បទ​រាយការណ៍៖ ទិដ្ឋភាព​ចម្លែកៗ ពី​សវនាការ​សាធារណៈ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវនាការជំនុំជំរះ លើករណីបណ្តឹងនៃការបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៤ ខែកញ្ញានេះ។ នេះជាសវនាការលើកទីពីរ បន្ទាប់ពីខេត្តក្រចេះដែលត្រូវបានស្ថាប័នច្បាប់កំពូលមួយនេះ កាត់ឲ្យគណបក្សសង្គ្រោះជាតិចាញ់ក្តី បិទទ្វាតវ៉ា តាមរយៈការតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការទាំងមូល។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: September 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវនាការជំនុំជំរះ លើករណីបណ្តឹងនៃការបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិ​ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៤ ខែកញ្ញានេះ។ នេះជាសវនាការលើកទីពីរ បន្ទាប់ពីខេត្តក្រចេះដែលត្រូវបានស្ថាប័នច្បាប់​កំពូលមួយនេះ កាត់ឲ្យគណបក្សសង្គ្រោះជាតិចាញ់ក្តី បិទទ្វាតវ៉ា តាមរយៈការតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជា​បានការទាំងមូល។


សំណាងហើយដែលវាលស្មៅ នៅក្រុមប្រឹក្សាធម្មនុញ្ញល្អស្អាត អាចអង្គុយបាន ! (រូបថត MONOROOM.info/ O. Vary)

សូមរម្លឹកថាកាលពីថ្ងៃទី១ ខែកញ្ញា មុនពេលបើកសវនាការនៅវិមាន«ស» ក្នុងវិមានរដ្ឋចំការមន (ព្រឹទ្ធសភាជាតិ) គេ​សង្កេតឃើញ មានការដាក់កងកម្លាំងប្រដាប់អាវុធនៅច្រកទ្វាចូលខាងមុខ និងខាងក្រោយមានចំនួនមិនតិចជាង៣០នាក់ និងផ្នែកខាងក្នុងមានចំនួនជាង១០នាក់ (ប្រចាំការមុខក្រុមប្រឹក្សាធម្មនុញ្ញ)។ ឯអ្នកដែលចង់ចូលទៅយកព័ត៌មាន ឬចូល​រួមស្តាប់ត្រូវឆ្លងកាត់ការឆែកឆេរ និងត្រូវទុកអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍យាម ព្រមទាំងឆ្លងកាត់នូវម៉ាស៊ីនស្កែន ដែលយក​មកពីក្រុមនគរបាល នៃកងអង្គរក្សក្រសួងមហាផ្ទៃ។

ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នកំពូល ផ្នែកច្បាប់នៃប្រទេសកម្ពុជា ដែលមានតួនាទីត្រួតពិនិត្យសុពលភាពច្បាប់ បកស្រាយ​ច្បាប់ ជាពិសេសដោះស្រាយនូវវិបត្តិនៃការបោះឆ្នោតជាតិ តាមរយៈការបើកសវនាការជាសាធារណៈ ដោយកំណត់ចំនួន និងបិទទ្វារ។

ការប្រកាសថា «សវនាការជាសាធារណៈ» របស់ក្រុមប្រឹក្សាធម្មនុញ្ញ ទាំងលើកទីមួយកាលពីថ្ងៃទី១ ខែកញ្ញា និងលើក​ទីពីរ​ក្នុងថ្ងៃទី៤ ខែកញ្ញានេះ អ្វីដែលគួរឲ្យកត់សម្គាល់នោះត្រង់ថា បន្ទប់នៃសវនាការមានភាពតូច«ចង្អៀត» និងពេល​សវនាការ​ជាសាធារណៈនោះត្រូវ«បិទទ្វា» ដោយមិនបានអនុញ្ញាតិឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចូលរួមក្នុងសវការការ​នោះ​ឡើយ។ សម្រាប់អ្នកដែលចូលស្តាប់ក្នុងបន្ទប់នោះ (បន្ទប់សវនាការ) មិនអាចយកអ្វីទៅជាមួយបាននោះទេ ក្រៅពីប៊ិច និង​ក្រដាសមួយសម្រាប់ការកត់ត្រាតែប៉ុណ្ណោះ។

និស្សិតច្រើន អ្នកសង្កេតការណ៍តិច និងអ្នកកាសែតស្ទើតែគ្មាន

តែអ្វីដែលចំឡែកនោះ សម្រាប់វត្តមាននៃអ្នកចូលរួមក្នុងបន្ទប់សវនាការនេះ ដូចគ្នាទៅនិងសវនាការលើកទីមួយដែរ ដែល​បានរៀបចំទុកជាមុននូវក្រុមនិស្សិត ពីសកលវិទ្យាល័យនានា ឲ្យមកបំពេញបន្ទប់ដ៏តូចចង្អៀតនោះ តាំងពីម៉ោងប្រាំមួយ​ព្រឹក និងមានការអនុញ្ញាតិសម្រាប់អ្នកសង្កេតការណ៍ដ៏តិចតួច ហើយក៏ជាហេតុផលដែលមិនអាចផ្តល់ការអនុគ្រោះ សម្រាប់​អ្នកសារព័ត៌មានបានចូលនោះដែរ។ ទោះជាយ៉ាងនេះក្តី ក៏អ្នកសារព័ត៌មានទាំងនោះ អាចចូលទៅផ្តិតរូបភាព​បាន​ប្រហែលជា«ពីរនាទី» ដែរ ហើយបន្ទាប់មក ត្រូវគេបណ្ដេញចេញយ៉ាងប្រញ៉ាប់ប្រញាល។

