វៀតណាម​ទាមទារ​ឲ្យ ហ៊ុន សែន ចាកចេញ​ពី​អំណាច?

លោក ហ៊ុន សែន កាន់អំណាច ដូចជាយូរពេកហើយ! មិនត្រឹមតែប៉ុណ្ណឹង លោក ហ៊ុន សែន ហាក់ចង់ងាកចេញ​ពីវៀតណាម បងប្អូនម៉ឺនឆ្នាំ ដើម្បីទៅចាប់ដៃល្អូកល្អើន ជាមួយចិន។ នេះ ជាអ្វី ដែលសារព័ត៌មាន «Asia Times» ចេញផ្សាយ​កាលពីម្សិលម៉ិញ អះអាងពីការផ្ទុះកំហឹងឡើង របស់របបក្រុងហាណូយ រហូតដល់ថ្នាក់ ទាមទារឲ្យលោក ហ៊ុន សែន ត្រូវតែចេញពីអំណាច នៅក្រោយការបោះឆ្នោត ខែកក្កដាខាងមុខ។ 
វៀតណាម​ទាមទារ​ឲ្យ ហ៊ុន សែន ចាកចេញ​ពី​អំណាច?
ជំនួបរវាងលោក ហ៊ុន សែន (រូបខាងឆ្វេង) និងលោក ង្វៀង ហ្វូជុង នៅក្នុងដំណើរទស្សនកិច្ចមួយ របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត Getty)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៨ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 28, 2018
  • ប្រធានបទ: កម្ពុជា-វៀតណាម-ចិន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេដឹកនាំវៀតណាម បានផ្ទុះកំហឹងដាក់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​តែមួយគត់ ដែលកាន់អំណាចតាំងពីជាង៣០ឆ្នាំមកនោះ ដោយបានប្រាប់លោកថា «ដល់ពេលវេលា ដែលលោក ហ៊ុន សែន ត្រូវចេញពីអំណាចហើយ» នេះ ជាការអះអាងឡើង របស់មន្ត្រីជាន់ខ្ពស់ ដែលនៅស្និតជាមួយមេដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា ហើយដែលបានទម្លាយអាថ៌កំបាំងនេះ ប្រាប់សារព័ត៌មាន «Asia Times» នៅក្នុងអត្ថបទមួយ ចេញផ្សាយកាលពីម្សិលម៉ិញ។

សារព័ត៌មានដ៏ធំមួយនេះ បានបញ្ជាក់ទៀតថា ភាពក្ដៅក្រហាយរបស់គណៈប្រតិភូ ក្រុង ហាណូយ បានកើតមានឡើង ក្នុងជំនួបបិទទ្វាដ៏សំងាត់មួយ កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ។ សារព័ត៌មាន បានស្រង់សំដីមន្ត្រីទាំងនោះ ដែលមិនបានបញ្ជាក់ ពីអត្តសញ្ញាណ មកបញ្ជាក់ថា៖ «បញ្ហាពីរសំខាន់ៗ ដែលធ្វើគណៈប្រតិភូវៀតណាម ឆេះដុំនោះ គឺ(១) ទំនាក់ទំនងដ៏ស្អិតរមួត ជាមួយប្រទេសចិន និង(២) ការចាប់បញ្ជូនបណ្ដាជនវៀតណាម ឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញ»។

ព័ត៌មានខាងលើ ក៏ត្រូវបានប្រភពផ្សេងទៀត ស្និតនឹងភាគីវៀតណាម ទម្លាយប្រាប់សារព័ត៌មាន «Asia Times» ឲ្យដឹងដូចគ្នា​ដែរ។ ប្រភពទាំងនោះ បានបន្ថែមទៀតថា ប្រទេសវៀតណាម មិនយល់ស្របជាមួយលោក ហ៊ុន សែន ឡើយ ជុំវិញចំណាត់ការ កាលពីពេលថ្មីៗ ប្រឆាំងនឹងគណបក្សប្រឆាំង នៅកម្ពុជា ដោយសាររបបក្រុង ហាណូយ ព្រួយបារម្ភថា ការបោះឆ្នោតជាតិ ក្នុងខែកក្កដាខាងមុខ នឹងត្រូវចាត់ទុក ជា​ការ​បោះឆ្នោត​«លេងសើច» ដោយ​សហគមន៍​អន្តរជាតិ និងដោយប្រជាជនកម្ពុជាខ្លួនឯង។ វៀតណាមគិតថា រដ្ឋាភិបាលកម្ពុជា នឹងត្រូវទុកឲ្យឯកោ នៅលើឆាកអន្តរជាតិ នៅក្រោយការបោះឆ្នោតមួយនេះ។

