បាតុកម្មទាមទារកម្លាំងផ្សាយថ្ងៃ ៣១មិនា នឹងធ្វើ ទោះគ្មានការអនុញ្ញាត
លោក ម៉ម សូណង់ដូ ប្រធានវិទ្យសំបុកឃ្មុំ បានអះអាងអោយដឹងថា បើទោះបាតុកម្មនៅថ្ងៃទី៣១ មិនាខាងមុខ លោកមិនដឹកនាំ ក៏នៅមានប្រពលរដ្ឋជាច្រើនទៀត ដែលគេនឹងធ្វើ។ ការប្រមូលគ្នាធ្វើបាតុកម្មរបស់ពលរដ្ឋ ដែលទំនងជាមិនអាចអាក់ខានបានឡើយ បើទោះជាអាជ្ញាធរមិនអនុញ្ញាតឲ្យធ្វើក៏ដោយ។
លោក ម៉ម សូណង់ដូ ក្នុងសន្និសិទសាព័ត៌មាន នៅទីស្នាក់ការរបស់វិទ្យិសំបុកឃុំ កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)
សិទ្ធិ - បាតុកម្ម ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៤ ទាមទារក្នុងការស្នើសុំតម្លើងកំលាំងផ្សាយនៅតាមបណ្តាខេត្ត និងសុំប្រេកង់បង្កើតទូរទស្សន៍ របស់ប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ នឹងនៅតែបន្តតាមការគ្រោងទុក បើទោះបីជាសាលារាជធានីភ្នំពេញមិនអនុញ្ញាតអោយធ្វើក៏ដោយ។
ប៉ុន្តែការធ្វើបាតុកម្មក្នុងពេលខាងមុខនេះ នឹងមិនដឹកនាំដោយលោក ម៉ម សូណង់ដូ នោះទេ ដោយសារមិនមានការអនុញ្ញាតពីសាលាក្រុងភ្នំពេញ តែជាបាតុកម្មរបស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ដែលចង់បានកម្លាំងផ្សាយរបស់វិទ្យុរបស់លោក ផ្សាយទៅដល់។ លោក ម៉ម សូណង់ដូបានដឹងថា លោកនឹងចូលរួមក្នុងថ្ងៃបាតុកម្មនោះ ប៉ុន្តែមិនមែនជាអ្នកដឹកនាំបាតុកម្មទេ គ្រាន់ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ដែលទាមទារសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងទទួលព័ត៌មាន។
ការថ្លែងរបស់របស់ប្រធានវិទ្យុសំបុកឃ្មុំរូបនេះ ធ្វើឡើងក្នុងសន្និសិទសាព័ត៌មាន នៅទីស្នាក់ការរបស់វិទ្យិសំបុកឃុំ កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៤ម្សិលមិញនេះ។ លោកបានបញ្ជាក់ទៀតថា «ខ្ញុំជាអ្នកគោរពច្បាប់ បើខ្ញុំសរសេរច្បាប់សំណូមពរទៅសាលាក្រុងភ្នំពេញ ប្រសិនបើសាលាក្រុងមិនអនុញ្ញាត ខ្ញុំមិនអាចធ្វើបានទេ ហើយខ្ញុំក៏មិនទទួលខុសត្រូវអំពីបាតុកម្មហ្នឹងដែរ ដូច្នេះប្រសិនបើខ្ញុំអត់ធ្វើ វាជារឿងរបស់រដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងការទាមទារសិទ្ធសេរីភាព ក្នុងការបញ្ចេញមតិ និងទទួលព័ត៌មានទៅវិញទេ។ ប៉ុន្តែក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ ខ្ញុំមានសិទ្ធក្នុងការទាមទារសិទ្ធសេរីភាព ក្នុងការបញ្ចេញមតិនិងទទួលព័ត៌មានផងដែរ។»
