បាសឺឡូន បំបាក់ ជូវេនទូស ៣-១ ដណ្ដើមជើងឯកអ៊ឺរ៉ុបឆ្នាំ២០១៥
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ០៦ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 07, 2015
- ប្រធានបទ: បាល់ទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបាល់ទាត់ បាសឺឡូន របស់ប្រទេសអេស្ប៉ាញ បានទទួលជ័យជំនះ យកពានជាជើងឯងអ៊ឺរ៉ុប ឆ្នាំ២០១៥ (Champions League) បន្ទាប់ពីក្រុមដែលសម្បូរ ទៅដោយកីឡាករល្បីៗមួយនេះ បានទាត់ផ្ដួលក្រុមបាល់ទាត់ ជូវេនទូស របស់ប្រទេសអ៊ីតាលី នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ទី៦ ខែមិថុនា ឆ្នាំ២០១៥ ក្នុងពហុកីឡាដ្ឋានអូឡាំពិក នៃរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។
ក្រុម បាសឺឡូន បានបង្កភាពលំបាក ឲ្យក្រុម ជូវេនទូស តាំងពីនាទីទី៤ ដោយកីឡាករជាតិក្រូអាត អ៊ីវ៉ាន រ៉ាគីទីគ (Ivan Rakitic) បានរកបានគ្រាប់បាល់ដំបូងគេ ឲ្យក្រុម បាសឺឡូន របស់ខ្លួន។ គ្រាប់បាល់នេះ បានក្លាយជាគ្រាប់បាល់ដែលលឿនជាងគេ នៅក្នុងប្រវត្តិនៃការប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ របស់ក្រុមបាសឺឡូន។
រីឯក្រុម ជូវេនទូស ដែលបានបញ្ចប់ពាក់កណ្ដាលម៉ោងដំបូង ដោយគ្មានធ្វើអ្វីក្រុម បាសឺឡូន សូម្បីបន្តិចនោះ បានរកឃើញ ក្ដីសង្ឃឹមរបស់ខ្លួនមកវិញ ដោយសារកីឡាករ អាលវ៉ារូ ម៉ូរ៉ាតា (Alvaro Morata) របស់ខ្លួន បានរកគ្រាប់បាល់ បានពិន្ទុស្មើរ ១-១ មកវិញ នៅនាទីទី៥៥។
ប៉ុន្តែចលនាបាល់ និងបច្ចេកទេសលេងបាល់ របស់ក្រុមបាសឺឡូន រួមផ្សំនឹងកីឡាករល្បីៗរបស់ខ្លួននោះ មិនអាចធ្វើឲ្យគេជឿ សូម្បីតែមួយវិនាទីថា ក្រុមបាសឺឡូន នឹងត្រូវលុតជង្គង់ នៅចំពោះក្រុមបាល់ទាត់ ណាមួយផ្សេងឡើយ នៅក្នុងពេលបច្ចុប្បន្ន។ នៅនាទីទី ៦៨ កីឡាករ ល្វីស ស្វារ៉េស (Luis Suarez) បានរកមួយគ្រាប់បន្ថែម ឲ្យក្រុមបាសឺឡូន ធ្វើឲ្យពិន្ទុរបស់ក្រុម មកពីប្រទេសអេស្ប៉ាញ នាំមុខជាថ្មីទៀត លើក្រុម ជូវេនទូស ២-១។
ការឈ្នះដោយពិន្ទុខាងលើនេះ បានធ្វើឲ្យក្រុមបាល់ទាត់ មកពីប្រទេសអ៊ីតាលី ពិបាកនឹងរត់តាមពីក្រោយ រហូតដល់នាទីបន្ថែមម៉ោង ៩០+៧ ចុងបញ្ចប់ កីឡាករ ណីម៉ា (Neymar) បានសម្រេចក្ដីចុងក្រោយ ឲ្យក្រុមបាសឺឡូន ដោយរកគ្រាប់បាល់បានមួយគ្រាប់ទៀត សម្រាប់ពិន្ទុ ៣-១។
ជ័យជំនះនៅឆ្នាំ២០១៥នេះ បានធ្វើឲ្យក្រុម បាសឺឡូន ទទួលបានពានជើងឯងអ៊ឺរ៉ុប ជាលើកទី៥ បន្ទាប់ពីទទួលបាន៤ដង រួចហើយ ក្នុងឆ្នាំ១៩៩២ ២០០៦ ២០០៩ និងឆ្នាំ២០១១៕