ក្រុមលីវើភូល​ខ្លាច ស្វារែស ចាក​ចេញ បន្ទាប់​ពី​FA​ពិន័យ​១០​ប្រកួត

ក្រុមហង្សក្រហម លីវើភូល (Liverpool) មានការព្រួយបារម្មណ៏ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន ល្វីស ស្វារែស (Luis Suarez) ត្រូវរងពិន័យមិនឲ្យចូលលេង ១០ប្រកួត ក្នុងករណីខាំដៃកីឡាករ ប្រេនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) ហើយភ័យខ្លាចថា កីឡាកររូបនេះ អាចនឹងចាកចេញពីទឹកដីអង់គ្លេស។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហង្សក្រហម លីវើភូល (Liverpool) មានការព្រួយបារម្មណ៏ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន ល្វីស ស្វារែស (Luis Suarez) ត្រូវរងពិន័យមិនឲ្យចូលលេង ១០ប្រកួត ក្នុងករណីខាំដៃកីឡាករ ប្រេនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) ហើយ​ភ័យខ្លាចថា កីឡាកររូបនេះ អាចនឹងចាកចេញពីទឹកដីអង់គ្លេស។


រូបភាពពេលធ្វើសកម្មភាព «ខាំ» ទាំងនៅកណ្ដាលពេលប្រកួត។

ក្លឹបនៅកីឡាដ្ឋាន អេនហ្វៀល (Anfield) មួយនេះ បានខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីសហព័ន្ធបាល់ទាត់អង់គ្លេស (FA) បាន​ដាក់ពិន័យយ៉ាងច្រើនដល់ ស្វារែស ហើយពួកគេខ្លាចថា ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះ នឹងមានអារម្មណ៏ថា គាត់គ្មាន​ជម្រើស និងអាចចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខ។

ខ្សែប្រយុទ្ធមុតស្រួចរូបនេះ កំពុងតែត្រូវបានក្លឹបកំពូលៗ ជាច្រើនចាប់អារម្មណ៏ ដូចជា បាយឺន ម៉ូនិជ (Bayern Munich), ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) និងក្រុមសេះបង្កង់ ជូវីនទូស (Juventus)។ ស្វារែស ជាកីឡាករមួយរូប ដែល​លោក ប៉ិប ហ្គារឌីអូឡា (Pep Guardiola ៖ គ្រូបង្វឹកថ្មីក្រុម បាយឺន ម៉ូនិជ នៅរដូវកាលក្រោយ) ពេញចិត្ត និងចង់នាំ​យក​កីឡាកររូបនេះ ទៅចូលរួមជាមួយនឹងក្រុម នៅរដូវកាលថ្មី ស្របពេលដែលប្អូនប្រុសលោក ភៀ ហ្គាឌីអូឡា (Pere Guardiola) ជាភ្នាក់ងាររបស់កីឡាកររូបនេះស្រាប់ ផង។

ក្រុមលីវើភូល បាននិយាយថា ពួកគេចង់ឲ្យ ស្វារែស នៅបន្តជាមួយនឹងក្លឹបម៉ឺសីសាយ (Merseyside) នេះ រហូតដល់ចប់​កិច្ចសន្យា ដែលនៅសល់រយះពេល ៤ឆ្នាំទៀត។ ប៉ុន្តែពួកគេ នឹងយល់ព្រម ឲ្យកីឡាករវ័យ ២៦ឆ្នាំរូបនេះចាកចេញ បើសិន​ជាគាត់មិនពេញចិត្ត យល់ថាក្លឹបឃាត់ឃាំង ឬបង្ខិតបង្ខំរូបគាត់។

ការដាក់ពិន័យនេះ នឹងធ្វើឲ្យ ស្វារែស មិនអាចចូលលេង ឲ្យក្រុមលីវើភូល រហូតដល់ខែកញ្ញា រដូវកាលក្រោយ ប៉ុន្តែគាត់​អាចចូលលេងឲ្យក្រុមជម្រើសជាតិ អ៊ុយរ៉ាហ្គាយ បានជាធម្មតា ហើយក្រុមជម្រើសជាតិរបស់គាត់ ក៏នឹងត្រូវប្រកួត ខន់ហ្វឺដឺរ៉េសិនខាប់ (Confederations Cup) នៅខែមិថុនា ខាងមុខ។

សេចក្តីថ្លែងការណ៏ របស់អេហ្វអេ (FA) បានចេញថា «ល្វីស ស្វារែស ត្រូវបានពិន័យមិនឲ្យចូលលេង សរុបចំនួន ១០ប្រកួត បន្ទាប់ពីគណៈកម្មាការបទបញ្ញតិ្ត រកឃើញថា គាត់បានប្រើប្រាស់អំពើហិង្សា នៅលើទីលានប្រកួត។»

ស្វារែស រកគ្រាប់បាល់បាន ២៣គ្រាប់ក្នុងក្របខ័ណ្ឌព្រីមែលីក នៅរដូវកាលនេះ ខណៈពេលដែល ខ្សែប្រយុទ្ធក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United)  រ៉ូប៊ីន វ៉ាន់ផឺស៊ី (Robin Van Persie) រកបាន ២៤គ្រាប់ច្រើនជាងគេ។ ហើយ​ខ្សែប្រយុទ្ធលីវើភូល រូបនេះ ក៏នឹងត្រូវបាត់បង់ឱកាស ដណ្តើមយក «ស្បែកជើងមាស» ទៀតដែរ បន្ទាប់ពីជាប់ពិន័យ រហូត​ដល់រដូវកាលថ្មីទៀតនោះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...