បទយកការណ៍៖ រ៉ាន់ បូរ័ត្ន រាកៃលើ អ៊ិន រតនា អ្នកសម្លាប់ ឈុត វុទ្ធី?

កាលពីថ្ងៃទី៤ តុលា ឆ្នាំ២០១២ សាលាដំបូងខេត្តកោះកុង បានបើកសវនាការ​កាត់ក្ដី ជុំវិញការបាញ់សម្លាប់​លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើខ្មែរ ដ៏លេចធ្លោជាងគេ កាលពីពេលលោកនៅមានជីវិត។ សវនាការ​ជំនុំ​ជម្រះ​នេះ មិនមែន​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បីរកយុត្តិធម៌​ឲ្យសពលោក ឈុត វុទ្ធី នោះទេ តែជាការកាត់សេចក្ដី រកយុត្តិធម៌ទៅអោយ សពលោក អ៊ិន រតនា ដែលអាជ្ញាធររកឃើញថា ជាអ្នកបាញ់សម្លាប់លោក ឈុត វុទ្ធី នោះទៅវិញ។ សាលាដំបូងខេត្តកោះកុង ដែលមានលោកចៅក្រម ខាំ សុផារី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោកព្រះរាជអាជ្ញារង ស្រី ម៉ាក់នី បានសម្រេច តម្កល់រឿងឃាតកម្ម លើលោក ឈុត វុទ្ធី មិនចាត់ការ ដោយសំអាងថា ជន​ជាប់​ចោទ​លោក អ៊ិន រតនា បាន ស្លាប់ផុតទៅហើយ។ សំរាប់ក្រុមគ្រួសារលោក ឈុត វុទ្ធី ការ​បិត​​សំនុំ​រឿង មិន​រក​យុត្តិធម៌​ឲ្យស្វាមី ឪពុករបស់ពួកគាត់ គឺជារឿងមួយ​ទទួលយក​មិនបាន។
បទយកការណ៍៖ រ៉ាន់ បូរ័ត្ន រាកៃលើ អ៊ិន រតនា អ្នកសម្លាប់ ឈុត វុទ្ធី?
សកម្មជនការពារព្រៃឈើខ្មែរ លោកឈុត វុទ្ធី កាលពីពេលលោកនៅរស់។ (រូបថតសហការី)
Loading...
  • ដោយ: ភ្នំធំ ([email protected]) - ភ្នំពេញថ្ងៃទី ១១ តុលា ឆ្នាំ២០១២
  • កែប្រែចុងក្រោយ: October 11, 2012
  • ប្រធានបទ: បទយកការណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«តាមផ្លូវច្បាប់ក្នុងរឿងព្រហ្មទណ្ឌ កាលណាជនជាប់ចោទស្លាប់ បទល្មើសព្រហ្មទណ្ឌត្រូវបិទ មិនអាចចោទប្រកាន់ បានទៀតទេ តែព្រះរាជអាជ្ញាមានសិទ្ធិប្តឹងឧទ្ធរណ៍ ជំនួសជនរងគ្រោះ ដែលបានស្លាប់ តែបើព្រះរាជអាជ្ញាមិនព្រម សាច់ញាតិនៃជនរងគ្រោះ អាចធ្វើពាក្យ សុំទៅអគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ សុំប្តឹងឧទ្ធរណ៍ជំនួស។» នេះជាការឲ្យដឹង  របស់លោកមេធាវី ហុង គឹមសួន ប្រធានក្រុមមេធាវី នៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា នៅពេលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ សួរលោក ពីបញ្ហាផុតបណ្តឹងអាជ្ញា។

