រថយន្ដព្រះសង្ឃ ប៊ុត ប៊ុនតិញ រងការគប់បំបែកកញ្ចក់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 12, 2017
- ប្រធានបទ: សន្តិសុខសង្គម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាមួយនឹងរូបថតច្រើនសន្លឹក ដែលបង្ហាញពីការបំបែកកញ្ចក់រថយន្ដនោះ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានអះអាង នៅក្នុងគណនេយ្យហ្វេសបុក របស់ព្រះអង្គថា ឡានព្រះអង្គ ត្រូវបានជនទុច្ចរិតមិនស្គាល់មុខគប់ បង្កឱ្យបែកកញ្ចក់ខាងស្ដាំផ្នែកកណ្ដាលនៃឡាន។ ព្រះតេជគុណបានមានថេរដីកាបន្តថា ហេតុការណ៍ បានកើតឡើង កាលពីយប់ថ្ងៃទី១១ កក្កដា វេលាម៉ោងប្រមាណ ២២ និង២៣នាទី នៅជិតវត្តសិរីពោធិព្រឹក្ស ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ព្រះអង្គ ប៊ុនតិញ បានបន្តសង្ឃដីកាថា ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីក្រុមការងារបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បាននិមន្តចុះពន្យល់ពុទ្ធបរិស័ទ ឱ្យរួមគ្នាការពាររូបបដិមាបូរាណមួយ នៅក្នុងឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
កាលពីពេលកន្លងមក ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានអះអាងថា មានក្រុមសមត្ថកិច្ច តែងតាមឃ្លាំមើលព្រះអង្គ សឹងមិនលោះពេល។ ជាពិសេស ការឃ្លាំមើល និងការតាមដាននោះ បានធ្វើឡើង ទោះព្រះអង្គនិមន្តទៅដល់ខេត្តណាក៏ដោយ នៅក្នុងថ្ងៃទី៣០ ខែមិថុនាកន្លងទៅ។ ព្រះតេជគុណ បានបន្តសង្ឃដីកាទៀតថា ក្រុមអាជ្ញាធរហាក់ចង់បង្ហាញ ពីបំណងអ្វីមួយដល់ព្រះអង្គ ខណៈព្រះអង្គគឺជាព្រះសង្ឃ ដែលរិះគន់មិនសំចៃមាត់មួយអង្គ ទៅលើបញ្ហាសង្គម និងនយោបាយ នៅកម្ពុជា។
ស្ថាបនិកបណ្ដាញព្រះសង្ឃ ដ៏ល្បីអង្គនេះ បានចាត់ទុកសកម្មភាពខាងលើ ថាជាការគំរាមកំហែង ការប៉ុនប៉ងបំបាត់សម្លេង និងបង្កអសន្តិសុខ ដល់ព្រះអង្គ និងក្រុមការងាររបស់ព្រះអង្គ។ ព្រះអង្គបានចាត់ទុកថាសកម្មភាពនេះ ថាមានជាប់ទាក់ទងជាមួយនយោបាយ ហើយសមត្ថកិច្ចរបស់រដ្ឋត្រូវទទួលខុសត្រូវ ប្រសិនជាមានបញ្ហាណាមួយ ប៉ះពាល់ដល់ព្រះអង្គ៕