ត្រៀម​ប្ដឹង​ឧទ្ធណ៍ បើ​មាជ សុវណ្ណារ៉ា នៅ​បន្ត​រង​ការ​ចោទ​ប្រកាន់

បណ្តឹងឧទ្ធរណ៍នឹងកើតមាន បន្ទាប់ពីសហមេធាវីទាំងប្រាំរូប របស់លោក មាជ សុវណ្ណរ៉ា ជួបប្រជុំគ្នា បើ​តុលាការ​មិន​ធ្វើការ​ដោះ​លែង​កូន​ក្តី​របស់​ខ្លួន ឲ្យមានសេរីភាពវិញនោះទេ។ នេះជាការបញ្ជាក់របស់លោក ចាន់ ចេន មេធាវីលោក មាជ សុវណ្ណរ៉ា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍ ៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 27, 2014
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បន្ត​ការ​ឃុំ​ឃាំង ទៅ​លើ​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ និង​លើក​ពេល​ប្រកាស​សាល​ក្រម នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០១៥​ខាង​មុខ នៅ​ក្នុង​សវនាការ​ពេញ​អង្គ​ស្ទើ​ពេញ​មួយ​ថ្ងៃ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០០១៤ កន្លង​ទៅ​នេះ​មក បាន​ជំរុញ​ឲ្យ ក្រុម​សហ​មេធាវី​របស់​លោក មាជ សុវណ្ណារ៉ា ជួប​ប្រជុំ​ជា​បន្ទាន់​មួយ ដើម្បី​ស្វែង​រក​យុទ្ធវិធី និង​យុទ្ធសាស្រ្ត សម្រាប់​ការពារ​ក្ដី​ឲ្យ​កូន​ក្ដី​របស់​ពួក​ខ្លួន​ត​ទៅ​ទៀត។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ចាន់ ចេន មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ទាំង​ប្រាំ ដែល​ការពារ​ក្ដី​ឲ្យ​លោក មាជ សុវណ្ណារ៉ា នៅ​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ

ក្រោយពីបានសួរដេញដោល ក្នុងសំណុំរឿងសកម្មជនគណបក្សសង្គ្រោះជាតិហើយនោះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជំរៈនៃសាលាដំបូង លោក តាំង ស៊ុនឡាយ  បានប្រកាសលើកពេល នៃការប្រកាសសាលក្រម​ទៅ​ដើម​ឆ្នាំ​២០១៥វិញ។ ការប្រកាសនៅចំពោះមុខតែក្រុមមេធាវី និងជនជាប់ចោទចូលក្នុងបន្ទប់សវនាការនោះ មិន​ត្រូវ​បានអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលស្តាប់ឡើយ។

លោកមេធាវី ចាន់ ចេន បានអះអាងថា បណ្តឹងឧទ្ធរណ៍នឹងកើតមាន បន្ទាប់ពីមេធាវីទាំងប្រាំរូបរបស់លោក មាជ សុវណ្ណរ៉ា ជួបប្រជុំគ្នា បើតុលាការមិនធ្វើការដោះលែងកូនក្តីរបស់ពួកខ្លួន ឲ្យមានសេរីភាពវិញនោះទេ។ បន្តែសម្រាប់យុទ្ធវិធី និងយុទ្ធសាស្ត្រ ថាយ៉ាងណានោះ មិនត្រូវបានលោកមេធាវីថ្លែងបញ្ជាក់ឲ្យលំអិតទេ។

សូមបញ្ជាក់ថា សកម្មជនទាំង១១ នាក់នោះ ៥នាក់ត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារព្រៃសរ និង៦នាក់​ផ្សេង​ទៀតបានអនុញ្ញាតិឲ្យនៅក្រៅឃុំ។ អ្នកនៅក្នុងឃុំរួមមាន លោក មាជ សុវណ្ណារ៉ា, លោក អ៊ុក ពេជ្រ សំណាង, លោក ទេព ណារិន, លោក កែ ឃីម និងលោក ស៊ុំ ពុទ្ធី។ ឯអ្នកនៅក្រៅឃុំមានលោក សាន គឹមហេង, លោក នាង សុឃុន, លោក ឃិន ជំរឿន, លោក សាន សីហៈ, លោក អាន បឋម និង លោក អឿ ណារិទ្ធិ។ អ្នកទាំង១១ នាក់នេះ ត្រូវបានតុលាការបានចោទប្រកាន់ ពីបទធ្វើកុបកម្មប្រឆាំងអាជ្ញាធរមានសមត្ថកិច្ច នៅស្ពាននាគក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤។

តាមការបញ្ជាក់របស់លោក មេធាវី ហែម សុជាតិ បានដាក់ការសង្ស័យថា ការបដិសេធរបស់ចៅក្រម ចំពោះ​ការស្នើរសុំនៅក្រៅឃុំបណ្តោះអាសន្នម្តងជាពីរដងនេះ ព្រោះតែកូនក្តីរបស់លោកជាអ្នកនយោបាយ ដូច្នេះ​ការសម្រេចមិនឲ្យនៅក្រៅឃុំ ក៏ជារឿងនយោបាយដែរ។ លោកបន្តថា លើកលែងតែមានការ​សម្របសម្រួល​ផ្នែកនយោបាយជាថ្មី ទើបអាចមានការអនុញ្ញាតឲ្យនៅក្រៅឃុំ និងអាចឈានដល់ ការលើកលែងបទចោទ​តែម្តង។

» សូមអាចអត្ថបទទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំការបំភ្លឺ ពីលោក តាំង ស៊ុនឡាយ ប្រធានក្រុមប្រឹក្សាជំនុះជំរះ នៃ​សាលា​ដំបូងរាជធានីភ្នំពេញបានទេក្នុងថ្ងៃនេះ ដោយលោកពុំទទួលទូរស័ព្ទ។

ដោយឡែក មន្ត្រីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានឃ្លាំមើល​សវនាការនោះ បានលើកឡើងថា ការបដិសេធរបស់តុលាការ ទៅនឹងការសុំនៅក្រៅឃុំរបស់​មេធាវី​នៃ​សកម្មជន​គណបក្សសង្គ្រោះជាតិនោះ ព្រោះមានការលូកដៃពីរដ្ឋាភិបាល ដើម្បីជ្រៀតជ្រែកចូល​ក្នុងកិច្ចការ​របស់​តុលាការ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...