លោក កើត ឆែ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំ ស្តីពីសំណើរសុំធ្វើបាតុកម្មរបស់លោក ម៉ម សូណង់ដូ កាលពីព្រឹកថ្ងៃទី២៤ ខែមិនា ថា បញ្ហាស្នើ Relay ការផ្សាយនេះ ជាបញ្ហាមួយដែលស្មុកស្មាញ ព្រោះមានសំណើរជាច្រើន ដែលក្រសួងព័ត៌មានមិនអាចផ្តល់អោយ។ បើផ្តល់ Relay អោយលោក ម៉ម សូណង់ដូ តែមានអ្នកផ្សេងទៀត ដែលគេសុំដែរតែមិនទាន់បាន នោះគេនឹងមិនសុខចិត្ត។
ចំពោះសំណើរសុំធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី៣១ ខែមិនា របស់ប្រធានវិទ្យុសំបុកឃ្មុំលោក កើត ឆែ លើកឡើងថា សាលារាជធានីភ្នំពេញមិនអាចអនុញ្ញាតអោយធ្វើបានទេ ដោយសារទុកពេលធ្វើការស៊ើបអង្កេតបន្ថែមទៀត។ ប្រសិនបើការស្នើសុំពុំទាន់បានអនុញ្ញាត អ្នកស្នើសុំនាំគ្នាធ្វើបាតុកម្មទាមទារ បញ្ហានេះនឹងបណ្តាលអោយជាទម្លាប់អាក្រក់នៅពេល ដែលស្នើសុំអ្វីមួយមិនបាន នាំគ្នាធ្វើបាតុកម្ម។
ការបដិសេធមិនឲ្យធ្វើបាតុកម្មរបស់សាលក្រុងភ្នំពេញ តែងរងការរិះគន់ពីសំណាក់អ្នកឃ្លាំមើលសិទ្ធិមនុស្ស ដោយបានចាត់ទុកថា ជាសេចក្ដីសម្រេចដែលរំលោភលើសិទ្ធជាមូលដ្ឋាន មានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស។ ជុំវិញការបដិសេធរបស់ក្រសួងព័ត៌មាន ទាក់ទងនឹងការផ្ដល់ហ្វ្រេកង់បន្ថែម និងកម្លាំងផ្សាយបន្ថែមទៅដល់ខេត្តផ្សេងៗនោះ ក្រុមអ្នកតាមដានស្ថានការណ៍នេះ ក៏បានបរិហារការសម្រេចចិត្តនេះដែរ ដោយបានចោទក្រសួងព័ត៌មាន មានការរើសអ៊ើង និងប្រកាន់និន្នាការនយោបាយ ព្រោះតែវិទ្យុសម្បុកឃ្មុំផ្ដល់នូវព័ត៌មានឯករាជ្យ មិនគាំទ្ររដ្ឋាភិបាល និងនយោបាយរបស់គណបក្សកាន់អំណាច។
ការលើកឡើងរបស់ ក្រុមអ្នករិះគន់ ត្រូវបានលោក ឃុន សំខាន់ ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ បកស្រាយថា «ក្រួងព័ត៌មាន អត់មានគាបសង្កត់ ពីបញ្ហាការផ្សាយព័ត៌មានរបស់គាត់ទេ។ រីឯបញ្ហាសុំតម្លើងប្រេកង់ ខ្ញុំគិតថាបើតាមលក្ខណៈបច្ចទេស ប្រហែលជាវាអត់មានមែន ព្រោះមកទល់ថ្ងៃនេះ មានអ្នកដែលសុំបើកស្ថាននីយ៍វិទ្យុច្រើនណាស់ បានទៅសុំក្រសួង តែសំខាន់វាអត់មានប្រេកង់។ យើងឃើញហើយ វិទ្យុមួយចំនួននៅទីក្រុងភ្នំពេញ ស្តាប់មិនសូវបាន ដោយសារវាឆ្លងប្រេកង់គ្នា។»៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៥ មីនា ២០១៤