ជប៉ុន ផ្តល់ជំនួយសម្រាប់គម្រោងផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាតនៅខេត្តកែប
ដោយសារតែភាពខ្វះខាតនៃការប្រើប្រាស់ទឹកស្អាត នៅតែកើតមាននៅឡើយនោះ រដ្ឋាភិបាលនៃចក្រភពជប៉ុនបានផ្តល់ជំនួយ សំរាប់មន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តកែប ដើម្បីរៀបចំប្រព័ន្ធផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត ឲ្យដល់ប្រជាជន និងភ្ញៀវទេសចរណ៍នៅក្នុងខេត្តកែប។
ទិដ្ឋភាពនៅមាត់សមុទ្រ នាក្រុងកែប។ (រូបថត wikipedia.org)
ប្រព័ន្ធទឹកស្អាត - នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤នេះ ស្ថានទួតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថារដ្ឋាភិបាលជប៉ុន បានផ្តល់ទឹកប្រាក់ចំនួន ១១២,៤២៣ដុល្លារ សម្រាប់គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដល់មន្ទីឧស្សាហកម្មរ៉ែ និងថាមពលខេត្តកែប។
កិច្ចសន្យាផ្តល់ជំនួយនេះដែរ ត្រូវបានចុះហត្ថលេខា ដោយលោក គូម៉ាម៉ារ៉ូ យួជី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក យស់ មុន្នី ប្រធានមន្ទីឧស្សាហកម្មរ៉ែ និងថាមពលខេត្តកែប នៅឯស្ថានទូតជប៉ុន។
គម្រោងនេះមន្ទីឧស្សាហកម្មរ៉ែ និងថាមពលខេត្តកែប នឹងអនុវត្តតម្លើងប្រព័ន្ធចម្រោះទឹកស្អាតធំ ដែលអាចច្រោះបានពី២ ០០០ ទៅ២ ៥០០ លីត្រក្នុងមួយម៉ោងដែលនឹងចែកចាយ ទៅតាមស្ថានីយ៍ចែកចាយបីក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរខេត្តកែប។ ប្រព័ន្ធចម្រោះនេះ ក៏នឹងអាចផ្គត់ផ្គង់ផងដែរ ដល់ប្រជាជនក្នុងតំបន់នោះប្រមាណ ៨ ៤៩០នាក់ និងភ្ញៀវទេសចរណ៍ប្រមាណ ៧៦០,០០០នាក់ ដែលមកកំសាន្តជារៀងរាល់ឆ្នាំ។
ជំនួយ គូសាណូណិ របស់រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដ៏ក្រីក្រមួយនេះ ក្នុងការអភិវឌ្ឍន៍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន និងការពារជនងាយរងគ្រោះ ពីកត្តាមួយចំនួន។ កន្លងមកជប៉ុនបានផ្តល់ថវិកាជាង៥០.៦ លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បីអនុវត្តគម្រោងចំនួន៥០៦ នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ខេត្តកែបជាខេត្តមូយ ដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ បច្ចុប្បន្ន ខេត្តជាប់សមុទ្រមួយនេះ មានការអភិវឌ្ឍន៍ ខាងវិសយ័ទេសចរណ៍ គូរអោយគត់សំគាល់ ដោយសារតែខេត្តនេះមានទេសភាព និងមានឆ្នេរសមុទ្រស្រស់ស្អាតគួរជាទីមនោរម្យ។ ភ្នំ ព្រៃឈើ កោះ សមុទ្រដែលជាធម្មជាតិ ស្រស់បំព្រង បានធ្វើឲ្យខេត្តមួយនេះទទួលទេសចរណ៍ពីគ្រប់ទិសទី កើនឡើងជារៀងរាល់ឆ្នាំ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