កុមារ​ច្រើន​នាក់​«យំ»​ ព្រោះ​ម្ដាយ​ជាប់​គុក​ដោយ​ការ​តវ៉ា​រឿង​ទឹក​លិច​ផ្ទះ

តើពលរដ្ឋនៅសហគមន៍បឹងកក់ រាជធានីភ្នំពេញ កំពុងរស់នៅក្នុងស្ថានភាពបែបណា? ប្រសិនជាមនុស្សធំ​មាន​វ័យ​ចំណាស់ ចេញមកបកស្រាយ ឬចេញមកទាមទារអ្វីមួយនោះ គេប្រហែលជាយល់ថា វាអាចជាការបំភ្លៃ ហួស​ពី​ការ​ពិត!
Loading...
  • ដោយ: ក. សោភណ្ឌ ដោយ ក. សោភ័ណ្ឌ ([email protected]) - ភ្នំពេញ ថ្ងៃទី០១ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 02, 2014
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផ្ទះត្រូវបានលិចទឹកហើយ ម្តាយ​គេ​ចាប់​ដាក់​ពន្ធនាគារ រស់នៅ​ដោយ​ក្តី​បារម្មណ៍ នឹង​ភាព​ភ័យ​ខ្លាច​ទាំង​ចិត្ត​ក្រៀមក្រំ​យំ​សោក ស្រណោះ ពេល​ដែល​ធ្លាប់​មាន​ម្តាយ​នៅ​ជាមួយ ទោះ​ជា​គ្រួសារ​មាន​ជីវភាព​មិន​សូវ​ធូរធា​ក៏​ដោយ ក៏​មាន​ភាព​កក់​ក្តៅ​នៅ​ក្នុង​ចិត្ត​ដែរ។ តែ​អ្វីៗ​ទាំង​នោះ វា​គ្រាន់​តែ​ជា​ស្រមោល​មួយ​ប៉ុណ្ណោះ ព្រោះ​អ្នក​ម្តាយ​នៅ​ពេល​នេះ ​មិន​អាច​នៅ​ក្បែរ និង​ផ្តល់​ការ​ទំនុក​បម្រុង​ទៀត​ឡើយ។ នេះ​ជា​ការ​លើក​តម្អូញ​តម្អែរ របស់​ក្រុម​កុមារ​កំព្រា​ម្ដាយ​មក​ពី​សហគមន៍​បឹង​កក់ នៅ​មុខ​មន្ទីរ​ឃុំឃាំង​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា​នេះ។

ការ​ជួប​ជុំ​គ្នា​តវ៉ា របស់​កុមារ​តូចៗ​ នៅ​ទី​នោះ មាន​ប្រជា​ពលរដ្ឋ​ភូមិ​បឹង​កក់ និង​ពី​សហគមន៍​ផ្សេង​ទៀត ប្រមាណ​ជា​២០០​នាក់ បាន​ចូល​រួម​ជា​មួយ​ដែរ ដោយ​បាន​ដង្ហែ​ទៅ​ធ្វើ​ពិធី​បួងសួង នៅ​ពី​មុខ​មន្ទីរ​ឃុំឃាំង។ ជា​មួយ​នឹង​សម្លេង​យំ​ផង កុមារ​ទាំង​នោះ បាន​ស្រែក​ដង្ហោយ​សុំ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​ម្តាយ​របស់​ខ្លួន ដោយ​មាន​បដា​នៅ​នឹង​ដៃ​សរសេរ​អក្សរ​ធំៗ​ថា៖ «ចាប់​ខ្ញុំ​ទៅ​ផង ព្រោះ​ខ្ញុំ​ចង់​នៅ​ជា​មួយ​ម្តាយ​ខ្ញុំ»។

