កម្ពុជា៖ សភាពការណ៍ធូរស្រាល ខណៈជំនួបកំពូលទីពីរ និងបាតុកម្មនៅបន្ត
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: September 17, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីបញ្ចប់ជំនួបលើកទីមួយ ត្រូវបានបញ្ចប់ទោះបីជាលទ្ធផល មិនទាន់ទទួលយកបាន ពីភាគីចូលរួមក៏ដោយ ថ្ងៃទី១៧ ខែកញ្ញានេះ ភាគីទាំងពីរសង្ឃឹមថា ជំនួបលើកនេះអាចមានលទ្ធផលជាវិជ្ជមាន ដែលអាចដោះស្រាយបញ្ហាជាប់គាំង ផ្នែកនយោបាយក្នុងពេលកន្លងមក។ មួយវិញទៀត រនាំងដាក់ឃាំងផ្លូវមួយចំនួនធំ ក្នុងផ្នែកខាងកើតនៃទីក្រុងភ្នំពេញ ក៏ត្រូវបានដកចេញវិញដែរ ខណៈអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងឡានៗ ត្រូវបានដឹកចូលមកកាន់ទីលានប្រជាធិបតេយ្យ។
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
គេសង្កេតឃើញថា ស្ថានភាពតាមដងផ្លូវសំខាន់ៗ ប៉ែកខាងកើតនៃទីក្រុងភ្នំពេញ មុនម៉ោង៩ព្រឹក បារ៉ាស់ រនាំងបន្លាលួស មួយភាគធំត្រូវបានប្រមួលចេញ នៅសល់តែបន្តិចបន្តួចដែលដាក់គរនៅលើជញ្ចើមផ្លូវ ដែលខុសប្លែកពីថ្ងៃទី១៦ ខែកញ្ញា និងខុសពីថ្ងៃទី១៥ ខែកញ្ញា ដែលផ្លូវមួយភាគបីប៉ែកខាងកើត នៃទីក្រុងភ្នំពេញត្រូវបានបិទស្ទើរតែទាំងស្រុង។
ចំណែកឯក្រុមបាតុករ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ បានដឹកចូលតាមឡានរាប់សិបគ្រឿង តាមបណ្តោយផ្លូវ ដែលធ្លាប់បានបិទកន្លងមក ដូចជាផ្លូវសុធារស ផ្លូវនរោត្តមជាដើម ដោយធ្វើដំណើរឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ ដោយស្រែកហ៊ោកញ្រៀវតាមដងផ្លូវ «ជយោគណបក្សសង្គ្រោះជាតិ។ ដូរ ដូរ ដូរ ...។» ជាមួយគ្នានេះ ក៏មានការជួយសម្រួលបើកផ្លូវពីក្រុមកងកម្លាំងផងដែរ។ តែទោះជាយ៉ាងនេះក្តី ក្រងម្លាំងប្រដាប់អាវុធទាំងនោះ នៅតែធ្វើការចល័តជាច្រើនតាមដងផ្លួវសំខាន់ៗ ពិសេសតាមផ្លូវមុខផ្ទះលោក ហ៊ុន សែន។
នៅឯទីលានឯណោះវិញ ក្រុមបាតុករមានចំនួនច្រើនជាងរាប់សិបម៉ឺននាក់ ដែលអ្នកខ្លះកំពុងតែធ្វើដំណើរជាបណ្តើរៗ តាមរថយន្តពីតាមបណ្តាខេត្តឆ្ពោះមកកាន់ទីក្រុងភ្នំពេញ ដោយមិនមានការរារាំង ឬហាមឃាត់ពីអាជ្ញាធរនោះទេ។ មកទល់នឹងម៉ោង១០ ព្រឹកនេះនេះតាមលោក រស់ សួរ សកម្មជននៃគណបក្សសង្គ្រោះជាតិ បាននិយាយថា ប្រជាពលរដ្ឋកំពុងតែបន្តរចូលមកជាបណ្តើរៗ ដែលចំនួនអាចកើនឡើង ស្មើនឹងថ្ងៃទីមួយ(ថ្ងៃទី១៥ ខែកញ្ញា) មិនតិចជាង១០ម៉ឺននាក់នោះទេ។