លោក ហ៊ុន សែន បានក្លាយជានាយករដ្ឋមន្ត្រី នៅក្នុងរបបមួយ ដែលលើកបន្តុបដោយវៀតណាម រាប់ចាប់តាំងពីពេល ដែលកងទ័ពវៀតណាម បានវាយលុក ឈ្លានពាន ចូលកាន់កាប់ប្រទេសកម្ពុជា ក្នុងចុងឆ្នាំ១៩៧៨ និងដើមឆ្នាំ១៩៧៩។ ប៉ុន្តែអំណាចជានាយករដ្ឋមន្ត្រី របស់បុរសខ្លាំងកម្ពុជា ទើបតែត្រូវបានទទួលស្គាល់ នៅលើឆាកអន្តរជាតិ បន្ទាប់ពីការបោះឆ្នោត ឆ្នាំ១៩៩៣ ដែលរៀបចំឡើង ដោយអង្គការសហប្រជាជាតិ​នោះប៉ុណ្ណោះ។ យ៉ាងណា ទំនាក់ទំនងរវាងលោក ហ៊ុន សែន ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ជាមួយនឹងរបបកុម្មុយនីស្ដិ័វៀតណាម រហូតមកដល់ម៉ោងនេះ មិនដែលត្រូវបានមើលឃើញថា មានភាពល្អក់កករ ឬចាកចេញ ពី«មាគ៌ាតែមួយ»​នោះឡើយ។

ប៉ុន្តែបន្តិចម្ដងៗ នៅក្នុងផលប្រយោជន៍សេដ្ឋកិច្ច និងឥទ្ធិពលតំបន់ រដ្ឋាភិបាលលោក ហ៊ុន សែន បានងាកជំហរ ទៅចាប់ដៃជាមួយប្រទេសចិន ដែលតែងមានជម្លោះ ផ្នែកប្រវត្តិសាស្ត្រ និងទឹកដីជាមួយប្រទេសវៀតណាម។ ស្ថិតនៅក្រោមស្លាប របស់ប្រទេសចិន របបដឹកនាំក្រុងភ្នំពេញ អាចទទួលបាន ផលប្រយោជន៍យ៉ាងច្រើន ក្នុងនោះមានការស្ដារហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគទុន ទេសចរណ៍ និងជាពិសេស យុទ្ធសាស្ត្រផ្នែកនយោបាយ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវប្រឈម​ទល់នឹង​មហាអំណាច​លោក​ខាងលិច។

ផ្ទុយទៅវិញ ទំនាក់ទំនងរវាងរបបកុម្មុយនីស្ដ៍ ទាំងពីរក្នុងតំបន់ ចេះតែមានភាពតានតឹងទៅៗ។ កាលពីថ្ងៃទី២២ ខែមីនាថ្មីៗនេះ ក្រោមការគម្រាម​ដាក់សំពាធ ពីរបបក្រុងប៉េកាំង ប្រទេសវៀតណាម​កុម្មុយនីស្ដិ៍​ត្រូវបង្ខំចិត្ត​ បិទបញ្ចប់​ប្រតិបត្តិការ​របស់​ខ្លួន ក្នុងការរុករកប្រេង នៅក្នុងដែនសមុទ្រ (ហៅសមុទ្រ​ចិនខាងត្បូង) ដ៏ចម្រូងចម្រាសមួយ ដែលប្រទេសចិន និងប្រទេស​វៀតណាម ដណ្ដើមគ្នាកាន់កាប់តែរៀងខ្លួន។ មិនត្រឹមតែប៉ុណ្ណឹង ការធ្វើសមយុទ្ធ «នាគ​មាស​ឆ្នាំ​២០១៨» រវាងកងទ័ពចិន និងកងទ័ពកម្ពុជា ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែមីនា នៅក្នុងខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា ក៏កាន់តែធ្វើឲ្យរបបក្រុង ហាណូយ ក្ដៅស្លឹកត្រជៀកខ្លាំងឡើងដែរ។ នេះ បើតាមប្រភពដដែល ដែលបង្ហើបប្រាប់​សារព័ត៌មាន​ខាងលើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...