មូលហេតុមួយទៀត ដែលតុលាការ មិនចាត់ការ លើសំនុំ រឿងបាញ់សម្លាប់លោក ឈុត វុទ្ធី ដោយហេតុថា តុលាការបានបានបំបែកសំនុំរឿងនេះជាពីរ មួយគឺសំណុំរឿងលោក អ៊ិត រតនា បាញ់សម្លាប់លោក ឈុត វុទ្ធី និងមួយទៀតលោក រ៉ាន់ បូរត្ន័ បាញ់សម្លាប់លោក អ៊ិត រតនា។ តែលោកមេធាវី ហុង គឹមសួន បានធ្វើការកត់សំគាល់ថា បើក្នុងកាលៈទេសៈតែមួយ តាមអង្គហេតុដែលកើតមាន មិនគួរបំបែកសំណុំរឿងទេ។ លោកបន្តថា ក្នុងនោះជនរងគ្រោះក៏ពីរ ឯជនល្មើសក៏ពីរ ដូច្នេះគួរតែមានសំណុំរឿងតែមួយ។

ចំណែកលោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត មកពី​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក បានថ្លែងថា ការបំបែករឿងនេះ គឺមានចេតនាទំលាក់ កំហុសលើមន្ត្រីប៉េអឹម ដែលបានស្លាប់ទៅ ដើម្បីបិទសំណុំរឿង​នេះតែប៉ុណ្ណោះ។ លោកបានប្រៀបធៀបករណីនេះ ទៅ នឹងការកាត់ទោសខ្មែរក្រហម ដោយទំលាក់កំហុសទៅលើ ប៉ុលពត ដែលគាត់បានស្លាប់បាត់ទៅហើយ ក្នុងគោលបំណង បញ្ចប់រឿង។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់ថា «ករណីនេះ វាជារឿងគួរឲ្យសង្ស័យ ដែលគេពិបាកនឹងជឿណាស់ ដែលតុលាការ សម្រេចចោទប្រកាន់ ទៅលើ រ៉ាន់ បូរ័ត្ន ថាបានប្រព្រឹត្តអំពើមនុស្សឃាតដោយអចេតនា លើលោក អ៊ិន រតនា។ ព្រោះវា ហាក់ដូចជា បានបង្ហាញនូវលក្ខណៈនៃបែបបទ ឬគម្រោងការរៀបចំទុកជាមុន ក្នុងគោលបំណងបញ្ចប់រឿងក្ដីនេះ កុំឲ្យ មានរឿងជាប់ពាក់ព័ន្ធវែងឆ្ងាយតទៅទៀត។»

អ្នកស្រី សំ ចន្ធី ភរិយាលោក ឈុត វុទ្ធី ក៏បាននិយាយដែរថា ការបបែកសំនុំរឿង ហាក់ដូចជាមានចេតនា ដាក់បន្ទុកទៅ លើអ្នកដែលស្លាប់ ឯអ្នកដែលនៅរស់ គេគ្រាន់តែចោទ ត្រឹមពីបទមនុស្សឃាតដោយអចេតនា។ អ្នកស្រីបាននិយាយថា  អ្នកស្លាប់ (លោក អ៊ិន រតនា) ក៏ជាជនរងគ្រោះគួឲ្យអាណិតដែរ តែតុលាការគួរតែកោះ​ហៅ​ជនសង្ស័យ ជាជនល្មើសពីរនាក់ ផ្សេងទៀតមកសាកសួរ ដើម្បីផ្តល់នូវភាព​យុត្តិធម៌​ពិតប្រាកដមួយ ដល់ប្តីអ្នកស្រីផង។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ចង់ដឹងបន្ថែម ពី«ជនសង្ស័យពីរនាក់ផ្សេងទៀត» ដែលភរិយាលោក ឈុត វុទ្ធី បាន លើកឡើងនេះ ហើយបានជួបសម្ភាសជាមួយ លោក ឡាយ ម៉េងឡាង នគរបាលប្រចាំតំបន់ ដែលបានចុះពិនិត្យករណី​ឃាតកម្មនេះ នៅថ្ងៃកើតហេតុ។ តែលោកគ្រាន់តែបាននិយាយ ថាបានចុះទៅធ្វើការពិនិត្យ តែសាកសពលោក អ៊ិន រតនា ប៉ុណ្ណោះ ដែលនៅពេលនោះ ត្រូវបានគេលើក យកមកដាក់ក្នុងរោង ឯសពលោក ឈុត វុទ្ធី នៅក្នុងឡានកន្លែងកើតហេតុដដែល ដោយលោកបញ្ជាក់ថា «ពុំមានសិទ្ធិ» ក្នុងការស៊ើបអង្កេតទេ ។

