មនុស្សលោកក្នុងឆ្នាំ៣០១២ មានរូបរាង យ៉ាងដូចម្ដេច ?
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: October 13, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះជាការសិក្សាមួយ ដែលនឹងរកមើលថា តើមនុស្សក្នុង១ ០០០ឆ្នាំទៅមុខទៀត នឹងមានរូបរាងយ៉ាងដូចម្ដេច។ តាំងតែពីមនុស្សជាតិបានប្រែក្លាយជា និងមានរូបរាងជាមនុស្សពិតប្រាកដនោះ រាងរៅដងខ្លួន និងផ្ទៃមុខរបស់មនុស្ស មានការប្រែប្រួលជានិច្ចតរៀងមក។ ប៉ុន្ដែការប្រែប្រួលនេះ មិនមានថ្ងៃណានឹងឈប់នៅឡើយ ព្រោះអ្នកឯកទេសខាង គ្រឿងក្នុងរបស់មនុស្ស បានខិតខំ និងកំពុងតែស្វែងយល់ រកមើលថា តើមនុស្សក្នុងជំនាន់ទៅអនាគត នឹងមានរូបរាងយ៉ាងណា។
ទស្សនាវដ្ដី ឌឺសាន់(The Sun) របស់អង់គ្លេស បានប្រមែប្រមូលគ្រប់ទិន្នន័យទាំងអស់នេះ ហើយបានសំរេចចេញផ្សាយ នូវការប៉ាន់ប្រមាណមួយ សំរាប់មនុស្សនៅក្នុងពេលអនាគត។ ហើយអ្វីដែលយើងស្ដាយនោះ គឺយើងនឹងលែងបានឃើញរូបរាងសង្ហាៗ ដូចយ៉ាងកំពូលតារាប្រុសរបស់ហូលីវូដ លោក ប្រេដ ភីដ (Brad Pitt) ឬ ចន្នី ដេប (Johnny Depp) ឬក៏តារាប្រុសល្បីម្នាក់ទៀត លោកហ្សស ក្លូន្នី (George Clooney) ហើយ យើងក៏នឹងលែងឃើញមានមនុស្សស្រីស្អាតៗ ដូចយ៉ាងតារាស្រ្តីៗ នាងម៉ូនីការ ប៊ែលូស៊ីនី (Monica Bellucini) ឬនាងសាគៀរ៉ា (Shakira) ឬក៏នាង នីកូល ឃីតម៉ាន់ (Nicole Kidman) ទៀតដែរ។ មនុស្សបន្ដវេនរបស់យើង នៅពេលអនាគត មានសម្រស់មិនស្អាត ដូចជំនាន់យើងក្នុងពេលនេះទេ។
ទស្សនាវដ្ដី បានលំអិតពីមនុស្ស ថានឹងមានរូបរាងខ្ពស់ជាងបច្ចុប្បន្ន ដោយសារតែភាពជឿនលឿនរបស់វិស័យវេជ្ជសាស្រ្ត និងចំណីអាហារដែលមនុស្សជ្រើសរើសញ៉ាំ កាន់តែល្អ។ អ្នកជំនាញម្នាក់ឈ្មោះ ហ្គារី ទ្រេន័រ (Garry Trainer) បានវិភាគឃើញថា «ជនជាតិអាមេរិកាំង បច្ចុប្បន្ន មានកំពស់ខ្ពស់ជា ជនជាតិអាមរិកាំង កាលពីឆ្នាំ១៩៦០ ប្រមាណជា ២,៥សម។ ហើយនៅឆ្នាំ៣០១២ យើងនឹងមានកំពស់ ជាទូទៅ ២,១មែត្រ។» ដូច្នេះក្នុង ១ ០០០ឆ្នាំទៅមុខ ម៉ៃឃើល ហ្សកដង់ (Michael Jordan) ដែលជាតារា បាស់ស្កេតប៊ល ដ៏ល្បី នៅថ្ងៃនេះ នឹងក្លាយជាកីឡាករដែលមានមាឌតូចម្នាក់ប៉ុណ្ណោះ។
