មូលហេតុទាំង៨ នៃការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ
ក្នុងគម្រោងជាច្រើនរបស់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញសព្វថ្ងៃ ដែលរួមមាន ទាំងការកាត់ស្រុក និងឃុំខ្លះ ពីខេត្តកណ្ដាល ដើម្បីយកមកដាក់បញ្ចូល និងពង្រីកផ្ទៃកក្រឡាទីក្រុង បានសរអោយឃើញថាចំនួនប្រជាជន អ្នករស់នៅ អ្នកធ្វើការ និងអ្នករកទទួលទាន មានចំនួនកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។
នៅក្រោយពេលប្រទេសកម្ពុជា បានប្រែក្លាយជារាជាណាចក្រប្រកាន់របបទីផ្សារសេរី រាជធានីភ្នំពេញ ក៏បានក្លាយជា កន្លែងប្រមូលផ្ដុំ នូវគ្រប់ស្ថាប័នជាតិ រដ្ឋ ឬឯកជន ហាងលក់ទំនិញ យាន្ដដ្ឋាន ឬឃ្លាំងផ្ទុកទំនិញ សព្វគ្រប់បែបយ៉ាង។ ទាំងនេះហើយ ដែលរាជធានីភ្នំពេញសព្វថ្ងៃ បានកំពុងនឹងប្រឈមយ៉ាងខ្លាំងក្លា នូវបញ្ហាការកកស្ទះចរាចរណ៍ ដែល កើតមានសឹងជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលម៉ោងដែលមនុស្សម្នា នាំគ្នាចេញទៅ ឬមកពីធ្វើការ។
ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានសិក្សាជាមួយនឹងមន្ដ្រីជំនាញមួយចំនួន ដែលមានឯកទេសក្នុងវិស័យសារធារណការ និងដឹកជញ្ជូន ដើម្បីប្រមើលមើលពីមូលហេតុ នៃការស្ទះចរាចរណ៍ក្នុងរាជធានីនេះ ហើយសូមលើកយកមកជំរាបជូន លោកអ្នកដូចតទៅ៖
១. ភាពកើនឡើងនៃចំនួនយានយន្ដ
ជាមួយនឹងតម្រូវការ និងភាពរីកចម្រើនរបស់ប្រទេស មានសហគ្រាសជាច្រើន បាននាំចូលយ៉ាងសន្ធឹកសន្ធាប់ នូវ យានយន្ដគ្រប់ប្រភេទ ក្នុងនោះមានទាំងមធ្យោបាយដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរ យ៉ាងទំនើបៗ។ គេសង្កេត ឃើញយ៉ាងហោចណាស់ អ្នកដែលរស់នៅក្នុងទីក្រុង ក្នុងមួយគ្រួសារ មានរថយន្ដមួយ រីឯគ្រួសារខ្លះទៀត មានរថយន្ដ ដល់ទៅពីរឬបីគ្រឿង។ ដូច្នេះការកើនឡើងខ្លាំង នៃចំនួនយានជំនិះយ៉ាងច្រើនរបៀបនេះ ជាចំនួនមិនសមាមាត្រទៅនឹង ហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ ដែលមានចំនួនមិនគ្រប់គ្រាន់ សំរាប់អោយយានជំនិះទាំងអស់នោះ អាចចរាចរណ៍បាន ដោយស្រួល។
២. ការជ្រើសរើស មាឌរបស់យានយន្ដ ខុសតម្រូវការ