នៅមួយថ្ងៃក្រោយឃាតកម្ម ក្រុមសកម្មជនសិទ្ធិមនុស្សជាច្រើន បានទៅដល់កន្លែងកើតហេតុ ដើម្បីបើកការស៊ើបអង្កេត លើសំនុំរឿងនេះ ហើយពួកគេបានសង្ស័យ​ថា លោក ឈុត​ វទ្ធី និងលោក អ៊ិន រតនា អាចត្រូវជនទីបី ជាអ្នកសំលាប់។ លោក នី ចរិយា បានចោទប្រកាន់​តុលាការថា ពុំបានធ្វើការឲ្យបានម៉ត់ចត់ ព្រោះនៅមានភស្តុតាង និងសាក្សីមួយចំនួនទៀត ដែលតុលាការមិនបានពិនិត្យ និងធ្វើការកោះហៅមកសាកសួរនៅឡើយ។ លោកបានថ្លែងថា «ជាក់ស្តែង​ការស្លាប់របស់ លោក ឈុត វុទ្ធី គឺស្លាប់ដោយគេបាញ់ ពីចំហៀង ប្រហែលមួយម៉ែត្រ មិនមែនបាញ់ចំពីមុខនោះទេ ដូច្នេះអ្នកដែលបាញ់ នោះ គឺជនសង្ស័យផ្សេងទៀត ដែលស្លៀកពាក់ជាយោធា បិទម៉ាស់មុខ ដោយមានកាន់អាវុធផង។ ជននេះ មិនត្រូវបាន តុលាការកោះហៅ មកធ្វើការសាកសួរនោះទេ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺពីលោក ខាំ សុផារី ចៅក្រមជំនុំជម្រះ និងលោកស្រី ម៉ាក់នី ព្រះរាជ អាជ្ញារង នៃតុលាការខេត្តកោះកុងបានទេ ដោយលោកថា «ចាំឆ្លងយោបល់មេ» សិន។

ជាការស្លាប់«អាសារបង់»មួយ នៅកណ្ដាលព្រៃ?

សូមរំលឹកឡើងវិញថា លោកឈុត វុទ្ធី អាយុ ៤៥ឆ្នាំ  ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បានធ្វើដំណើរតាមរថយន្តផ្ទាល់ របស់លោក ដើម្បីទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន «Timber Green» នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។

» សាកសពលោក ឈុត វុទ្ធី ដែលត្រូវគេលើកចេញពីរថយន្ដ។ (រូបថត ភ្នំពេញប៉ុស្ដ៍)៖

ភ្លាមៗនោះ របាយការណ៍ស៊ើបអង្កេតដំបូង របស់កងរាជអាវុធហត្ថ បាននិយាយថា លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ ដោយលោក អ៊ិន រតនា ហើយបន្ទាប់មក លោក អ៊ិន រតនា នេះ បាន«បាញ់សម្លាប់ខ្លួន»ឯង។ តែអ្វីដែលកងរាជអាវុធហត្ថ មិនបានបញ្ជាក់នោះ គឺលោកអ៊ិន រតនា (ជនសង្ស័យ អ្នកសម្លាប់លោក ឈុត វុទ្ធី) បានទទួលគ្រាប់កាំភ្លើង ដល់ទៅពីរគ្រាប់ ខុសកន្លែងគ្នា ដែលមិនអាច​ឲ្យគេសន្និដ្ឋានថា នេះជាការសម្លាប់ខ្លួននោះទេ។ អ្នកតាមដានស្ថានការណ៍​នៅពេលនោះ បានរិះគន់របាយការណ៍នោះ ថាជា ការរៀបចំឆាកល្ខោនមួយឡើង ក្នុងបំណងលប់បំបាត់សំនុំរឿង មនុស្សឃាតដ៏សាហាវ​ព្រៃផ្សៃ​មួយនេះ។

