លីវើភូល៖ «ចនសិន» ត្រូវសម្រាកបន្ទាប់ពីរបួស ពេលប៉ះម៉ែនញូ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 04, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្លិបលីវើភូល (Liverpool) ពុំទាន់កំណត់មាត្រដ្ឋានពេលវេលាច្បាស់លាស់នៅឡើយទេ សម្រាប់ការត្រឡប់មកវិញរបស់កីឡាករ ហ្គាឡិន ចនសិន (Glen Johnson) បន្ទាប់ពីខ្សែការពារស្លាបស្តាំរូបនេះ របួសគ្រេចកជើង កំឡុងការប្រកួតយកជ័យជំនះលើក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) កាលពីថ្ងៃអាទិត្យ។
កីឡាករ ហ្គាឡិន ចនសិន របស់ក្រុមបាល់ទាត់អង់គ្លេស លីវើភូល។ (រូបថត ក្លិបលីវើភូល)
កីឡាករអន្តរជាតិអង់គ្លេស វ័យ២៩ឆ្នាំ បានដូរចេញនៅនាទីទី៧៨ ខណៈដែលក្រុមលីវើភូល បំបាក់ម៉ែនញូ ១-០ ហើយគាត់ត្រូវពាក់បន្ទះការពារស្រោបជើង នៅពេលដែលចាកចេញពីកីឡាដ្ឋាន អេនហ្វៀល (Anfield)។
ចនសិន បានរងរបួស ក្រោយពេលប៉ះទង្គិចគ្នាមួយទំហឹង ជាមួយនឹងកីឡាករខ្សែការពារស្លាបឆ្វេងរបស់ម៉ែនញូ ផាទ្រីស អេវើរ៉ា (Patrice Evra) ក្នុងការប្រកួតវគ្គទី២ ហើយបន្ទាប់មកគាត់ត្រូវបានដូរជំនួសដោយកីឡាករបម្រុង អេនដ្រេ វីសដុម (Andre Wisdom)។
ក្លិបហង្សក្រហម បានប្រកាសថា ដោយសារតែមានបញ្ហារបួស ទើបបង្ខំឲ្យ ចនសិន ត្រូវអវត្តមានពីក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតជម្រុះបាល់ទាត់ពិភពលោក ជាមួយនឹងក្រុមម៉ុលដូវ៉ា និងអ៊ុយក្រែន។
សេចក្តីថ្លែងការណ៏របស់ក្លិប បានថ្លែងថា៖ «បន្ទាប់ពីធ្វើការពិនិត្យវិនិច្ឆ័យ ដោយក្រុមគ្រូពេទ្យរបស់ក្លិបនៅទីលានហ្វឹកហាត់ មេលវ៉ូដ (Melwood) រួចមក លទ្ធផលឃើញថា ចនសិនត្រូវតែសម្រាក ដើម្បីព្យាបាលរបួសនៅសប្តាហ៏នេះ។ ការពិនិត្យសារជាថ្មី នឹងត្រូវធ្វើឡើងនៅពេលក្រោយ។ ដូច្នេះក្លិបលីវើភូល ពុំទាន់ដឹងកាលបរិច្ឆេត ចំពោះការវិលត្រឡប់របស់គាត់នៅឡើយទេ។»
បច្ចុប្បន្នក្រុមហង្សក្រហម លីវើភូល កំពុងតែឈរនៅចំណាត់ថ្នាក់លេខ១ លើកំពូលតារាង បន្ទាប់ពីប្រកួត ៣លើក ឈ្នះគូប្រកួត ១-០ ទាំង៣លើក ហើយជាគ្រាប់បាល់របស់ខ្សែប្រយុទ្ធ ដានីញ៉ែល ស្តឺរិជ (Daniel Sturridge) ទាំង៣គ្រាប់។ ៣ប្រកួត ដែលលីវើភូលយកឈ្នះ ១គ្រាប់ៗនោះ ឈ្នះលើក្រុម ស្តូកស៊ីធី (Stoke City), អាស្តុន វីឡា (Aston Villa) និងម៉ែនញូ។
ប៉ុន្តែសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសវិញ កំពុងតែមានក្តីបារម្មណ៏យ៉ាងខ្លាំង បន្ទាប់ពីកីឡាករឆ្នើមៗជាច្រើនសុទ្ធសឹងតែមានរបួស ក្នុងនោះមានដូចជា៖ កីឡាករម៉ែនញូ២នាក់ ភីល ចូន (Phil Jones) និងវ៉ែន រ៉ូនី (Wayne Rooney) ខណៈដែលកីឡាករ ជេក វ៊ែលស្ស៊ែ (Jack Wilshere), ដានីញ៉ែល ស្តឺរិជ និងជឺម៉ិន ដេហ្វូ (Jermain Defoe) សុទ្ធតែអវត្តមានពីការហ្វឹកហាត់ ជាមួយនឹងក្រុមជម្រើសជាតិ កាលពីថ្ងៃអង្គារ៏។
ក្រុមតោកំណាចអង់គ្លេសស្ថិតនៅចំណាត់ថ្នាក់លេខ២ នៅពូលអេច (H) ហើយពួកគេនឹងប៉ះក្រុមម៉ុលដូវ៉ា នៅថ្ងៃសុក្រ ទី០៦ ខែកញ្ញា។ បន្ទាប់មកនឹងត្រូវប៉ះក្រុមអ៊ុយក្រែន នៅថ្ងៃអង្គារ៏ ទី១០ ខែកញ្ញា ខាងមុខផងដែរ ដែលជាការប្រកួតសន្សំពិន្ទុជម្រុះបាល់ទាត់ពិភពលោក តាមពូលនីមួយៗ ដើម្បីយកកៅអីទៅកាន់ប្រទេសប្រេស៊ីល៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