ជាការគួរអោយខ្មាសអៀនដ៏ខ្លាំងមួយ ដែលអ្នកទីក្រុងភាគច្រើន មានប្រាក់ទិញរថយន្ដ ហើយជ្រើសរើសយកមាឌ ឬរូបរាងខាងក្រៅរបស់រថយន្ដនោះ (ដើម្បីបង្អួត បង្ហាញពីភាពអស្ចារ្យរបស់ខ្លួន) ជៀសជាងគិតពីសារប្រយោជន៍ ដែលមធ្យោបាយដឹកជញ្ជូនទាំងនេះ នឹងផ្ដល់មកអោយខ្លួនទៅវិញ។ រថយន្ដ ធុន៤X៤ (Land Cruiser, Lexus, ...) ជាច្រើនលើសលប់ ត្រូវបានគេទិញ និងជ្រើសរើសយកមកបើកក្នុងទីក្រុង ដែលមានភូមិសាស្រ្ត មិនសមស្របនឹងគុណសម្បត្តិ របស់រថយន្ដប្រភេទនេះ សូម្បីតែបន្ដិច។ រថយន្ដប្រភេទនេះទៀតសោត ប្រើប្រាស់ប្រេងឥន្ទនះ ច្រើនជាងដល់ទៅ៣ដង លើសរថយន្ដតូចធម្មតា និងបាន បញ្ចេញកម្ដៅមកក្នុងបរិយាកាស យ៉ាងច្រើនលើសលប់ ធ្វើឲ្យទីក្រុងមានធាតុអាកាសក្ដៅស្អុះស្អាប់ ពេលខ្លះស្ទើរតែ ទ្រាំពុំបាន។ គេពុំទាន់និយាយដល់ គុណវិបត្តិផ្សេងៗទៀត ដែលរថយន្ដប្រភេទនេះអាចនឹងជួបប្រទះ ដូចជាពិបាកក្នុង ការរកកន្លែងចត រកគ្រឿងបន្លាស់ ... ជាដើមនោះទេ។
រថយន្ដធុន៤X៤ ដែល«អ្នកមានប្រាក់» បានទិញយកមកជិះនេះ បានប្រើប្រាស់ផ្ទៃក្រឡា នៅលើទ្រូងផ្លូវ ស្មើនឹង ១,៥ដង នៃរថយន្ដតូចធម្មតា ឬ២ដងនៃរថយន្ដដែលមានមាឌកាត់បន្ថយ។ ផ្ទៃក្រឡាដែលរថយន្ដបែបនេះ បានប្រើប្រាស់នៅលើ ទ្រូងថ្នល់ មិនសមស្របទៅនឹងផ្លូវថ្នល់ក្នុងទីក្រុង ដែលមានភាពតូចចង្អៀត តែផ្ទុយមកវិញវាគ្រាន់តែបានបង្ហាញ ពីភាព «អាត្មានិយម» របស់អ្នកដែលជិះនៅក្នុងរថយន្ដនេះ តែប៉ុណ្ណោះ។ គេសង្កេតឃើញ អ្នកដែលជិះរថយន្ដនេះភាគច្រើន មានតែម្នាក់ឯងប៉ុណ្ណោះ ដែលជាកក្ដាបង្ហាញអោយឃើញកាន់តែច្បាស់ ពីភាព«មានតែអញ» នៅលើទ្រូងផ្លូវ ហើយអ្នក ដទៃទៀត ដែលមានមធ្យោបាយតូចជាង ត្រូវតែខ្លាចនិងជៀសចេញ ទុកផ្លូវថ្នល់ដ៏តូចចង្អៀតនេះ ជូន«លោកម្ចាស់រថយន្ដ ៤X៤» អោយលោកបើកទៅមុខ ដោយសំរួល។
៣. អ្នកប្រើប្រាស់ផ្លូវថ្នល់
