ហ៊ុន សែន នឹងចាប់ គឹម សុខ ដាក់គុកជាថ្មី បើមិនសងប្រាក់៨០០លានរៀល
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ សីហា ២០១៨
- កែប្រែចុងក្រោយ: August 29, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក គឹម សុខ ដែលទើបនឹងចេញពីពន្ធនាគារ បានប៉ុន្មានថ្ងៃ អាចនឹងត្រូវលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារឡើងវិញ ប្រសិនជា អ្នកវិភាគបញ្ហាសង្គម និងនយោបាយរូបនេះ មិនសងប្រាក់ ៨០០រៀល ដល់គណបក្សប្រជាជនកម្ពុជា តាមសាលក្រមតុលាការទេនោះ។ នេះ បើតាមការថ្លែងព្រមាន ដោយមិនចេញឈ្មោះ ពីសំណាក់លោក ហ៊ុន សែន នៅក្នុងជំនួបជាមួយកម្មករ - កម្មការិនី ក្នុងព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ នេះ។
ការព្រមានរបស់បុរសខ្លាំងកម្ពុជា ធ្វើឡើងដើម្បីជាប្រតិកម្ម តបទៅនឹងការវិភាគរបស់លោក គឹម សុខ ដែលបានលើកឡើងថា ប្រទេសកម្ពុជាកំពុងអនុវត្ត «នីតិមាត់» ក្នុងការលើកលែងអ្នកទោស ហើយរាល់ការចាប់ខ្លួន និងការដោះលែង គឺជាការប្រើអំណាច។
តែលោក ហ៊ុន សែន បានពន្យល់ឡើងថា រាល់អំណាចទាំងអស់ ត្រូវបានច្បាប់អនុញ្ញាត ឲ្យលោកប្រើ។ ផ្ទុយទៅវិញ ប្រសិនបើលោកមិនអនុវត្ត នោះទើបជាការខុសច្បាប់។
នាយករដ្ឋមន្ត្រីចាំផ្ទះ បានថ្លែងឡើងថា៖ «គណបក្សប្រជាជនកម្ពុជា ត្រូវគេជំពាក់៨០០លានរៀល។ អញ្ចឹងត្រូវរកលុយសង។ បើមិនសងលុយទេ ប្រហែលជាចូលគុកវិញ ព្រោះអ្នកឯងមិនសងលុយ។ អ្នកឯងជាប់ទោស រួចតែទោសទេ តែលុយត្រូវសង បើករណីលើកលែងទោស ត្រូវរួចទាំងអស់។»។
លោក គឹម សុខ បានចេញពីពន្ធនាគារ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ បន្ទាប់ពីលោកបានអនុវត្តទោសរួចរាល់ នៅក្នុងបណ្ដឹងរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ប្ដឹងអ្នកវិភាគនយោបាយ និងសង្គមរូបនេះ ពីបទបរិហារកេរ្តិ៍ និងញុះញង់ ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។ លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោស ដាក់ពន្ធនាគារចំនួន១៨ខែ និងពិន័យជាប្រាក់ ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្ត ដល់ដើមបណ្តឹង ៨០០លានរៀលទៀត។
លោក ហ៊ុន សែន បន្តថា៖ «អញ្ចឹងត្រូវបែងចែកគ្នាឲ្យច្បាស់ ស្អីនីតិមាត់ ឥឡូវខ្ញុំនិយាយនីតិមាត់ នីតិមាត់ហ្នឹង វាចេញពីនីតិរដ្ឋ។ អ្នកឯងចង់និយាយថា ខ្ញុំនីតិមាត់ ឥឡូវខ្ញុំនិយាយ ចង្អុលនីតិមាត់ ខ្ញុំនិយាយអ្វីដែលយោង ទៅលើទិដ្ឋភាពច្បាប់ អ្នកឯងមិនទាន់បានសងលុយ ដែលជាភាគីរងគ្រោះ ដែលតុលាការបានកាត់ ឲ្យអ្នកឯងសង៨០០លាន អ្នកឯងបានសងឬនៅ? ចឹងមេធាវី របស់គណបក្សប្រជាជន ត្រូវបន្តតាមទារលុយ កុំអាលព្រហើន គុកវានៅរងចាំ គុកវានៅចំហរ។»៕