខុសច្បាប់ ជម្លោះដីធ្លី ការបណ្ដេញដោយបង្ខំ និងប្រព័ន្ធយុត្តិធម៌ដែលគ្មានយុត្តិធម៌សម្រាប់អ្នកក្រ តែផ្នុយទៅវិញ ប្រព័ន្ធយុត្តិធម៌នេះត្រូវបានប្រើប្រាស់ ដើម្បីធ្វើគម្នាបទៅលើសិទ្ធិសេរីភាព នៃការបញ្ចេញមតិ។
សូមបញ្ជាក់ថា អ្នកស្រី យ៉ោម បុប្ផា បានដើរតួយ៉ាងសំខាន់មួយ នៅក្នុងយុទ្ធនាការ«សុំឲ្យដោះលែង» សកម្មជន១៣នាក់ ដែលសុទ្ធសឹងជាអ្នកធ្វើការទាមទារសិទ្ធិដូចគ្នា ក្នុងបុព្វហេតុដីធ្លីផ្ទះសម្បែងរបស់ពួកគេ។ សកម្មជនទាំង១៣នាក់នេះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ទោស រហូតដល់ពីរឆ្នាំកន្លះ នៅខែឧសភាឆ្នាំ២០១២ ដោយសារតែពួកគេទាំងនោះ បានចូលរួមធ្វើបាតុកម្មដោយសន្តិវិធី ដែលអាជ្ញាធរបាននិយាយថា ជាបាតុកម្ម«គ្មាន»ការអនុញ្ញាត។
រហូតមកដល់ថ្ងៃទី០៤ខែកញ្ញានេះ អ្នកស្រី យ៉ោម បុប្ផា បានជាប់ឃុំក្នុងរយៈពេលមួយឆ្នាំគត់ ហើយអ្នកស្រីបានប្ដឹងជម្ទាស់ឡើងទៅដល់ តុលាការកំពូល បន្ទាប់ពីសាលាឧទ្ទរណ៍ បានសម្រេចរក្សាទុកសាលក្រមសាលាដំបូង កាលពីខែមិថុនាឆ្នាំ២០១៣នេះ។ លោកស្រី អ៊ីស៊ាប៊ែល អារ៉ាដុន បានអះអាងថា «ដោយសារតែ កង្វះភស្ដុតាងជាច្រើននោះ ដូច្នេះវាពិបាកនឹងមិនឲ្យគេគិតថា អ្នកស្រី យ៉ោម បុប្ផា ត្រូវបានអាជ្ញាធរយកធ្វើជាគោលដៅ» ដើម្បីបង្ក្រាបនូវចលនាទាមទារសិទ្ធិសេរីភាព របស់ពលរដ្ឋអ្នករងគ្រោះ៕
-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