នៅថ្ងៃទី៣០ មេសា ឆ្នាំ ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខ បញ្ជាអោយបង្កើត គណកម្មាធិការចំរុះមួយ ដើម្បីធ្វើការស៊ើប អង្កេតជាថ្មី លើសំនុំរឿង។  របាយការណ៍ស៊ើបអង្កេត របស់គណកម្មាធិការចំរុះ បានចេញមកមិនខុស ពីរបាយការណ៍ ស៊ើបអង្កេតដំបូងប៉ុន្មានទេ តែបានរកឃើញបន្ថែមថា លោក អ៊ិន រតនា ត្រូវបានបាញ់សម្លាប់ «ដោយរាកៃ» ដោយមន្ត្រីអ្នកការពារ​សន្ដិសុខ​ម្នាក់ អោយក្រុមហ៊ុនឈើនៅទីនោះ គឺលោក រ៉ាន់ បូរត្ន័ ខណៈមន្ត្រីរូបនេះ បានចូលទៅឃាត់លោក អ៊ិន រតនា មិនអោយបាញ់តទៅទៀត។

ក្រោយពេលប្រកាស​របាយការណ៍​នោះបន្ដិច គឺនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ តុលា​ការ​ខេត្ត​កោះ​កុង បានសម្រេច​ចោទ​ប្រកាន់ ​ទៅ​លើ​លោក រ៉ាន់ ប៊ូ​រ័ត្ន នេះ ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ ដោយ​អចេតនា។ ការមិនសម្រច​មិនចាត់ការ លើសំនុំរឿងឃាតកម្ម លើលោក ឈុត វុទ្ធី បានធ្វើអោយក្រុមគ្រួសារ របស់សកម្មជនព្រៃឈើរូបនេះ មិនមានអារម្មណ៍ស្ងប់ នោះឡើយ។

លោក ឆឺយ ឧត្តមរស្មី ជាកូនប្រុសលោក ឈុត វុទ្ធី បាននិយាយថា៖ «ខ្ញុំមានការសោកស្តាយមែនទែន ដែលឪពុករបស់ខ្ញុំ ជាមនុស្សម្នាក់ដែលស្រលាញ់ធនធានធម្មជាតិ ការពាប្រយាជន៍ជាតិ ហើយត្រូវបានគេបាញ់សម្លាប់ដូច្នេះ តុលាការបែរ ជាមិនរកយុត្តិធម៌ ឲ្យថែមទាំងបិទសំណុំរឿងនោះចោលទៅវិញ។» លោកចង់ដឹងថា អ្នកណាជាអ្នកឃាតករ សំលាប់ ឪពុករបស់លោកពិតប្រាកដ ព្រោះលោកមិនជឿថា អ៊ិន រតនា ជាអ្នកសំលាប់ឪពុករបស់លោកនោះទេ។

ឯអ្នកស្រី សំ ចន្ធី ភរិយាលោកឈុត វុទ្ធី បានសំណូមពរ សូមឲ្យប្រព័ន្ធតុលាការ ផ្តល់នូវភាពយុត្តិធម៌ ដល់ប្តីអ្នកស្រី។ បើទោះជាស្ថិត នៅក្នុងភាពអស់សង្ឃឹម តែអ្នកស្រីនៅតែបង្ហាញ នូវភាពជឿជាក់ថា «ភាពយុត្តិធម៌ត្រូវតែមាន កុំឲ្យប្តីខ្ញុំស្លាប់ទៅ ដោយពុំដឹងមូលហេតុ​បែបនេះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...