- អ្នកប្រើប្រាស់ទ្រូងផ្លូវភាគច្រើន ដែលមានអាយុក្រោម២៥ឆ្នាំ មានប័ណ្ណបើកបរ ដោយយកប្រាក់ទៅទិញ ហើយ បើកបរដោយឈាមរាវ បំពានភ្លើងសញ្ញា ផ្លាកសញ្ញាចរាចរ...។ រីឯអ្នកធ្វើចរាចរ ដែលមានវ័យចំណាស់ ចាប់ពី ២៥ឆ្នាំឡើងលើ ភាគច្រើនពុំបានយល់ដឹង ពីច្បាប់ចរាចរដែលទើបនឹងចេញថ្មី និងមួយចំនួនទៀតអាងអំណាច បុណ្យសក្កិ គ្មានសណ្តាប់ធ្នាប់ ...។បញ្ហាសំខាន់គឺ អ្នកប្រើប្រាស់ទ្រូងផ្លូវទាំងអស់នោះ មិនចេះច្បាប់ចរាចរណ៍ ជួនកាលបើកបរលើផ្លូវ«ពីរ»តែឯង មិនដឹងថាផ្លូវណាសំរាប់ល្បឿនលឿន ផ្លូវណាសំរាប់ល្បឿនយឺត មិនស្គាល់ ថាផ្លូវណាជារបស់ខ្លួន ផ្លូវណាជារបស់អ្នកដទៃ។
អ្នកខ្លះដឹងថា រថយន្ដខ្លួន មានកំពស់ខ្ពស់ជាង កំពស់អនុញ្ញាតិ អោយឆ្លងកាត់ស្ពានជ្រោយចង្វា តែនៅតែរឹងទទឹង ដោយអាងថាអាចជូន«ជំនូនឬទ្រនាប់ដៃ»បន្ដិចបន្តួច ហុចអោយទៅមន្ត្រីយាមនៅទីនោះ។ អ្នកខ្លះទៀត ចង់បត់ឆ្វេង ក៏បត់ ឬចង់ឆ្លងថ្នល់ ក៏ឆ្លង មិនគិតពីគំនូសកណ្ដាល ទ្រូងផ្លូវ ដែលហាមមិនអោយឆ្លងកាត់។ល។ អ្នកខ្លះឈប់សំចត នៅលើទ្រូងផ្លូវធ្វើវាហី មិនខ្ចីរវល់នឹងនរណាទាំងអស់ បើទោះជាទីនោះ មានការហាមឃាត់មិនអោយចតក៏ដោយ។
នេះយើងមិនបាននិយាយដល់ ពីជន «អ្នកសំដែងរិទ្ធ»មួយចំនួន ដែលបានឈប់រថយន្ដជជែកគ្នាលេង ដល់ទៅពីរជាន់ នៅកណ្ដាលថ្នល់នោះផងទេ។
- ការជន់ឡើងខ្លាំង នៃអ្នកប្រើប្រាស់ផ្លូវថ្នល់ ដោយការចេញធ្វើដំណើរ ក្នុងពេលតែមួយ ។ ឧទាហរណ៍៖ ការចេញ ដំណើរទៅធ្វើការ និងទៅ សាលារៀននៅចន្លោះម៉ោង ៧ ដល់ម៉ោង ៨ព្រឹក ពីម៉ោង១២ ដល់ម៉ោង១ ថ្ងៃត្រង់ និងពីម៉ោង៥ ដល់ម៉ោង ៦ល្ងាច ។
៤. ផ្លូវថ្នល់
គេមានសេចក្ដីរំភើប នៅពេលដែលលឺថ្នាក់ដឹកនាំប្រទេស ឬថ្នាក់ដឹកនាំរាជធានី ប្រកាសជារឿយៗថា បណ្ដាផ្លូវថ្នល់សឹង តែទាំងអស់ក្នុងទីក្រុង ត្រូវបានក្រាលកៅស៊ូ ប៊េទីន ឬចាក់បេតុងយ៉ាងស្អាតនោះ។ តែបើគេនៅចាំសង្កេតមើល សភាពផ្លូវថ្នល់ទាំងនោះ នៅក្រោយពេលភ្លៀងធ្លាក់ តែមួយមេប៉ុណ្ណោះនោះ គេនឹងយល់ថា ផ្លូវថ្នល់ភាគច្រើន បានត្រូវលង់លិច ដោយទឺកភ្លៀងជំនន់នេះ ហើយត្រូវបានកាត់ផ្ដាច់ មិនអាចធ្វើដំណើរបានឡើយ។ អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប ត្រូវដើរស្វែងរកផ្លូវថ្នល់ផ្សេងដែល មិនជន់ដោយទឹកភ្លៀង ហើយបង្កអោយមានការកកស្ទះកើតមានឡើង។
