បទអង្កេត៖ ការ​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស ជា​ផែន​ការ​សម្ងាត់?

រាល់ការជួបជុំ ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមួយចំនួន ដែលធ្វើការទាមទានូវសិទ្ធិសេរីភាពរបស់ខ្លួន ពិសេសសិទ្ធិ​លំនៅដ្ឋាន សិទ្ធិរស់នៅ និងសិទ្ធិក្នុងការស្វែងរកយុត្តិធម៌ជាដើម ត្រូវបានប្រភពស្និតនឹងសំនុំរឿងទម្លាយឲ្យដឹងថា សុទ្ធតែមានការឃ្លាំមើល តាមដានយ៉ាងខ្ជាប់ខ្ជួន មុននឹងឈានទៅដល់ការចាប់ខ្លួន ឬបំបាត់សម្លេងចោល ដោយ​ជន​បង្កប់ (អ្នកយកការណ៍ ឬហៅថា «ដឺបេ») គ្រប់គ្រងដោយអង្គភាពមួយច្បាស់លាស់ របស់មន្ត្រីរដ្ឋាភិបាលដ៏មាន​ឥទ្ធិពល ចេញមកពីគណបក្សកាន់អំណាច។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រាល់ការជួបជុំ ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋមួយចំនួន ដែលធ្វើការទាមទានូវសិទ្ធិសេរីភាពរបស់ខ្លួន ពិសេសសិទ្ធិ​លំនៅដ្ឋាន សិទ្ធិរស់នៅ និងសិទ្ធិក្នុងការស្វែងរកយុត្តិធម៌ជាដើម ត្រូវបានប្រភពស្និតនឹងសំនុំរឿងទម្លាយឲ្យដឹងថា សុទ្ធតែមានការឃ្លាំមើល តាមដានយ៉ាងខ្ជាប់ខ្ជួន មុននឹងឈានទៅដល់ការចាប់ខ្លួន ឬបំបាត់សម្លេងចោល ដោយ​ជន​បង្កប់ (អ្នកយកការណ៍ ឬហៅថា «ដឺបេ») គ្រប់គ្រងដោយអង្គភាពមួយច្បាស់លាស់ របស់មន្ត្រីរដ្ឋាភិបាលដ៏មាន​ឥទ្ធិពល ចេញមកពីគណបក្សកាន់អំណាច។


សកម្មភាពទាត់ធាក់លើរូបលោក វន់ ពៅ សកម្មជនការពារសិទ្ធិកម្មករមួយរូប នៅតំបន់សេដ្ឋកិច្ចភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក Heng Chivoan)

របាយការណ៍ពិសេស - មន្រ្តីម្នាក់មកពីគណបក្សប្រជាជនកម្ពុជា ដែលក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ តែ​លោកអនុញ្ញាតិឲ្យអាត់(ថត)ជាសម្លេង បានទម្លាយអាថ៌កំបាំងទាំងនេះ ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា មនុស្សជាច្រើនដែលចេញមុខជាងគេ ក្នុងការធ្វើបាតុកម្ម ឬការជួបជុំជាដើម សុទ្ធតែជាមុខសញ្ញា និងជាការដៅទុក​របស់មន្រ្តី ឬថ្នាក់ដឹកនាំធំៗនៃគណបក្សប្រជាជនកម្ពុជា។ មន្ត្រីរូបនោះបានធ្លោយបន្ថែមថា «អស់ហ្នឹងសុទ្ធតែ​ជា​ការ​ដៅទុក និងជាមុខសញ្ញាហើយ។ (...) នឹងមិនត្រូវបានបញ្ចប់ទេ។ គេដៅមុខសញ្ញាទុករហូត អ្នកណាដែលពាក់ព័ន្ធ និងស្ថិតក្នុងគម្រោងរបស់គេ (គណបក្សប្រជាជនកម្ពុជា)។»

