ក្រុមហ៊ុនអេសឺរបស់តៃវ៉ាន់ ប្រកាសចេញក្ដាបញ្ជា ដំណើរការជាមួយវីនដូវ៨ (VDO)
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនដែលនាំមុខគេក្នុងការលក់កុំព្យូទ័ររបស់ប្រទេសតៃវ៉ាន់ អេសឺ (Acer) បានប្រកាសបង្ហាញជាផ្លូវការមួយ នូវ ថេបប្លិត (tablet) ទំហំអេក្រង់៨.១អ៊ីញ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការវីនដូ៨ (Windows 8 ) របស់ ក្រុមហ៊ុន មីក្រូសូហ្វ (Microsoft) ជាលើកដំបូងរបស់ខ្លូន កាលពីថ្ងៃច័ន្ទកន្លងទៅ។
ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងឱកាសប្រារព្ធខួបលើកទី៣៣ របស់ក្រុមហ៊ុនកុំព្យូធីច (Computex) នៅក្នុងទីក្រុងតៃប៉ិ (Taipei) ដែលជាក្រុមហ៊ុនពាណិជ្ជកម្ម ផ្នែកពត៌មានវិទ្យាមួយ ឈានមុនគេនៅក្នុងតំបន់អាស៊ី។
ថេប្លិតថ្មីរបស់ក្រុមហ៊ុនអេសឺនេះ មានឈ្មោះថា អាយខុនៀ ដិប័លយូ៣ (Iconia W3) ដែលមានទម្ងន់ ៥៤០ក្រាម និងមានកម្រាស់ប្រមាណ ១១.៣៥មីលីម៉ែត្រ។ វាមានបន្ទះក្តាចុចប្រភេទប្លូធូស (Bluetooth) ដែលមានភាពរហ័សជាងមុន និងងាយស្រួលក្នុងការវាយអក្សរ។
បន្ទាប់ពីមានការនាំមុខក្នុងទីផ្សារទៅលើកុំព្យូទ័រយួដៃ និងកុំព្យូទ័រលើតុរួចមក ក្រុមហ៊ុនមីក្រូសូហ្វ មានវិបត្តិយ៉ាងខ្លាំង ដែលមិនអាចប្រកួតប្រជែងជាមួយនឹង អេនដ្រយ (Android) របស់ក្រុមហ៊ុនហ្គូហ្គ័ល (Google) និងអាយអូអេស (iOS) របស់ក្រុមហ៊ុនអ័បផល (Apple) បាននោះទេ នៅក្នុងទីផ្សារថេប្លិត។
ឆ្លើយតបទៅនឹងចំណុចនេះ ឃើញថាថ្មីៗនេះក្រុមហ៊ុនមីក្រូសូហ្វ អាចទទួលកំរ៉ៃពីការលក់អាជ្ញាប័ណ្ណ ដែលដំណើរការនៅលើពពួកថេប្លិតនេះ បានត្រឹមតែ៣០%តែប៉ុណ្ណោះ។
លោកម៉ាក អេចស៊ូ (Mars Hsu) នាយកមូលបត្ររបស់ក្រុមហ៊ុនហ្គ្រែន កាថាយ (Grand Cathay) បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ ថា «ការបង្ហាញខ្លួនថេប្លិតថ្មីរបស់ក្រុមហ៊ុនអេសឺ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការវីនដូ៨នេះ វាបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុនមីក្រូសូហ្វកំពុងតែ ចង់ចាប់យកទីផ្សារដ៏ធំមួយផ្នែកទៀតរបស់ថេប្លិត។»
ថេប្លិតម៉ូដែលថ្មីនេះ នឹងចេញលក់ជាផ្លូវការនៅពាក់កណ្តាលខែមិថុនានេះ ដែលមានតម្លៃប្រមាណ ៣៥០ដុល្លាអាមេរិក (តម្លៃដែលក្រុមហ៊ុនអេសឺ បង្ហាញប្រាប់)៕
រូបថត និងវីដេអូ របស់ផលិតផលថ្មីនេះ ៖
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