តើសារប្រយោជន៍ ដែលចេញពីការអួតអាង ថាផ្លូវថ្នល់ស្អាតនេះអាចកើតទៅរួចទេ បើអាជ្ញាធរមិនគិតពី ការធ្វើប្រព័ន្ធលូបង្ហូទឹក អោយទំនើបជាងនេះនោះ? «ធ្វើតែថ្នល់ តែមិនធ្វើលូ» វាប្រៀបបាននឹង មនុស្សផាត់ម្សៅសរក្បុសតែនៅលើផ្ទៃមុខ តែកនៅតែខ្មៅដដែល ហើយការកកស្ទះចរាចរណ៍ នៅតែកើតមានជាដរាប។
៥. រថយន្តផ្ទុកទំនិញធំៗ
យើងគោរពដល់កម្លាំងនគរបាលចរាចរណ៍នៅតាមដងផ្លូវ ដែលពួកគាត់បានខិតខំយ៉ាងខ្លាំង ក្នុងការជួយអោយ បញ្ហាស្ទះចរាចរណ៍ជាច្រើន ត្រូវបានដោះស្រាយរួច។ តែទន្ទឹមនឹង ភាពខិតខំទាំងនេះ គេក៏បានសង្កេតឃើញជាធម្មតាទៅហើយ ក្នុងការបណ្តោយឲ្យរថយន្តដឹកទំនិញខ្នាតធំៗ ចូលទីក្រុង ក្នុងម៉ោងដែលមានចរាចរណ៍ច្រើន (ពេលថ្ងៃ) ពីសំណាក់កងកម្លាំងនគរបាល ដោយប្ដូរនឹង«ជំនូន ឬទ្រនាប់ដៃ» បន្ដិចបន្តួច ហុចអោយទៅនគរបាលចរាចរណ៍ទាំងនោះ។
ជាមួយនឹងរថយន្ដផ្ទុកទំនិញធំៗទាំងនេះ ផ្លូវថ្នល់ក្នុងទីក្រុង នឹងរងគ្រោះឆាប់ខូចខាត។ មិនត្រឹមតែប៉ុណ្ណោះសោត ភាគរយនៃបញ្ហាស្ទះចរាចរណ៍នឹងកើនឡើង ដោយសារតែក្រឡាផ្ទៃដែលរថយន្ដទាំងនេះ បានប្រើប្រាស់នៅលើទ្រូងផ្លូវ មានសភាពធំហួស និងមិនបានអនុញ្ញាតិដោយច្បាប់ឡើយ។
៦. សំណង់់អាគាររីករាលដាល អាជីវកម្មលក់ដូរ
- ទីផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អាហារដ្ឋាន ...ជាច្រើនបានសាងសង់ឡើង ស្ថិតនៅក្នុងតំបន់តែមួយ វា បង្កើតអោយមាន អ្នកធ្វើចរាចរណ៍ច្រើន នៅលើដងផ្លូវដែលបង្កើតមកតាំងពីយូរ ហើយមិនបានត្រៀមបំរុងទុក សំរាប់ចំនួនចរាចរណ៍ដ៏ច្រើន ក្នុងថ្ងៃនេះទេ។
- អ្នកប្រកបអាជីវកម្មទាំងនោះ ភាគច្រើនបានយកផ្លូវថ្នល់ ជាទីចំណតរថយន្ដ សំរាប់ខ្លួនឯង ឬអតិថិជនរបស់ខ្លួន ដោយមិនបានខ្វល់ពីផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ ផ្លូវសារធារណៈផ្សេងទៀតនោះឡើយ។
- អ្នកភ្នំពេញសឹងតែទាំងអស់គ្នា បានគិតថា មិនត្រឹមតែកម្មសិទ្ធផ្ទះគាត់ ដែលមានត្រឹមតែពីមាត់ទ្វាទៅនោះទេ តែ ចិញ្ចើមថ្នល់ ក៏ជាកម្មសិទ្ធិរបស់គាត់ដូចគ្នា។ ដូច្នេះហើយ ការតាំងលក់ ជាលក្ខណៈផ្ដាច់មុខ នៅលើចិញ្ចើមថ្នល់ ឬលើទ្រូងថ្នល់តែម្ដង របស់ក្រុមអាជីវករលក់ដូរទាំងនោះ បានធ្វើឡើងដោយអាណាធិបតេយ្យ និងបានធ្វើឲ្យ ស្ថានភាពផ្លូវថ្នល់ មានសភាពកាន់តែរួមតូចចង្អៀត កាន់តែខ្លាំង។
៧. ការបិទផ្លូវ