ក្នុងចំណោមកុមារកំព្រាជាច្រើននាក់ កុមារី សៀក ស្រីលី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទាំងទឹក​ភ្នែក​រលីងរលោងថា នាងនឹកម្តាយរបស់នាងខ្លាំងណាស់ ហើយនាងលំបាក់ខ្លាំងណាស់ ពេលគ្មានម្តាយនៅជាមួយ នាងមិនបានទៅរៀន និងរស់នៅគ្មានសុវត្ថិភាព ដូចនៅជាមួយម្តាយនោះទេ។ នាងតូចបានដង្ហោយ​ទាំង​ទឹក​ភ្នែក សុំឲ្យអាជ្ញាធរដោះលែងម្តាយនាងត្រឡប់មកវិញ។

បើតាមក្រុមអ្នកតវ៉ា ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់កូនស្រី អ្នកស្រី ទេព វន្នី ដែលជារៀងរាល់ឆ្នាំ អ្នកស្រីតែងតែ​ធ្វើខួបកំណើតឲ្យកូនស្រី។ ប៉ុន្តែឆ្នាំនេះ កូនស្រីរបស់អ្នក ទេព វន្នី បានផ្លុំទៀនបួងសួងទាំងទឹកភ្នែក នៃបុណ្យ​ខួប​កំណើតរបស់ខ្លួន ក្រោមការជួយឧបត្ថម្ភជ្រោមជ្រែង ពីអ្នករស់នៅក្បែរខាង និងមិត្តភ័ក្រដទៃទៀត នៅខាង​មុខមន្ទីឃុំឃាំងព្រៃសទៅវិញ។ ក្ដីបួងសួងនោះ គឺសុំឲ្យអាជ្ញាធរ និងរដ្ឋាភិបាល ដោះលែងម្តាយខ្លួន និងអ្នក​ដែល​ជាប់ឃុំផ្សេងទៀត ទាំង១៩រូបឲ្យមានសេរីភាពវិញ។

ស្ត្រីសកម្មជនតវ៉ាដីធ្លីនៅសហគមន៍បឹងកក់ ទាំង៧នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាត់​ទោស កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឲ្យជាប់ឃុំ ១ឆ្នាំនិងពិន័យជាប្រាក់ក្នុងម្នាក់ៗប្រមាណ ៥០០ដុល្លា បន្ទាប់ពី​ក្រុមស្ត្រីទាំងនោះចេញតវ៉ា ព្រោះទឹកលិចផ្ទះច្រើនថ្ងៃ ហើយគ្មានលូអាចបង្ហូរទឹកចេញ ខណៈសាលារាជធានី​ភ្នំពេញ និងក្រុមហ៊ុនស៊ូកាគូ វិនិយោគតំបន់បឹងកក់ មិនបានរវីរវល់។ ស្ត្រីទាំងនោះ រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា អ្នកស្រី ផាន់ ឈុនរ៉េត អ្នកស្រី ង៉ែត ឃុន កញ្ញា សុង អ្នកស្រីលាភ កញ្ញា បូ ឆវី និងស្ត្រី នង ស្រេង។

នៅជាមួយនឹងទិដ្ឋភាពដ៏សោកសៅខាងលើ លោក ណៃ វង់ដា អនុប្រធានផ្នែក និងមេធាវីតំបន់នៃសមាគម​​ការពារសិទ្ធិមនុស្ស អាដហុក បាននិយាយថា វារឿងមួយដែលអយុត្តិធម៍បំផុត នៅពេលដែលមានការចាប់ចង ដោយគ្រាន់តែធ្វើការតវ៉ាទាមទាររកដំណោះស្រាយនោះ។ លោកថា ទាំងនេះ វាជារឿងរំលោភសិទ្ធ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ។ ការដែលអាជ្ញាធរធ្វើបែបនេះ វាបង្ហាញឲ្យឃើញ ពីភាពគំរាមកំហែងមួយ ដែលធ្វើការរារាំងមិនឲ្យមានការរើបម្រាសរបស់ពលរដ្ឋ នៅក្នុងសង្គម។ យ៉ាង​ណាក៏​ដោយ លោក ណែ វង់ដា បានសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីថ្ងៃបុណ្យទិវាសិទ្ធមនុស្ស១០ធ្នូនេះ នឹងមាន​ការ​ដោះលែងអ្នកជាប់ឃុំទាំ១៩រូបនោះ មានសេរីភាពវិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...