នៅឯជំនួបប្រជុំពិភាគ្សាថ្នាក់កំពូល នៃគណបក្សទាំងពីរនៅមន្ទីររដ្ឋសភាវិញ ឃើញមានសមាសភាពនៃអ្នកចូលរួមនៅរក្សាដដែល មិនមានការផ្លាស់ប្តូរអ្វីនោះទេ។ មុនជំនួបប្រជុំនេះ ខាងគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា បាននិយាយប្រាប់អ្នកសារព័តមានថា របៀបវារៈថ្ងៃនេះមិនទាន់អាចបង្ហាញបាននោះទេ។ លោកបានបញ្ជាក់បន្ថែមថា ទោះបីជាមានការសម្របសម្រួលយ៉ាងណាក៏ដោយ បើមិនមានយន្តរការណាមួយ ដើម្បីបង្កើតឲ្យមានគណកម្មការពិសេស ក្នុងការស្វែងរកយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទេ គណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរ ធ្វើពហិការមិនចូលរួមប្រជុំសភានៅថ្ងៃទី២៣ ខែកញ្ញា នោះដដែល។
រីឯខាងគណបក្សប្រជាជនលោក ហ៊ុន សែន បានបញ្ជាក់ថាកិច្ចពិភាក្សាថ្ងៃនេះ អាចនឹងមានរយៈពេលយូរជាងថ្ងៃម្សិលម៉ិញ (ថ្ងៃទី១៦ ខែកញ្ញា) ប្រសិនបើកិច្ចពិភាក្សានេះ នៅតែមានភាពតានតឹង ដោយស្វែងរកភាពចុះសម្រុងគ្នាមិនឃើញនោះ មកដល់ត្រឹមនេះអ្នកការសែត ត្រូវបានគេបណ្តេញចេញឲ្យមកនៅក្រៅបន្ទប់ ហើយកិច្ចពិភាក្សាក៏បានចាប់ផ្តើម។
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាងមួយរយនាក់មានវត្តមាននៅទីនោះ។ ដោយសារតែវត្តមាននៃអ្នកសារព័ត៌មានច្រើន និងបន្ទប់នៃកិច្ចពិភាគ្សាតូចចង្អៀត ដូច្នេះអ្នកវិទ្យុ និងអ្នកការសែតមិនត្រូវបានអនុញ្ញាតិឲ្យចូលនោះទេ ពិសេសអ្នកដែលថតរូបតាមទូរស័ព្ទ និងកាន់កាមេរាតូចៗ។
អ្នកតាមប្រម៉ាញ់ព័ត៌មាន កំពុងតែនៅអង្គុយត្រៀបត្រា ដោយរងចាំទទួលយកព័ត៌មានមិនហ៊ាន ទាំងចេញទៅណានោះទេ ព្រោះតែគេមិនអាចសន្និដ្ឋាន ពីស្ថានការនានាជុំវិញនៃកិច្ចប្រជុំនេះថា នឹងមានរយៈពេលប៉ុណ្ណា ខុសគ្នា ឬត្រូវគ្នានោះទេ។ ឯខាងទួរទស្សន៍ បាននាំគ្នាចាប់កន្លែងដើម្បីត្រៀបថត ពីសន្និសិទកាសែតក្រោយពីបញ្ចប់ជំនួប។ តែទោះជាយ៉ាងនេះក៏ដោយ អ្នកសារព័ត៌មានទាំងអស់ នៅតែរង់ចាំទាំងអត់បាយក្រហាយទឹក ព្រោះតែចង់ទទួលបាននូវព័ត៌មានមួយដែលល្អ និងកម្រមានអស់រយៈពេលជាច្រើនឆ្នាំមកនេះ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