ឈាង វុន ហាម​ការ​ថត​រូបលោក ពេល​លោក​និយាយ!

មិនជាចម្លែកប៉ុន្មានទេ សម្រាប់លោក ឈាង វុន តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ដែល​មិន​ចូល​ចិត្ត ឲ្យ​គេ​ថត​រូប​លោក នៅពេលលោក​បើក​មាត់និយាយ ផ្ដល់កិច្ចសម្ភាស ទៅឲ្យក្រុមអ្នក​យកព័ត៌មាន។ តែ​លើក​នេះ លោក​បាន​ធ្វើការ​ព្រមាន ដោយ​ផ្ទាល់ និងជាសាធារណៈ​ ទៅកាន់​អ្នក​សារព័ត៌មាន​មួយរូប ថា​​«កុំ​ថត​រូប»​លោក​ដូច្នេះ ព្រោះអាច​ធ្វើឲ្យលោក «ជួបបញ្ហា» រអាក់​រអួល​ផ្ដល់​សម្ភាស មិន​បាន​ល្អ។
ឈាង វុន ហាម​ការ​ថត​រូបលោក ពេល​លោក​និយាយ!
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង​ព័ត៌មាន និងជាអ្នកនាំពាក្យ នៃក្រុម​តំណាងរាស្ត្រ​មតិភាគច្រើន នៃ​រដ្ឋសភា។ (រូបថត MONOROOM.info)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ មករា ២០១៧
  • កែប្រែចុងក្រោយ: January 27, 2017
  • ប្រធានបទ: សភាជាតិខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលដែលម៉ាស៊ីនថតរូប របស់អ្នកសារព័ត៌មាន ធ្វើឲ្យលោកតំណាងរាស្ត្រ ឈាង វុន មាន​អារម្មណ៍​មិន​ស្រួល ក្នុង​ការ​និយាយ... ហើយបានព្រមាន​អ្នកយក​ព័ត៌មាន ដែល​ថតរូបលោក ពេល​​លោក​កំពុង​ផ្ដល់​សម្ភាស ​ឲ្យ​ឈប់ថត​លោក​តទៅទៀត។ ហេតុការណ៍នេះ បានកើត​ឡើង កាលពីថ្ងៃទី២៦ ខែមករា ម្សិលម៉ិញ ក្នុង​ការ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកយកព័ត៌មាន របស់លោក ឈាង វុន ក្នុងនាមលោក ជាប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហ​ប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និងព័ត៌មាន និងជាអ្នក​នាំពាក្យ នៃ​ក្រុម​តំណាង​រាស្ត្រ​មតិ​ភាគ​ច្រើន នៃ​រដ្ឋសភា។

ហើយអ្នកសារព័ត៌មាន ដែលបានថតរូបលោក ឈាង វុន និងដែលរង​ការព្រមាន ដោយ​ផ្ទាល់ និង​នៅ​មុខគេ​ឯង​នោះ គឺ​ជា​អ្នក​សារព័ត៌មាន មក​ពី​វិទ្យុអាស៊ីសេរី អង្គភាពផ្សព្វផ្សាយមួយ ដែល​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​សូវ​ចូលចិត្ត។ នៅពេលនោះ លោក ឈាង វុន បានផ្អាក​កិច្ច​សម្ភាស​របស់​លោក ហើយ​ចាប់​ផ្ដើម​និយាយ ទៅកាន់ម្ចាស់ម៉ាស៊ីន​ថត​ថា៖ «ក្មួយនៅអាស៊ីសេរី ខ្ញុំបានហាម​ច្រើន​ដង​ហើយ ពី​រឿង​ថត​រូប​ហ្នឹង។ ពេល​ដែល​ខ្ញុំ​កំពុង​និយាយ ហើយយើងមកថតអញ្ចឹង វាធ្វើឲ្យខ្ញុំរអាក់រអួល ក្នុង​ការ​និយាយ។»។

ព្រមានលើកទីមួយ...

តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា បានគិតថា នេះ ជា«ស្នៀត»​របស់អ្នកយកព័ត៌មាន ដើម្បី​«រំខាន»​លោក មិនឲ្យ​ផ្ដល់​សម្ភាស ដោយត្រឹមត្រូវ។ លោកថា៖ «ខ្ញុំដឹង​ហើយ ស្នៀតហ្នឹង មិនមែន​ខ្ញុំមិនដឹង​ទេ។ យល់​ហ្អេ? (...) ខ្ញុំមិនធ្វើ​ប្រធាន​គណៈកម្មការព័ត៌មាន ដោយ​ធ្លាក់​ពីលើមេឃទេ។ ខ្ញុំមាន​ជំនាញ​របស់​ខ្ញុំ​ដែរ។»។

អ្នកយកព័ត៌មានខ្លះ បានចោទសួរ​ខ្លួនឯង​​ឡើងថា បើបុគ្គល​សាធារណៈ​ម្នាក់ មាន​អារម្មណ៍​មិនស្រួល នៅ​ចំពោះ​ម៉ាស៊ីន​ថត តើនេះ​ជាបញ្ហា របស់អ្នក​យកព័ត៌មានឬ? ជាពិសេស​ទៅទៀត លោក ឈាង វុន ដែល​លើក​ពី​ខ្លួន​លោក ថា​ជា​ប្រធាន​គណៈកម្មការ​ព័ត៌មាន នៃរដ្ឋសភា តែបែរ​ជា​មាន​អារម្មណ៍​«រើសអ៊ើង» ចំពោះ​ការ​ថត​រូប ពី​អ្នក​យក​ព័ត៌មាន​ទៅវិញ។

ព្រមានលើកទីពីរ...

ការផ្ដល់កិច្ចសម្ភាស បានបន្តធ្វើទៅមុខទៀត... រំពេចនោះ សម្លេងថតរូប បានបន្លឺឡើង​ជាថ្មី។ លោក ឈាង វុន បាន​ផ្អាក​ការ​និយាយ​​របស់​លោក ហើយងាកទៅរក​អ្នកសារព័ត៌មាន ដោយ​ធ្វើការ​ព្រមាន ជា​លើក​ទីពីរ​ថា៖ «ណ៎ែ និយាយ​ប៉ុណ្ណឹង​ហើយ ស្ដាប់គ្នា​អត់បាន ថាកុំឲ្យមក​ថត​ជិត​អញ្ចឹង ថតឲ្យ​ឆ្ងាយ​បន្តិចទៅ។ (...) ណ៎ែ អាស៊ី​សេរី គឺ​អញ្ចឹង ប្រាប់​យ៉ាង​ម៉េច ​ក៏​មិនចេះ​ស្ដាប់​ដែរ។»។

បន្ទាប់ពីការព្រមានជាច្រើនដងនេះរួច លោក ឈាង វុន បានតាំងខ្លួន​ជាអ្នកបង្រៀន ផ្នែក​សារព័ត៌មាន ទៅ​កាន់​អ្នក​កាសែតថា៖ «មុខវិជ្ជាជីវៈ ត្រូវអនុវត្តន៍​ឲ្យបានត្រឹមត្រូវ ហើយ ខៀវ កាញារីទ្ធ គាត់​ត្រូវ​មើល​ពី​រឿង​អស់​ហ្នឹង ថ្ងៃ​ក្រោយ។ មិនមែន​មើល​តែ​រឿង​អាចារ្យ អេ នោះ​ទេ! យល់​ហ្អេ?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...