ការលើកឡើងរបស់មន្ត្រីរបស់គណបក្សកាន់អំណាចខាងលើ ត្រូវគ្នាជាមួយព្រឹត្តិការណ៍មួយ កាលពីព្រឹក​ថ្ងៃទី១៣​ខែតុលាកន្លងមក ដែលជនសង្ស័យមួយរូប ដែលត្រូវបានពលរដ្ឋឃើញថា បានយកអាវុធ (កាំភ្លើងខ្លី) ចូលក្នុងវេទិកា​សាធារណៈ រៀបចំដោយសមាគមគ្រូបង្រៀនឯករាជ្យ របស់លោក រ៉ុង ឈុន។ ជននោះស្លៀកពាក់ស៊ីវិល ឈ្មោះ ដឹង ជឿន កាន់កាតជាអ្នកសារព័ត៌មានមួយរូប ធ្វើការឲ្យក្រុមហ៊ុនមួយឈ្មោះ «មង្គលរិទ្ធិ» ដែលគ្មានរូបរាងជាស្ថាប័ន​ព័ត៌មានច្បាស់លាស់។ ដឹង ជឿន ត្រូវបានពលរដ្ឋដែលជុំគ្នាបញ្ចេញមតិ ទាមទារឲ្យគិតគូរពីស្ថានភាពគ្រូ​បង្រៀន ឲ្យ​បានប្រសើរ​នោះ ឡោមព័ទ្ធចាប់និងវាយមួយនាក់មួយដៃទ្រមខ្លួន មុននឹងត្រូវបានរំដោះចេញ ដោយកងកម្លាំងរបស់​អាជ្ញាធរ។ មួយថ្ងៃក្រោយថ្ងៃកើតហេតុ ដឹង ជឿន បានបង្ហាញថាខ្លួនជាភ្នាក់ងារនគរបាលមួយរូប ទើបមានកាំភ្លើង​កាន់​នៅក្នុងដៃ ហើយ ដឹង ជឿន បាននិយាយថា ខ្លួនមានគម្រោងប្ដឹងជនដៃដល់ ដែលបានវាយខ្លួននោះទៀតផង។

«ជនបង្កប់ ឬដឺបេ» ក៏ត្រូវបាន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់យកមកនិយាយបកស្រាយដែរ។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៤ ខែមករា នៅមុនបន្តិចនៃព្រឹត្តការណ៍បណ្តេញប្រជាពលរដ្ឋ ចេញពីទីលាន​ប្រជាធិបតេយ្យ លោក សម រង្ស៊ី បានថ្លែងថា មានការបង្កប់នូវក្រុមអ្នកយកការណ៍ មកពីបក្សកាន់អំណាច ទៅក្នុង​ចំណោមក្រុមបាតុករដែលគាំទ្រគណបក្សរបស់លោក ដើម្បីធ្វើសេចក្តីរាយការណ៍នូវរាល់សកម្មភាព ពីចំនួន និងពី​សមាសភាពអ្នកដែលបានចូលរួម។ លោកបានហៅក្រុមនោះថា ជាក្រុមទីពីរ«ស្ទួន» ដែលបានទទួលបញ្ជា​ពីថ្នាក់​ដឹកនាំមួយច្បាស់លាស់។ តែការលើកឡើងរបស់លោក សម រង្ស៊ី មិនមានការអះអាង ឬសាក្សីណាមួយ មកបញ្ជាក់​នោះ​នៅឡើយ។

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺ ចំពោះការលើកឡើងខាងលើ ពីមន្រ្តីអ្នកទទួលខុសត្រូវ​របស់​រដ្ឋាភិបាល​និង​គណបក្សប្រជាជន​កម្ពុជាបានទេ នៅល្ងាច​ថ្ងៃទី១៦ ខែមករានេះ។

ប្រភពស្និតនឹងគណបក្សប្រជាជនកម្ពុជាដដែល បានបង្ហើបឲ្យដឹងទៀតថា ក្រោយពេលដែលពួកគេកំណត់បាន នូវ​មុខសញ្ញាណាមួយច្បាស់លាស់ហើយនោះ ក្រុមការងារពិសេសទាំងនោះ នឹងដាក់ចុះនូវផែនការរបស់ខ្លួន ក្នុងការ​ទប់ស្កាត់ ការហាមឃាត់ ការចាប់ខ្លួន ឬរហូតដល់ការបំបិទមាត់ (សម្លាប់) ជាដើម ប្រសិនបើអ្នកទាំងនោះ​មិនព្រម​ទទួលយកនូវគោលការណ៍ ឬបញ្ឈប់សម្មភាពរបស់ខ្លួន ដែលនាំឲ្យប៉ះពាល់ដល់ការគ្រប់គ្រងអំណាចជាប្រព័ន្ធ របស់​គណបក្សប្រជាជនកម្ពុជាទេនោះ។

