បាតុកម្ម​​រាល់​ថ្ងៃ​បក្ស​​សង្គ្រោះ​ជាតិ មិន​សង្គ្រោះ​«ថង់​ប្រាក់»​របស់​បាតុករ?

គណបក្សសង្រ្គោះជាតិ នឹងនៅតែបន្តបាតុកម្មរបស់ខ្លួនមិនរាថយ ទោះបីជាមានការលើកឡើងពីការប៉ះពាល់ដល់ ការងារចិញ្ចឹមជីវិត និងសេដ្ឋកិច្ចគ្រួសាររបស់បាតុករ ក៏ដោយ។ មន្ត្រីអ្នកនាំពាក្យរបស់គណបក្សប្រឆាំងមួយនេះ បានលើកពីដំណោះស្រាយថវិកា ដែលត្រៀមសម្រាប់ធ្វើបាតុកម្មនេះ និងនៅតែសម្ដែងនូវក្ដីសង្ឃឺម ពីទឹកចិត្ត​របស់​ពលរដ្ឋដើម្បីទាមទារឲ្យមានការផ្លាស់ប្ដូរ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: December 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សសង្រ្គោះជាតិ នឹងនៅតែបន្តបាតុកម្មរបស់ខ្លួនមិនរាថយ ទោះបីជាមានការលើកឡើងពីការប៉ះពាល់ដល់ ការងារចិញ្ចឹមជីវិត និងសេដ្ឋកិច្ចគ្រួសាររបស់បាតុករ ក៏ដោយ។ មន្ត្រីអ្នកនាំពាក្យរបស់គណបក្សប្រឆាំងមួយនេះ បានលើកពីដំណោះស្រាយថវិកា ដែលត្រៀមសម្រាប់ធ្វើបាតុកម្មនេះ និងនៅតែសម្ដែងនូវក្ដីសង្ឃឺម ពីទឹកចិត្ត​របស់​ពលរដ្ឋដើម្បីទាមទារឲ្យមានការផ្លាស់ប្ដូរ។


បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលឈានមកដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/ Channita)

បាតុកម្ម និងជីវភាព - ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ បានកើតឡើងចំរដូវដែលប្រជាកសិករ កំពុង​ប្រមូលផលដំណាំកសិផល ដូចជាស្រូវ ដំឡូង ពោតជាដើម។ ទាំងនេះហើយ ដែលធ្វើឲ្យមានការលើក​ឡើង​ថា «បាតុកម្ម»របស់បក្សប្រឆាំងមួយនេះ អាចនឹងជះឥទ្ធិពលដល់ការប្រកបមុខរបរ របស់បាតុករមួយចំនួនទាំងនោះ ដែល​សុទ្ធសឹងជាពលរដ្ឋមកពីស្រុកស្រែចំការ។ ការលើកឡើងនោះ ក៏បានថ្លែងបារម្ភទៅដល់ការប៉ះពាល់ដល់​សេដ្ឋកិច្ច​គ្រួសារនៃក្រុមបាតុករទាំងនោះដែរ។

លោកសម រង្សី ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣ ថាគណបក្សលោក​នឹង​ធ្វើបាតុកម្មពេញ​មួយឆ្នាំ បើគណបក្សកាន់អំណាច មិនព្រម«បោះឆ្នោតសារជាថ្មី»។ មេដឹកនាំគណបក្ស​ប្រឆាំង​រូបនេះ បានបញ្ជាក់​ពី​គម្រោង​ថវិកា សំរាប់់ការរៀបចំបាតុកម្មដែលមានរយៈពេលវែង យ៉ាងដូច្នេះថា «បើបងប្អូន​ណា ចង់​មក​ចូលរួមបាតុកម្ម ហើយគិតថាខ្វះនេះ ខ្វះនោះ មិនមានអ្វីទទួលទាននោះ កុំបារម្ភណ៏អី គណបក្ស​សង្រ្គោះជាតិ ធានា​និងឧបត្ថម្ភ ជូនប្រជាពលរដ្ឋទាំងអស់ ទាំងបាយ ទឹក ផ្នែកអនាម័យ និង តង់សំរាប់អោយ​បង​ប្អូនណាដែលចង់​ស្នាក់​នៅទីនេះ។»

ការលើកឡើងជាសាធារណៈរបស់លោក សម រង្ស៊ី នេះ បានបង្កឲ្យមានមន្ទិល ហើយបានធ្វើឲ្យអ្នកតាមដាន​សង្កេត​ការណ៍នយោបាយ ចោទសួរថា តើគណបក្សសង្គ្រោះជាតិ បានថវិកាទាំងនេះពីណាមក? បញ្ហានេះអាច​ជាដង្ហើម​រស់រាន ​នៃការ​ធ្វើបាតុកម្ម ដែលលោក យ៉ែម បុញ្ញាឬទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានអះអាងថា គណបក្ស​លោក មានថវិកាគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ការធ្វើបាតុកម្មរយៈពេលវែងបាន។ នៅក្នុងកិច្ចសម្ភាសខ្លី ជាមួយ​ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មន្ត្រីអ្នកនាំពាក្យរូបនេះ បានបកស្រាយថា «ចំពោះ​ថវិកាដែល យើងយកមក​ឧបត្ថម្ភ​ដល់ក្រុមបាតុករ គឺយើងបានទទួលបានប្រាក់​ឧបត្ថម្ភ​សប្បុរសធម៌ ពីបងប្អូន​ប្រជាពលរដ្ឋខ្មែរដែលរស់នៅ សហរដ្ឋ​អាមេរិក សហគមន៏អឺរ៉ុប អូស្រ្តាលី និង​នៅ​កាណាដា ជាពិសេសនោះ គឺ​បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ​ក្នុង​ប្រទេសកម្ពុជានេះតែម្តង ដែលគាត់បាន​ជួយជាចំណីអាហារទឹកជាដើម។ មួយផ្នែកទៀត ជាថវិការបស់គណបក្ស​សង្រ្គោះជាតិផ្ទាល់។»

