យុង ខេមរា តារា​ហ្វេសប៊ុក​ថ្មី ល្បី​ខាង​ទទួល​ការ​ជេរ​ប្រទេច

នៅប្រទេសកម្ពុជា ចង់ល្បីឈ្មោះ មិនពិបាកទេ។ ហើយបើចង់ល្បីឈ្មោះកាន់តែខ្លាំង បង្កើតទំព័រមួយតាមបណ្ដាញសង្គមហ្វេសប៊ុក ហើយធ្វើរឿងចម្លែកៗណាមួយទៅ នឹងច្បាស់ជាមានមានចែករំលែក ហើយមិនយូឡើយ ម្ចាស់ទំព័រនោះ នឹងក្លាយជាតារាហ្វេសប៊ុកជាមិនខាន។ នេះជាករណី របស់ម្ចាស់ទំព័រមួយទើបនឹងបង្កើត មានឈ្មោះថា កញ្ញា យុង ខេមរា។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: December 31, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅប្រទេសកម្ពុជា ចង់ល្បីឈ្មោះ មិនពិបាកទេ។ ហើយបើចង់ល្បីឈ្មោះកាន់តែខ្លាំង បង្កើតទំព័រមួយតាម​បណ្ដាញ​សង្គមហ្វេសប៊ុក ហើយធ្វើរឿងចម្លែកៗណាមួយទៅ នឹងច្បាស់ជាមានការចែករំលែក ហើយមិនយូឡើយ ម្ចាស់​ទំព័រ​នោះ នឹងក្លាយជាតារាហ្វេសប៊ុកជាមិនខាន។ នេះជាករណី របស់ម្ចាស់ទំព័រមួយទើបនឹងបង្កើត មានឈ្មោះថា កញ្ញា យុង ខេមរា។


កញ្ញា យុង ខេមរា អ្នកសារព័ត៌មានរបស់ទូរទស្សន៍អប្សរា។ (រូបថត ហ្វេសប៊ុក)

តារាវិថី - ទំព័រថ្មីមួយមានឈ្មោះថា «Yung Khemara - យុង ខេមរា» ដែលម្ចាស់របស់ទំព័រ ត្រូវបានគេស្គាល់ថា ជាអ្នកសារពត៌មានប្រចាំទូរទស្សន៏អប្សរា ទើបត្រូវបានបង្កើតឡើង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣នេះប៉ុណ្ណោះ។  ប៉ុន្តែរហូតមកថ្ងៃទី៣១ ខែធ្នូនេះ ទំព័ររបស់អ្នកសារព័ត៌មាននេះ មានអ្នកចុចចូលចិត្ត ដល់ទៅជាងប្រាំពាន់​នាក់​ទៅ​ហើយ។ ទោះបីចុចចូលចិត្តច្រើនម្តេចក្តី ប៉ុន្តែប្រិយមិត្តលេងហ្វេសបុកទាំងនោះ មិនមែនសុទ្ឋតែស្រឡាញ់ ឬចូលចិត្ត​ម្ចាស់គេហទំព័រម្នាក់នេះឡើយ។ ពួកអ្នកលេងហ្វេសបុកភាគច្រើន ប្រែជាប្រើប្រាស់ពាក្យជេរប្រមាថជាច្រើន រួមនឹង​ការកាត់តរូបភាពមិនគប្បីមួយចំនួនទៀត ដើម្បីបង្ហាញពីភាពស្អប់ខ្ពើមរបស់ពួកគេចំពោះម្ចាស់ទំព័រនេះទៅវិញ។

នាពេលថ្មីៗនេះ ទំព័រហ្វេសប៊ុក I love Cambodia Hot News ដែលមានអ្នកចុចចូលចិត្តប្រមាណជាង២៧ ម៉ឺននាក់ និងជាទំព័រមួយមាននិន្ទាការទៅរកគណបក្សប្រឆាំង បានចុះផ្សាយនូវប្រតិកម្មនានា ឆ្លើយតបនឹង​ពាក្យពេចន៏មួយ​ចំនួន ដែលកញ្ញា យុង ខេមរា បានផ្សាយក្នុងទំព័ររបស់ខ្លួន ក្នុងអំឡុងពេលកន្លងមក។ ការឆ្លើយតបនេះ ត្រូវបាន​ទទួលការគាំទ្រ ពីមិត្តភក្តិជាច្រើនតាមហ្វេសបុក ចុចចូលចិត្ត ចែករំលែក និងរិះគន់រាល់វគ្គនិមួយៗ មិនក្រោម ៤០០​នាក់ឡើយក្នុងមួយលើកៗ។

ជាទូទៅសម្រាប់គោលការណ៏ប្រជាធិបតេយ្យ បើទោះជាគំនិតដែលមានសម្លេងភាគតិចក៏ដោយ ក៏គំនិតនោះតែង​ត្រូវបាន​ទទួលស្គាល់ឬត្រូវបានការពារដែរ ដែលមិនខុសពីពាក្យចាស់ ដែលតែងពោលថា៖ «មនុស្សដប់ គំនិតដប់»​ ឡើយ។

