ឃាត់ខ្លួនស្ត្រីអ្នកលេងហ្វេសប៊ុកម្នាក់ ដែលចោទត្រកូល ហ៊ុន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 12, 2017
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា និងលោក គីម សុខ អ្នកធ្វើអត្ថាធិប្បាយនយុោបាយ ដែលត្រូវបានប្រព័ន្ធយុត្តិធម៌ ក្នុងប្រទេសកម្ពុជា ចោទប្រកាន់ ទាក់ទងនឹងការថ្លែង របស់អស់លោកទាំងនោះ ថាលោក ហ៊ុន សែន និងក្រុមគ្រួសារ (ឬរដ្ឋាភិបាល) ថាមានជាប់ពាក់ព័ន្ធ ក្នុងឃាតកម្ម បាញ់សម្លាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម កាលពីមួយឆ្នាំមុននោះ នៅព្រឹកថ្ងៃទី១២ ខែកក្កដានេះ ស្ត្រីមួយរូប ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម ដ៏ល្បីឈ្មោះ ក៏ត្រូវបានក្រុមសមត្ថកិច្ច មកពីក្រសួងមហាផ្ទៃ ចុះធ្វើការឃាត់ខ្លួនដែរ ទាក់ទងនឹងករណីដដែល។
លោក កែម ឡី ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំទៅម៉ិញ នៅខណៈលោកកំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ។ នៅក្រោយឃាតកម្មនោះ និងរហូតមកដល់ថ្ងៃនេះ ជនសង្ស័យតែម្នាក់គត់ ឈ្មោះ អឿង អាង ដាក់រហស្សនាម «ជួប សម្លាប់» ត្រូវបានឃាត់ខ្លួន និងផ្តន្ទាទោស។
ស្រ្តី ដែលត្រូវបានគេស្គាល់ នៅលើបណ្ដាញសង្គម ហ្វេសបុក( Facebook) ដាក់ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បានបង្ហោះវីដេអូផ្សាយផ្ទាល់ខ្លីមួយ នៅលើគណនេយ្យរបស់នាង ដោយចោទលោក ហ៊ុន សែន និងក្រុមគ្រួសារថា ជាអ្នកសម្លាប់ (ឬស្ថិតនៅពីក្រោយឃាតកម្ម បាញ់សម្លាប់) លោក កែម ឡី។ ការថ្លែងនោះ ត្រូវបានរូបនាងធ្វើឡើង ចេញពីពិធីបុណ្យគម្រប់ខួបមួយឆ្នាំ កាលពីថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០១៧ ក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
បើទោះជាវីដេអូនោះ ត្រូវបានលប់ចេញទៅវិញ ក្នុងពេលក្រោយមកក៏ដោយ តែនៅលើបណ្ដាញសង្គម វាមិនមានអ្វី ជាអាថ៌កំបាំងឡើយ ជាពិសេស នៅពេលដែលគណនេយ្យហ្វេសប៊ុករបស់នាង មានអ្នកតាមដានច្រើន រហូតដល់ជិតពីរម៉ឺននាក់។ វីដេអូដ៏អាស្រូវ ត្រូវបានទាញចម្លងទុក នឹងបន្ទាប់មក ត្រូវបានយកមកបង្ហោះឡើងវិញ ដោយអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត ដែលមាននិន្នាការ ខុសពីរូបនាង។
នៅខណៈនេះ ស្ត្រីខាងលើ កំពុងត្រូវបានក្រុមអ្នកស៊ើបអង្កេត ធ្វើការសួរចម្លើយ នៅក្នុងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ។ នេះ បើតាមការអះអាង របស់លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានមួយនេះ ទៅកាន់សារព័ត៌មានក្នុងស្រុក។ លោកបានបញ្ជាក់ថា ស្ត្រីខាងលើ ត្រូវបានឃាត់ខ្លួននៅចំណុច ចំណតរថយន្តក្រុង ជិតផ្សារនាគមាស កាលពីព្រឹកមិញ ខណៈរូបនាង ត្រៀមឡើងជិះរថយន្ត ទៅកាន់លំនៅដ្ឋានវិញ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីទទួលខុសត្រូវដដែល បានថ្លែងបញ្ជាក់ថា៖ «យើងបានបញ្ចប់ការសួរនាំ លើស្រ្តីរូបនេះហើយ និងអាចបញ្ជូនទៅតុលាការ នៅល្ងាចនេះ បើសិនបញ្ចប់នីតិវីធី»៕