ទាក់ទងនឹងការប៉ះពាល់នៃការប្រមូលផលស្រូវ ដំឡូង ពោត ជាដើម នៅឯស្រែចំការ និងការងារប្រចាំថ្ងៃ របស់​ពលរដ្ឋភាគច្រើន ដោយសារតែមកចូលរួមបាតុកម្ម ជាមួយគណបក្សសង្រ្គោះជាតិនោះ លោក យ៉ែម បុញ្ញារិទ្ឋិ បាន​បន្តថា «ប្រជាពលរដ្ឋគាត់ឆ្លាស់គ្នាមកបាន។ ដូច្នោះ ប្រជាពលរដ្ឋគាត់ មកចូលរួមទាមទារ ដើម្បីអោយមានការ ផ្លាស់ប្តូរ។»

«ទោះមានជីវភាពល្អ ក៏វាមិនមានស្ថេរភាពដែរ...»

សាកសួរផ្ទាល់ ដោយទស្សនាវដ្ដី​មនោរម្យព័ងអាំងហ្វូ នៅទីលានប្រជាធិបតេយ្យ បាតុករម្នាក់ដែលមកពី ល្វាឯម ខេត្តកណ្តាល អ៊ំប្រុស ជុំ សំបូរ បានប្រាប់ថា «អ៊ំ មកទីនេះ តាំងពីថ្ងៃទី១៥ មកម្លេះ ហើយមកណ្នឹង គឺអ៊ំចំណាយ លុយខ្លួនឯង។ នៅកន្លែងអ៊ំ គេមិនទាន់ប្រមូលផលទេ គេកំពុងធ្វើស្រូវប្រដេញទឹក។ ហើយពេលនេះ ត្រូវដល់ ពេល​ដាក់ជីពោត តែអ៊ំត្រូវប្រើចៅ អោយវាជួយដាក់ជំនួស ពេលវាចេញពីរៀនព្រោះអ៊ំត្រូវមកទីនេះ។ ចំពោះផល​ប៉ះពាល់​វិញ មានតិចតួចដែរ។ តែបើយើងមិនមកទេ ទោះបីមានជីវភាពល្អ ក៏វាមិនមានស្ថេរភាពដែរ។»

អ្នកមីង ចឹក ថុល ប្រជាពលរដ្ឋដែលមកពីខេត្ត កំពង់ចាម បានរៀបរាប់ថា «ខ្ញុំបានច្រូតរួចហើយ តែដោយគ្មានថ្ងៃ​ហាល ខ្ញុំទុកវាចោលសិន ដើម្បីឆ្លៀតពេលមកទីនេះ។ ខ្ញុំមកចូលរួមរហូត អោយតែគេប្រកាសធ្វើបាតុកម្ម ហើយ​ខ្ញុំមកនេះ គឺខ្ញុំចំណាយលុយផ្ទាល់ខ្លួន មកម្តងត្រូវចំណាយថ្លៃឡាន អស់មួយម៉ឺនរៀល បើស៊ីចាយទៀត អស់ពីរ​ម៉ឺន។ ស្អែកនេះគិតថានឹងទៅវិញ ព្រោះស្រូវទុកចោល។ ចង់ទៅហាលវាទុករួចរាល់ ហើយនឹងមកវិញទៀត។»

ទោះបីជាយ៉ាងណាក៏ដោយ លោក យ៉ង់ គឹមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព បាន​ប្រតិកម្មទទួលស្គាល់ថា ការមកធ្វើបាតុកម្ម វាប្រាកដជាមានផលប៉ះពាល់ ដល់ជីវភាពបាតុករហើយ។ លោក​បាន​សង្កត់ធ្ងន់ថា៖ «តែក្នុងនោះដែរ ដោយគាត់យល់ថា គាត់ទទួលរងនូវភាពអយុត្តិធម៌មួយចំនួន ដូចជារឿងដីធ្លី និង រឿងអយុត្តិធម៌ផ្សេងទៀត ដែលមិនអាចដោះស្រាយបាន ទើបធ្វើអោយពួកគាត់ចេះតែតស៊ូមក៕»

------------------------------------------------
ដោយ៖ ចាន់នីតា - ភ្នំពេញ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ទស្សនាវដ្តីមនោរម្យអំាងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...