អ្នកសារព័ត៌មានទាំងអស់មានចំងល់ថា ហេតុអ្វីបានជាក្រុមប្រឹក្សាធម្មនុញ្ញ អនុញ្ញាតិឲ្យអ្នក អ្នកផ្សេងៗទៀត ដែលមិនសូវ​«ចាំបាច់» អាចទៅអង្គុយពេញបន្ទប់នោះ តែផ្ទុយទៅវិញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមានតួនាទីចាំបាច់​ក្នុង​ការថត ផ្សព្វផ្សាយនូវព័ត៌មាននៃសវនាការនេះ សម្រាប់ចែកជូនម្ចាស់ឆ្នោតទូទាំងប្រទេសនោះ បែរជាប្រធាន​ក្រុមប្រឹក្សា​ជំនុំជំរះ បញ្ជាឲ្យបណ្តេញចេញពីបន្ទប់នោះ ជាបន្ទាន់មុនពេលចាប់ផ្តើមនូវសវនាការរបស់ខ្លួន។

មិនឲ្យចូលតាមដានសវនាការផ្ទាល់ តែមានទូរទស្សន៍

តែទោះជាយ៉ាងនេះក្តី ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញដ៏ខ្សត់ខ្សោយមួយនេះ ក៏បានរៀបចំនូវរោងមួយដែល​មានទំហំ«មិន»​បាន​ប៉ុនរោង«ចុងភៅ» ធ្វើម្ហូបការឬបុណ្យផង សម្រាប់ការផ្សាយបន្តរផ្ទាល់ នូវនីតិវិធីនៃសវនាការសាធារណៈ ទុកឲ្យអ្នក​សារព័ត៌មានជាតិ និងអន្តរជាតិមើល ដែលមានទូរទស្សន៏មួយទំហំ៣១អ៊ិញ មានពណ៌ស្លែត (ស្ទើរពណ៌ ស្ទើរសខ្មៅ) ដែល​ភាគច្រើនអង្គុយផ្ទាល់ទៅនឹងដី និងលើស្មៅ។ ឯការផ្សាយនោះមានភាពរអាក់រអួល (ដាច់ម្តងម្កាល) ត្រង់ផ្នែកដែល​សំខាន់ៗ នៃការជជែកដេញដោយ ក៏ដូចជាការប្រកាសនូវសេចក្តីសម្រេចជាដើម។

មិនខុសអ្វីពីពេលមុន (ថ្ងៃសវនាការទីមួយ) ឡើយ សវនាការថ្ងៃនេះត្រូវបានចាប់ផ្តើមពីម៉ោងប្រាំបី រហូតដល់ម៉ោង​ជិត​១១ថ្ងៃត្រង់ ក្រោយពីបានសាកសួរដេញដោលភាគីពាក់ព័ន្ធ ក្នុងរឿងចប់សព្វគ្រប់ហើយ ប្រធាននៃអង្គសវនាការបាន​ប្រកាសថា «ដកខ្លួនថយ ទៅពិនិត្យ និងពិចារណាក្នុងរយៈពេលមួយ» មិនបានបញ្ជាក់ច្បាស់លាស់។ កាលពីសវនាការ​លើកទីមួយ មូលហេតុមួយនេះបានធ្វើឲ្យទាំងអ្នកចូលរួម ទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិនាំគា្នរង់ចាំទាំងអត់​បាយ​ក្រហាយទឹក ព្រោះតែរង់ចាំការប្រកាសសេចក្តីសម្រេចនៃសាលដីកា ដោយមិនហ៊ានចេញទៅណា ឬទៅទទួលទាន​អាហារនោះទេ ខ្លាចក្រែងហួសពេលវេលា ឬក៏ត្រឡប់មកវិញមិនទាន់។

គ្មានឧទ្ធម្ភាគចក្រហោះសម្ដែងឬទ្ធិទេ លើកនេះ

យ៉ាងណាក៏ដោយ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏មានចំនុចមួយគួរឲ្យកត់សម្គាល់ដែរ គឺការទទួលអាហារសម្រន់សម្រាប់ពេលព្រឹក នូវនំប៉័ង«មួយដើម» និងទឹកសុទ្ធមួយដប សម្រាប់មនុស្សម្នាក់ ទាំងអ្នកចូលរួម និងអ្នកសារព័ត៌មាន។

ទាំងអ្នកសារព័ត៌មានជាតិ អន្តរជាតិ និងសាធារណៈជនដែលបានចូលរួមសវនាការ បានសង្កេតឃើញថាមុនការ​ប្រកាស​លទ្ធផលសម្រាប់ថ្ងៃទី៤ ខែកញ្ញា ដែលជាសវនាការសាធារណៈលើកទីពីរ សម្រាប់ខេត្តបាត់ដំបងនេះ មិនមានការបង្ហោះ​ឆ្វែលនូវឧទ្ធម្ភាគចក្រ ពីលើស្ថាប័នច្បាប់មួយនេះ ដូចកាលពីសវនាការសម្រាប់ខេត្តក្រចេះនោះទេ។

ពេលនេះដែរក្រុមប្រឹក្សាធម្មនុញ្ញក៏បានដកឃ្លា ទៅពិភាគ្សា។ គេក៏មិនបានដឹងដែរថា ម៉ោងណាច្បាស់លាស់នោះទេ ក្នុង​ការប្រកាសនូវសាលដីកា នោះទេ។ តែអ្នកសារព័ត៌មានទាំងអស់សង្ឍឹមថា មិនដូចជាលើកទីមួយនោះទេ ដែលរហូត​ដល់​ម៉ោងជិត៣ទើបក្រុមប្រឹក្សាធម្មនុញ្ញនេះ បន្តរនីតិវិធីរបស់ខ្លួន ធ្វើការប្រកាសសាលដីកា ដែលបានត្រៀមទុកតាំងតែពី​ព្រឹក​នោះ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៤ កញ្ញា ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...