ហ៊ុន សែន ថាបាន​ឈ្នះ​១២៥អសនៈ ដោយ​សារ​រដ្ឋាភិបាល​លោក​ធ្វើ​កំណែ​ទម្រង់

លោក ហ៊ុន សែន បានអះអាង នៅចំពោះក្រុមពាណិជ្ជករចិនថា នយោបាយកំណែទម្រង់ នៃរដ្ឋាភិបាលរបស់លោក ជាមូលហេតុដ៏សំខាន់ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ឈ្នះបានអសនៈ ១០០% នៅក្នុងការបោះឆ្នោតជាតិ កន្លងមកនេះ។
ហ៊ុន សែន ថាបាន​ឈ្នះ​១២៥អសនៈ ដោយ​សារ​រដ្ឋាភិបាល​លោក​ធ្វើ​កំណែ​ទម្រង់
លោក ហ៊ុន សែន លើកមើលផ្លែទំពាំងបាយជូ នៅក្នុងការចុះផ្ទាល់ ក្នុងទីផ្សារមួយ កាលពីខែសីហា ឆ្នាំ២០១៦។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 29, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាលទ្ធផល«ប្រវត្តិសាស្ត្រ» ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានអសនៈ ១២៥ កៅអី លើ១២៥ កៅអី នៅក្នុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ហើយជ័យជំនះនេះ កើតមានឡើង ដោយសារនយោបាយកែទម្រង់ «សព្វគ្រប់បែបយ៉ាង» នៃរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា របស់លោក ក្នុងរយៈពេលកន្លងមក។

ខាងលើនេះ ជាការអះអាងឡើង របស់នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅក្នុងជំនួបការងារ ជាមួយគណៈប្រតិភូសហព័ន្ធពាណិជ្ជករចិនទាជីវសកល ដែលដឹកនាំដោយលោក លី ស៊ុងជាន ឯវិមានសន្តិភាព រាជធានីភ្នំពេញ។

បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែងនាយករដ្ឋមន្ត្រី តាំងពីជាង៣០ឆ្នាំ បានថ្លែងប្រាប់ប្រតិភូចិន ពីភាពជោគជ័យ នៃការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ដែលគណបក្សប្រជាជនកម្ពុជា បានឈ្នះដោយសម្លេង ភាគច្រើនលើសលប់ និងទទួលបានអាសនៈ ១២៥​ លើ១២៥ នៅក្នុងរដ្ឋសភា។

លោក ហ៊ុន សែន ថាការទទួលបានភាពជោគជ័យនេះ ដោយសារតែមានកំណែរទម្រង់សព្វបែបយ៉ាង មានជាអាទិ៍ គឺកំណែទម្រង់លើវិស័យដីធ្លី ដែលរដ្ឋាភិបាលលោក បានបញ្ចប់​ ដែលភាគច្រើនជាជម្លោះរវាងបុគ្គល និងបុគ្គល មិនមែនរាជរដ្ឋាភិបាល ជាមួយប្រជាជនទេ, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុសាធារណៈ និងការយកចិត្តទុកដាក់ ទៅលើប្រជាជនជាដើម។

តួលេខផ្លូវការ ដែលចេញផ្សាយ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៥ ខែសីហា បាន​​បង្ហាញពីលទ្ធផល នៃការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ថា​គណបក្ស​ប្រជាជន​កម្ពុជា ​របស់​លោក ហ៊ុន សែន ​ទទួលបាន​សំឡេង​គាំទ្រ ​ចំនួន​ជាង ​៤,៨៨ លានសំឡេង ​ពីក្នុងចំណោម​សន្លឹកឆ្នោត​បានការ ចំនួន​៦,៣៦​លាន​សន្លឹក។

លទ្ធផលនេះ បានធ្វើឲ្យគណបក្ស​កាន់អំណាច ដ៏ចាស់វស្សានៅកម្ពុជា ឈ្នះ​អាសនៈ​សភា​ជាតិ ​ទាំង​១២៥ លើ១២៥ ហើយនឹងអនុញ្ញាត​ ឱ្យបុរសខ្លាំងកម្ពុជា ​បន្ត​កាន់​អំណាច សម្រាប់​​រយៈពេល ​៥ឆ្នាំទៀត​ ដោយ​គណបក្ស​តែមួយ ដូច​សម័យកាល​មុន​ពេល​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ ទីក្រុង​ប៉ារីស ​ឆ្នាំ​១៩៩១។

យ៉ាងណា ការបោះឆ្នោតជាតិ នីតិកាលទី៦នេះ ទទួលបានការទទួលស្គាល់ និងគាំទ្រយ៉ាងពេញទំហឹង ពីប្រទេសចិនកុម្មុយនីស្ដិ៍ ខណៈ​មតិជាតិមួយភាគ និងមតិសហគមន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេសប្រជាធិបតេយ្យធំៗ នៅលើពិភពលោក បានរិះគន់យ៉ាងខ្លាំងក្លាំ ដោយចាត់ទុក​ការបោះឆ្នោតជាតិ​ខាងលើ មិនសេរី មិនយុត្តិធម៌ ដែលឈានទៅមិនអាចទទួលយកបាន នូវលទ្ធផលនៃការបោះឆ្នោតឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...