- នៅពេលមាន ក្បួនគណៈប្រតិភូ អ្នកមានអំណាច បុណ្យស័ក្តិ ឆ្លងកាត់ម្ដងៗ ផ្លូវថ្នល់នោះ ត្រូវបានគណប្រតិភូទាំង នោះទិញដាច់យកអស់។ ការឆ្លងកាត់ ពេលខ្លះមានការបើកផ្លូវពីកម្លាំងនគរបាលដាក់ស៊ីរ៉ែន និងពេលខ្លះ មានអ្នក ហែហមរាប់សិបនាក់ផ្សេងទៀត ក៏មានដែរ។ ដូច្នេះ អ្នកប្រើប្រាស់ផ្លូវថ្នល់ផ្សេងទៀត មិនមានជំរើសអ្វី ក្រៅតែពី ភៀសខ្លួន ឬភៀសយានយន្ដរបស់ខ្លួនទៅម្ខាង ដើម្បីទុកអាទិភាពអោយ «គណប្រតិភូ»នោះ ធ្វើដំណើរដោយគ្មាន ការរំខាន បើទោះជាផ្លូវថ្នល់ពេញប្រៀបដោយការកកស្ទះក៏ដោយ។ គឺជាការ«យកស្រួលតែខ្លួនឯង» ក្រោមលេស ថា ខ្លួនឯងជាមន្ត្រីធំ មានការងារធំជាប់ខ្លួន ហើយទុកអោយអ្នកប្រើប្រាស់ទ្រូងផ្លូវ រាប់សិបពាន់នាក់ផ្សេងទៀត ជាប់ផ្លូវនៅទីនោះរាប់ម៉ោង ក៏គ្មាននរណាខ្វល់ ហើយនៅតែគ្មានដំណោះស្រាយ។
- ពេលមានពិធីបុណ្យទាន ឬពិធីរៀបមង្គលការផ្សេងៗ របស់ក្រុមអ្នកមានប្រាក់ មានអំណាច គេតែងតែសុំអោយ អាជ្ញាធរដែនដីនៅទីនោះ បិទផ្លូវនោះជាបណ្ដោះអាសន្ន ដើម្បីហាមមិនឲ្យមានចរាចរណ៍ឆ្លងកាត់ពិធីរបស់គេ។ ជា ទំលាប់ដ៏អាក្រក់មួយទៀត ដែលគេត្រូវការ«យកស្រួលតែខ្លួនឯង» ហើយទុកអោយផ្លូវថ្នល់សារធារណៈ និងអ្នក ប្រើប្រាស់ផ្លូវថ្នល់ទាំងឡាយផ្សេងទៀត ក្លាយជាចំណាប់ខ្មាំងរបស់បណ្ដាជន តែប៉ុន្មាននាក់នេះទៅវិញ។
៨. ភ្លើងសញ្ញាចរាចរ ផ្លាកបញ្ជាចរាចរណ៍តូចៗ និងភាពខ្វះចន្លោះរបស់នគរបាល
- ភ្លើងសញ្ញាចរាចរ នៅអតីតរង្វង់មូលនាងគង្ហីញ ដាក់អោយគោរព ដោយគ្មានការសិក្សាច្បាស់លាស់ពីមន្ត្រីជំនាញ ដោយមិនដឹងថាត្រូវអោយអ្នកប្រើប្រាស់ ជ្រើសរើសយកទិសដៅណាមួយ ហើយភ្លើងសញ្ញានោះមិនដឹងថា ដាក់ បញ្ជាសំរាប់អ្នកប្រើប្រាស់ នៅទិសខាងណាមួយ អោយពិតប្រាកដ។ ជាពិសេស នៅផ្លូវបែកជាបួនខ្លះ ក្នុងពេលភ្លើង សញ្ញាចរាចរណ៍រលត់ គេមិនឃើញមានអន្តរាគម ពីសំណាក់នគរបាលចរាចរណ៍ទេ ដោយបានបណ្ដោយ អោយ អ្នកធ្វើដំណើរដណ្តើមផ្លូវថ្នល់គ្នាទៅវិញទៅមក រកច្រកចេញសឹងតែមិនរួច។