ផ្ទុយទៅវិញ កញ្ញា យុង ខេមរា ដែលរងការរិះគន់ ជេរប្រទេចផ្ដាសារពីបណ្ដាជនជាច្រើននោះ មិនអាចចាត់ទុកថា នោះគ្រាន់តែជាការ​បញ្ចេញយោបល់ ឬការពិតដែលកញ្ញាខ្លួនឯង បានឃើញនោះឡើយ តែដោយសារកញ្ញា​បាន​បង្ហោះឃ្លីបវីដេអូជាច្រើន មានលក្ខណៈជាការយកព័ត៌មាន ដែលផលិតចេញពីកម្មវិធី​ អប្សរាណេត របស់ទូរទស្សន៍​អប្សរា។ សម្ដីសម្ដៅ និងកាយវិការរបស់នាង ដែលមានដំណើរទំនងជាអ្នកសារព័ត៌មានអាជីពនោះ ត្រូវរងនូវការ​រិះគន់ជាខ្លាំង ដោយសារតែនាងមិនដែលបានយក ឬថ្លែងយកការណ៍ពីក្រុមបាតុករនៃគណបក្សប្រឆាំង ឬក្រុម​កម្មករ​ដែលកំពុងទាមទារការតម្លើងប្រាក់ខែ ឬក៏ក្រុមពលរដ្ឋរងគ្រោះដោយការបណ្ដេញពីដីធ្លី ដែលធ្វើឲ្យ​គុណភាព​ព័ត៌មានរបស់នាង មានតុល្យភាព ឬឯករាជ្យនោះឡើយ។

ក្រៅពីក្រុម អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាដ៏តិចតួចចេញ ដែលបានដាក់មតិនូវពាក្យសម្ដីល្អៗឲ្យនាងនោះ អ្នកប្រើប្រាស់បណ្ដាញដទៃទៀត សុទ្ធតែបានជម្រះបញ្ជីជាមួយកញ្ញា យុង ខេមរា ដោយការរិះគន់ ឬការជេ​រផ្ដាសា​ទាំងអស់។ សិល្បការិនីម្នាក់ កញ្ញា ដាណេ ស៊ូណេណេ បានថ្លែងជាយោបល់តបថា «រឿងអញ្ចឹង ផ្សាយណាស់។ ចុះរឿងខ្លះៗ ដែលកងប្រដាប់អាវុធ សំលាប់គេទៀត ម៉េចមិនផ្សាយ?» រីឯអ្នករិះគន់ម្នាក់ទៀត បានធ្វើវីដេអូឃ្លីប​ប្រតិកម្ម​តបទៅ​កញ្ញា យុង ខេមរា ទៀតថា «នោះ ដោយសារតែនាង យុង ខេមរា ឯង មិនដែលជួបបញ្ហា ឬរងនូវ​អំពើអយុត្តិធម៌»។

ព្រះសង្ឃលួន សាវាត ដែលមានព្រះនាមល្បីឈ្មោះដែរនោះ បានសរសេរនៅក្នុងទីកន្លែងឲ្យយោបល់ នៃវីដេអូ​មួយ​របស់កញ្ញា យុង ខេមរា ដូច្នេះថា «ក្រោយពីបានមើលកិច្ចសម្ភាសន៍ TVនេះហើយ តើគួរហៅថា ទូរទស្សន៍អប្សរា ឬហៅថា ទូរទស្សន៍ ទុរយសព្រាយបីសាច ? សម្ភាសន៍យកតែមតិស្រប មិនមានមតិផ្ទុយ ឬហៅថាតុល្យភាព តម្លាភាពនៃប្រភពព័ត៌មាន បន្តិចណាសោះ ? ឯណាទៅព័ត៌មានឯករាជ្យអព្យាក្រិត្យ?» ដោយល្បីថាជាសង្ឃ ពូកែ​ផ្សព្វផ្សាយព័ត៌មានដែរនេះ ព្រះសង្ឃ លួន សាវាត បានមានសង្ឃដីការទៀតថា «អាត្មាគិតថា នឹងបបួល​ព្រះសង្ឃ​ញាតិញោម ពុទ្ធបរិស័ទជនរួមជាតិសាសនាខ្មែរ ដែលស្រលាញ់យុត្តិធម៌ សច្ចធម៌ ព័ត៌មានសេរី ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ទៅធ្វើបាតុកម្មសួរសុខទុក្ខ កញ្ញាបីសាចTVអប្សរា នៅស្ថានីយ៍ និងក្រសួងព័ត៌មានថ្ងៃណាមួយ ក្នុង​ពេល​ឆាប់ៗខាងមុខនេះជាមិនខាន ព្រោះអាត្មាភាពយើងខ្ញុំទាំងអស់គ្នា ក៏ចង់មានមតិចង់និយាយ តាមកញ្ចក់​ទូរទស្សន៍ផងដែរ ហេតុអីអ្នកយកព័ត៌មានព្រាយបិសាចមិនមកសម្ភាសន៍ ?»

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានសុំប្រតិកម្មពីម្ចាស់ទំព័រហ្វសប៊ុក «Yung Khemara - យុង ខេមរា» កញ្ញា យុង ខេមរា ប៉ុន្តែមិនទាន់ត្រូវបានម្ចាស់ទំព័ររូបនេះ ឆ្លើយតបវិញនៅឡើយ។ បើសូម្បីនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៣​មុន​នេះ កញ្ញា យុង ខេមរា បានបង្ហោះនូវរូបភាពរបស់ខ្លួន ដោយមិនបាននិយាយ ទាក់ទងដល់បញ្ហាសង្គម ឬ​នយោបាយក្តី ក៏រូបភាពកញ្ញាដ៏ស្រស់ស្អាតមួយនេះ នៅតែទទួលរងនៅការរិះគន់ច្រើនដដែល រហូតជាង៤០០​យោបល់ ដែលភាគច្រើនសុទ្ធតែជាពាក្យជេរប្រទេច ពីអ្នកលេងហ្វេសប៊ុក៕

-----------------------------------------------
ដោយ៖ ក. សេងហុង - ភ្នំពេញ ថ្ងៃ៣១ ខែធ្នូ ឆ្នាំ ២០១៣
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...