បុក​រ៉ឺមក​កង់​បី​ឲ្យ​របួស​រួច មន្ត្រី​នគរបាល​ម្នាក់​នេះ​បើក​ឡាន​រត់!

ក្រុមពលរដ្ឋ បានចាប់ឃាត់ខ្លូនមន្រ្តីម្នាក់ ដែលត្រូវបានគេដឹងថា ជាអ្នកបើកឡានចេញពី KTV ទាំងស្រវឹង ហើយ​បាន​បង្ក​គ្រោះ​ថ្នាក់ បុករ៉ឺម៉កកងបីមួយគ្រឿង បណ្តាលឲ្យម្ចាស់កង់បីរងរបួសធ្ងន់។ មន្ត្រីរូបនោះ មិនបានឈប់រថយន្ដ ធ្វើ​ការ​ដោះ​ស្រាយ ជា​មួយ​ជន​រង​គ្រោះ​ទេ បែរជាព្យាយាមបើករត់គេចទៅវិញ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៥ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 07, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពលរដ្ឋម្នាក់ ក្នុងចំណោមអ្នកឃើញ ហេតុការណ៍នេះ បានបើកម៉ូតូតាមពីក្រោយ ឡានដែលបង្កគ្រោះថ្នាក់ ទោះ​ជាដឹងថា ឡានបើកលឿនយ៉ាងណាក៏ដោយ។ ប៉ុន្តែ មិនមែនតែពលរដ្ឋម្នាក់នេះទេ តែអ្នកឃើញហេតុការណ៍​គ្រោះថ្នាក់នេះខ្លះ បានទូរស័ព្ទទៅប៉ូលិសឲ្យជួយស្ទាក់ ខណៈអ្នកខ្លះទៀត បានទូរស័ព្ទទៅវិទ្យុ ABC ដោយខ្លាចក្រែង ជននេះទៅ​ធ្វើ​ឲ្យអ្នកផ្សេង រងគ្រោះទៀត។

ប៉ុន្តែផ្លូវនៅក្នុងរាជធានី មិនអនុញ្ញាតឲ្យម្ចាស់រថយន្ដ ប្រើល្បឿនដើម្បីបើករត់គេចខ្លួន បានដោយងាយៗ នោះ​ឡើយ។ ទីបំផុតទៅ អ្នកបើកឡានខាងលើ ត្រូវបានប្រជាពលរដ្ឋឃាត់ឡានបាន នៅលើផ្លូវលេខ៤០ ជិតផ្សារ​ដើមគ ក្នុងសង្កាត់ ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណជា១០ និង១០​នាទី យប់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៥។

សាក្សីដែលនៅក្នុងហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរឺម៉កកង់បី បើកពីកើតទៅលិច តាម​បណ្តោយ​ផ្លូវម៉ុន្នីរ៉េត ចណែកឯឡានបើកពីលិច ទៅកើត នៅលើផ្លូវនេះដែរ ក្នុងទិសដៅបញ្ចាស់គ្នា ស្រាប់តែ​មកដល់កន្លែងកើតហេតុ ទល់មុខរោចក្រភូយ ឡានដែលកំពុងបើក ដោយល្បឿនលឿន បានជ្រុលចង្កួត​ទៅ​បុកម៉ូតូកង់បី បណ្តាលឲ្យក្រឡាប់ ចេញពីផ្លូវភ្លាមៗ។ ឡានពណ៌ក្រហម ដែលពាក់ស្លាកលេខ ផ៩២-79ភព២ បើកដោយបុរស ឈ្មោះ ឡាង សា នៅផ្ទះលេខ ៤៧ ផ្លូវ ២៤៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលប្រចាំការ នៅសង្កាត់ភ្នំពេញថ្មី។ មន្ត្រីដែលជាអ្នកបង្ករូបនេះ បាន​ព្យាយាម​បើក​រថយន្ដ​ គេចពីកន្លែងកើតហេតុ។

សាក្សីបន្តទៀតថា រីឯជនរងគ្រោះវិញ ឈ្មោះ ទូច ជាម្ចាស់កង់បី ត្រូវរបួសធ្ងន់បែកក្បាល ត្រូវបានគេ​បញ្ជូន​ទៅ​មន្ទីពេទ្យឯកជន នៅជិតនោះ។ នេះបើតាមការអះអាង របស់សាក្សីដដែល និងបានបន្ថែមទៀតថា ក្រៅពីអ្នក​បើកកង់បីនោះ ក៏មានអ្នកជិះម៉ូតូ ពីក្រោយកង់បីនោះម្នាក់ទៀត ក៏បានរងរបួសជើងដែរ។

បើទោះជាមានមនុស្សរបួស និងមានសាក្សីជាច្រើននាក់នេះ ក៏ដោយ ក៏ម្ចាស់ឡានបង្ក មិនបានទទួលខ្លួន ថា​ខុសនោះទេ។ មន្ត្រីរូបនេះ បានចេញពីឡាន ហើយនិយាយបែបខែងរ៉ែង ជាមួយមហាជនជាច្រើននាក់ថា៖ «ម៉ិច? ឡានខ្ញុំខូចខាងមុខ ហើយនៅឲ្យខ្ញុំសងទៀតឬ?» សម្តីទាំងនេះ ធ្វើឲ្យពលរដ្ឋដែលខំតាមស្ទាក់ទាំងនោះ ក្ដៅស្លឹកត្រជៀកឡើងរាងៗខ្លួន ហើយការប្រកែក ជាមាត់ធំមាត់តូចមួយ បានកើតឡើងមួយសន្ទុះធំ មុននឹង​មាន​ការចុះអន្តរាគមន៍ ពីសមត្ថកិច្ចចរាចរណ៍នៅទីនោះ។

រីឯខាងកម្លាំងសមត្ថកិច្ចវិញ បានបញ្ជាក់ថា នៅក្នុងខ្លូនជនបង្កនោះ មានពិតជាមានជាតិស្រវឹងលើសកម្រិត ដូច​ការលើកឡើង របស់មហាជនមែន ដែលថាមន្ត្រីខាងលើទើបតែចេញពី KTV ហើយស្រវឹងបើកឡាន​លឿន ជ្រុល​ចង្កួតទៅបុកអ្នកបើកកង់បី និងម៉ូតូមួយទៀត បណ្តាលឲ្យអ្នកទាំងពីររងរបួស បន្ទាប់មកព្យាយាម​បើក​គេច ពីផ្លូវម៉ុន្នីរ៉េត ស្ទឹងមានជ័យ រហូតមកឃាត់បាន នៅសង្កាត់ទួលស្វាយព្រៃ។ បន្ទាប់បីធ្វើការពិនិត្យ​ និង​សួរ​នាំ​រួច សមត្ថកិច្ចបាន ដកហូតរថយន្តខាងលើ ទុកធ្វើការដោះស្រាយ នៅពេលជនរងគ្រោះ​ចេញ​ពី​មន្ទីរពេទ្យ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...