ខ្ពស់ជាង តែមានទទឹងតូចជាង មនុស្សសម័យនេះ ព្រោះប្រព័ន្ធរំលាយអាហារក្នុងខ្លួនមនុស្ស នឹងវិវឌ្ឍន៍ទៅរកដំណាក់កាលមួយទៀត ដើម្បីបញ្ជៀសភាពធាត់ចុកខ្លាញ់។
ខួរក្បាលតូចជាងពេលបច្ចុប្បន្ន
បម្រើបម្រាស់ នៃបច្ចេកវិទ្យាបានរីកចំរើនដល់កំពូល ដូចយ៉ាងទូរស័ព្ទអាយហ្វូនដ៏ទំនើប ប្រអប់វាយអក្សរកាន់តែងាយ ។ល។ នឹងធ្វើអោយមានការប្រែប្រួល ក្នុងប្រព័ន្ធសរសៃប្រសាទរបស់មនុស្ស ដូចជាបង្កអោយមាន ភាពខឹងមួម៉ៅខ្លាំងជាងមុន ហើយដៃនឹងលូតវែងជាងមុន ព្រោះយើងនឹងមិនសូវប្រើប្រាស់វាច្រើន ដូចពេលបច្ចុប្បន្ននេះទេ។ និយាយរួម មនុស្សជំនាន់នោះ ខ្ជិលជាមនុស្សសម័យនេះ។
ហើយភាពជ្រីវជ្រួញ ក៏មានច្រើនជាងមនុស្ស បច្ចុប្បន្នដែរ ដោយហេតុការប្រើប្រាស់ជាអចិន្រ្តៃយ៍ នៃប្រព័ន្ធអេឡិចត្រូនិក ដែលកាន់តែទំនើបទៅៗ។ តែភាពជ្រីវជ្រួញនេះ នឹងមិនមានផ្នត់ធំៗ ខ្លាំងពេកនោះទេ។
ហើយខួរក្បាលមនុស្សសម័យនោះ ហេតុអ្វីក៏ប្រែក្លាយជាតូចជាងឥឡូវ? មិនពិបាកស្វែងរកអំណះអំណាងមកវិភាគទេ ព្រោះការងារជាច្រើនដែលមនុស្សធ្វើចាប់ពីពេលនេះតទៅ នឹងត្រូវចងចាំទុក តែនៅក្នុងម៉ាស៊ីន កុំព្យូទ័រ ដូច្នេះមនុស្សលែងត្រូវការខួរក្បាលធំ ដូចមុនដើម្បីផ្ទុកការចងចាំទាំងនេះទៀតហើយ។
ធ្មេញតិច ឬអស់ធ្មេញ
ដោយសារចំណីអារហាររបស់មនុស្ស វិវត្តន៍ទៅរក អាហារដែលកាន់តែភាពទន់ទៅៗ មនុស្សនឹងមានធ្មេញកាន់តែតិច ហើយមាត់ក៏កាន់តែរួមតូច។ ទន្ដបណ្ឌិតម្នាក់ លោក ហ្វីលីប ស្តេមម័រ (Philip Stemmer) បានអះអាងថា៖ «យើងគិតថា អាហារដែលយើងបរិភោគ គ្រាន់តែមានលក្ខណៈវត្ថុរាវៗ និងជាគ្រាប់តូចៗ ដូច្នេះក្នុងពេលអនាគត យើងលែងត្រូវការមាត់ធំទៀតហើយ។» លោកថែមទាំងបានព្យាករណ៍ថា មនុស្សឆ្នាំ ៣ ០០០ នឹងមានឆ្អឹងធ្គាមធំៗ ដោយសារតែមនុស្សលែងសូវកំរើកវាតទៅទៀត។
ប៉ុន្ដែ ភ្នែករបស់មនុស្សក្នុងអនាគត នឹងរីកធំជាងបច្ចុប្បន្ន ដោយការទំនាក់ទំនងគ្នារបស់ មនុស្សជំនាន់នោះ នឹងប្រើប្រាស់យ៉ាងច្រើនលើសលប់ តាមរយះភ្នែក៕
--------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