មីក្រូសូហ្វ ទិញយកផលិតផល និងសេវាកម្ម របស់ណូគៀ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុន មីក្រូសូហ្វ (Microsoft) នឹងទិញយករាល់ផលិតផល (devices) និងសេវាកម្ម របស់ក្រុម ណូគៀ (Nokia) ដែលរួមមានទាំងសេវាកម្មផែនទី (mapping services) ថែមទៀត ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណ ៧.២ពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីពង្រីកទីផ្សារខាងទូរស័ព្ទដៃវ៉ៃឆ្លាតរបស់ខ្លួន។
លោក ស្តេហ្វិន អេឡុប នៃក្រុមហ៊ុន ណូគៀ និង លោក ស្តីវ បលមឺ នៃក្រុមហ៊ុនមីក្រូសូហ្វ នៅពេលប្រកាសចេញទូរស័ព្ទវីនដូវហ្វូន កាលពីថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១១។ (រូបថត AP)
ក្រុមហ៊ុនកម្មវិធីយក្ស (software) នឹងចំណាយ ៥ពាន់លានដុល្លារ សម្រាប់គ្រប់ផលិតផលទូរស័ព្ទដៃរបស់ណូគៀទាំងអស់ និង ២.២ពាន់លានដុល្លារទៀត សម្រាប់ការទិញយកកម្មសិទ្ធិប៉ាតង់ (របស់ណូគៀ)។
នាយកប្រតិបត្តិក្រុមហ៊ុនណូគៀ លោក ស្តេហ្វិន អេឡុប (Stephen Elop) និងនាយកប្រតិបត្តិមីក្រូសូហ្វ លោក ស្តីវ បលមឺ (Steve Ballmer) បានចេញសេចក្តីថ្លែងការរួមគ្នាមួយថា៖ «កិច្ចព្រមព្រៀងគ្នាថ្ងៃនេះ នឹងជួយបង្កើនល្បឿនសន្ទុះនៃឧបករណ៏ និងសេវាកម្មរបស់ណូគៀ ដែលនាំមកនូវទូរស័ព្ទទំនើបៗប្រកបដោយភាពច្នៃប្រឌិតបំផុតក្នុងពិភពលោក សម្រាប់ផ្តល់ជូនដល់មនុស្សកាន់តែច្រើន ខណៈដែលបច្ចុប្បន្នណូគៀ កំពុងតែបន្តភ្ជាប់ទំនាក់ទំនងនឹងមនុស្សរាប់ពាន់លាននាក់ស្រាប់។»
លោក អេឡុប បានបន្តថា៖ «ការរួមសហការដ៏ជោគជ័យរបស់យើងនេះ វានឹងអាចនាំឲ្យក្រុមហ៊ុនទាំង២ មានវិស្វកម្មកម្មវិធីរបស់មីក្រូសូហ្វ (Microsoft's software engineering) កាន់តែល្អឥតខ្ចោះ ជាមួយនឹងវិស្វកម្មផលិតផលរបស់ណូគៀ កាន់តែល្អឥតខ្ចោះដូចគ្នា។ ជាងនោះទៀត វាអាចនឹងជួយឲ្យយើងទទួលបានពានរង្វាន់ក្នុងការរចនា និងការចរាចរណ៏លើទីផ្សារពិភពលោកធំទូលាយនូវគ្រប់ផលិតផលទាំងអស់។»
ប្រធានក្រុមហ៊ុនណូគៀ លោក រីស្តូ សីលឡាស្មា (Risto Siilasmaa) បាននិយាយថា៖ «សម្រាប់ក្រុមហ៊ុនណូគៀ នេះជាកត្តាសំខាន់មួយសម្រាប់ការកែប្រែ និងជួយពង្រឹងដល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហើយអាចជួយក្រុមហ៊ុនទៅរកទំព័រថ្មីមួយទៀត។ ការព្រមព្រៀងនេះ ជាឱកាសដ៏ល្អមួយសម្រាប់បុគ្គលិកជាច្រើនរបស់ណូគៀ ក្នុងពេលអនាគត ដែលពួកគេនៅតែជាផ្នែករបស់ក្រុមហ៊ុន សម្រាប់ផលិតទូរស័ព្ទដៃផងដែរ។»
ការទិញបញ្ចប់រួចរាល់ជាផ្លូវការ នឹងកើតឡើងនៅដើមឆ្នាំ២០១៤ ខណៈដែលបុគ្គលិករបស់ក្រុមហ៊ុនណូគៀប្រមាណ ៣២ពាន់នាក់ នឹងធ្វើការផ្លាស់ប្តូរទៅកាន់ក្រុមហ៊ុនមីក្រូសូហ្វ។ ណូគៀ ប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់ដូចជាចាញ់ប្រៀបគូប្រជែង សាំស្ស៊ង (Samsung) និងអ័បផល (Apple) ខ្លាំង ខណៈដែលមីក្រូសូហ្វក៏ហាក់ដូចជាមានភាពយឺតយ៉ាវ ក្នុងការប្រកួតប្រជែងទីផ្សារទូរស័ព្ទដៃដែរ។
ដូច្នេះយើងចាំមើលថា តើមីក្រូសូហ្វចាប់ដៃគូជាមួយណូគៀ អាចប្រកួតប្រជែងជាមួយនឹង សាំស្ស៊ង និងអ័បផល បានឬយ៉ាងណា? យើងនឹងដឹងទាំងអស់គ្នានាពេលខាងមុខ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