ហេតុការណ៍ទាំងនេះ ធ្វើឲ្យគេនឹងឃើញឡើងវិញ នូវសំនុំរឿងចាស់ៗទាំងឡាយ ដែលឈានទៅដល់ការចាប់ខ្លួន និងការសម្លាប់ ទាំងក្នុងប្រព័ន្ធច្បាប់ និងក្រៅប្រព័ន្ធច្បាប់ នៅក្នុងប្រទេសកម្ពុជា ហើយជនដៃដល់ ឬជនល្មើស មិន​ដែលត្រូវបានចាប់ ឲ្យមកទទួលទោសម្ដងណាឡើយ។ ជាឧទាហរណ៍ ក្នុងករណីធំៗមួយចំនួន ដូចជាលោក ជា វិជ្ជា លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ ព្រោះតែការពារនូវប្រយោជន៍កម្មករ និងព្រៃឈើ។ ឯលោក ម៉ម សូណង់ដូ អ្នកស្រី យ៉ោម បុប្ផា ជាដើម ដែលរងនូវការចាប់ខ្លួន ដាក់ពន្ធនាគារដោយមិនដឹងមូលហេតុពិតប្រាកដ តែដោយសារ​តែការតស៊ូមតិទាមទានូវសិទ្ធិ និងសេរីភាព។

សកម្មជនសិទ្ធិមនុស្សបីនាក់ កាលពីពេលថ្មីៗនេះ ក៍ដូចជាសកម្មជនដទៃទៀត ដែលចេញមុខតតាំង ជាមួយនឹង​បុគ្គលមានអំណាចមួយចំនួននោះ ក៏ទំនងស្ថិតក្នុងផែនការរបស់ក្រុម«ដឺបេ»ទាំងនោះដែរ។ ជាពិសេសទៅទៀត ក្រុមសកម្មជនទាំងនោះ ត្រូវបានចាប់ខ្លួន«ជាមុន» និងចោទប្រកាន់«ជាក្រោយ»ដោយតុលាការមួយ ដែលពលរដ្ឋ​ទូទៅ​រិះគន់ថា ជា«ម៉ាស៊ីនកាត់ទោស»របស់គណបក្សកាន់អំណាច។

លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងពីការ​ចាប់​ខ្លួន​នេះថាមានការរៀបចំ និងការដៅទុកជាមុនរបស់មន្ត្រីកាន់អំណាច។ លោកបានពន្យល់ថា ក្នុងនាមជា​សកម្មជន​សិទ្ធិមនុស្ស មិនមានអ្វីពាក់ព័ន្ធនោះទេ តែគ្រាន់តែជាអ្នកឃ្លាំមើល និងជំរុញឲ្យមាននូវការអនុវត្តច្បាប់ និងការ​គោរព​សិទ្ធិមនុស្សតែប៉ុណ្ណោះ។ នោះជាករណីរបស់ លោក វន់ ពៅ ដែលសាក្សីនៅមុនការចាប់ខ្លួនលោក ជាច្រើនបាន​និយាយថា លោកតែងបានប្រាប់ទៅកម្មករ ឲ្យចេះប្រើសិទ្ធិរបស់ខ្លួន និងមិនត្រូវប្រព្រឹត្តិអំពើហិង្សា។ តែផ្ទុយទៅវិញ លោកត្រូវបានចាប់ឃុំដោយខុសច្បាប់ រងនូវការវាយដំយ៉ាងធ្ងន់ធ្ងរ ដោយចោទប្រកាន់​ពីរបទ​ញុះញង់បង្កហិង្សា។

មន្ត្រីមួយរូបទៀត ពីអង្គការការពារសិទ្ធិមនុស្សអាដហុក លោកចាន់ សូវ៉េត ក៏បានអះអាងដែរពីការរៀបចំទុកជាមុន ដើម្បីការចាប់ខ្លួនទាំងនេះដែរ ព្រោះថាគេមិនដែលយកមនុស្ស ដែលមិនទាន់កាត់ទោស យកទៅដាក់នៅពន្ធនាគារ​ត្រពាំងថ្លុងទេ។ លោកបានបន្តរថា នេះជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋផង ជាការបំបិទសិទ្ធិដល់គ្រួសារ និងមេធាវី​អ្នករងគ្រោះផង៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...