- ផ្លាកសញ្ញាបញ្ជាចរាចរ ជាទូទៅមានទំហំតូច ដាក់ឆ្ងាយ ឬបាំងបាត់ដោយដើមឈើ ឬផ្លាកផ្សាយពាណិជ្ជកម្ម ធ្វើឲ្យ អ្នកធ្វើចរាចរណ៍មើលមិនឃើញ មើលមិនទាន់ ឬមិនបានចាប់អារម្មណ៍ ដែលជាហេតុ ពេលធ្វើដំណើរមកដល់ចំនុច ត្រូវបត់ ឬទុកអាទិភាព ... មានភាពអល់អែក ហើយធ្វើអោយភាពកកស្ទះកើតមានឡើង។ ផ្លាកសញ្ញាបញ្ជាចរាចរណ៍ ដែលមិនច្បាស់លាស់ទាំងនេះ ក៏អាចជាដើមចមនៃគ្រោះថ្នាក់ចរាចរណ៍ កន្លងមកដែរ។
- ពេលមានគ្រោះដ្នាក់ចរាចរម្ដងៗ ការអន្ដរាគមន៍ពីសំណាក់មន្ត្រីនគរបាលមានសមត្ថកិច្ មានភាពយឺតយ៉ាវ ទុកឲ្យយានយន្តបង្ករគ្រោះទាំងនោះ នៅកណ្តាលផ្លូវ រួមផ្សំនឹងការឈប់ចោមរោមមើលរបស់ បណ្ដាជនផ្សេងៗ ធ្វើឲ្យការ កកស្ទះមានកំរិតកាន់តែយូរទៅៗ ។
មូលហេតុផ្សេងទៀត ដូចជារាជធានីភ្នំពេញ មិនទាន់មានមធ្យោបាយដឹកជញ្ជូនសាធារណៈ ដែលអាចជួយរំដោះមនុស្សកុំឲ្យប្រើប្រាស់យានយន្ដផ្ទាល់ខ្លួនជាដើមនោះ មិនត្រូវបានលើកមកនិយាយទេ ដោយហេតុថាមិនមានការស្ទង់មតិណាមួយ ដែលបានផ្ដល់ទិន្នន័យថា អ្នកក្រុងភ្នំពេញនឹងផ្លាស់ប្ដូរទម្លាប់របស់ខ្លួននោះឡើយ។ ម្យ៉ាងទៀតដើម្បីដាក់ឲ្យដំណើរការ នូវមធ្យោបាយដឹកជញ្ជូនសាធារណៈបានសម្រេចនោះ គេត្រូវការពេលវេលាមួយយ៉ាងច្រើន ដែលអាចមានរហូតដល់រាប់ឆ្នាំ ដើម្បីធ្វើពីច្បាប់ទម្លាប់ ពីក្បួនខ្នាត របៀបរបបនៃការប្រើប្រាស់។ល។ រីឯការលើកមកនិយាយពីមូលហេតុខាងលើ សុទ្ធសឹងជាមូលហេតុចំពោះមុខ ដែលគេត្រូវរកដំណោះស្រាយក្នុងពេលបច្ចុប្បន្ន។
សង្ឃឹមថា ទាំងអាជ្ញាធរមានសមត្ថកិច្ច ទាំងបណ្ដាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប នឹងយល់ហើយគិតមើលសារជាថ្មី អំពីការប្រើប្រាស់ទ្រូងថ្នល់ និងរបៀបប្រើប្រាស់ទ្រូងថ្នល់អោយមានប្រសិទ្ធិភាព។ បន្ថែមពីលើច្បាប់ចរាចរ ដែលយើងគ្រប់គ្នា មានករណីកិច្ចត្រូវតែគោរពនោះ «ការយោគយល់អាធ្យាស្រ័យ» និង«ការគោរព» ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ដូចគ្នា ក៏ជាកត្តព្វកិច្ចខានមិនបាន ដើម្បីអោយការកកស្ទះចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ឈានទៅរកការកាត់បន្ថយបន្ដិចម្ដងៗ និងដោយឯកឯង ក្នុងពេលអានាគត៕
---------------------------------------------
ដោយ ភ្នំធំ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ០៨ តុលា ឆ្នាំ២០១២