សម្តេចព្រះសង្ឃរាជ ជួន ណាត - រំលឹកពីស្នាព្រះហស្ថ និងព្រះជីវប្រវត្តិ
- ដោយ: ក. សេងហុង ដោយ ក. សេងហុង ([email protected]) - ភ្នំពេញ ថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ ២០១៤
- កែប្រែចុងក្រោយ: February 16, 2014
- ប្រធានបទ: មហាបុរស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រំលឹកពីមហាបុរស - មានឯកសារជាច្រើន ដែលបានសរសេរពីព្រះជីវប្រវត្តរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត មហាបុរស និងអ្នកប្រាជ្ញមួយអង្គ ដែលសឹងតែគ្មានប្រជាជនខ្មែរណាម្នាក់ មិនស្គាល់ព្រះអង្គនោះឡើយ។ ប៉ុន្តែយើងសូមលើកយកមកជម្រាប ដោយដកស្រង់ចេញពីឯកសារមួយចំនួន ដែលរៀបរៀងដោយព្រះមុនីកោសល សូរហាយ ដោយព្រះឃោសធម្ម ប៉ុណ្យ សុម្ភាជន និងដោយលោក ទ្រិញ វ៉ាញ បោះពុម្ភនៅព្រះពុទ្ធសករាជ ២៥១៣ និងនៅគ្រឹះសករាជ ១៩៧០ តែប៉ុណ្ណោះ។
ប្រសូតនៅថ្ងៃអង្គារ៏ ទី១១ ខែមីនា ឆ្នាំ១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រះអង្គជាកូនច្បងនៃគ្រួសារមួយដែលមាន លោកឪពុកឈ្មោះ ព្រហ្ម ជួន អ្នកម្តាយឈ្មោះ យក់ និងប្អូនប្រុសឈ្មោះ ជួន នុត។ ព្រះជន្មាយុរវាង ១២ឆ្នាំ ព្រះអង្គបានត្រូវមាតាបិតា នាំទៅបួសរៀនអក្សរសាស្រ្តជាតិ ក្នុងសំណាក់លោកគ្រូសូត្រស្តាំនាម កែ ម៉ម វត្តពោធិព្រឹក្ស ហៅវត្ត(ពាល្យំ) សង្កាត់រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ព្រះអង្គមានវិជ្ជាជ្រៅជ្រះផ្នែកវេយ្យាករណ៏បាលី សំស្រឹត ទាំងអក្សរជាតិ និងអក្សរវប្បធម៌បុរាណ។ មិនត្រឹមតែភាសាជាតិប៉ុណ្ណោះទេ តែសម្រាប់ភាសាបរទេសវិញ ព្រះអង្គក៏ស្ទាត់ជំនាញដែរ ក្នុងភាសាសំខាន់ៗ ដូចជាភាសាសៀម លាវ បារាំងនិងអង់គ្លេសជាដើម។
ព្រះអង្អបានក្លាយជាសម្ដេចព្រះសង្ឃរាជថ្នាក់ទី១ និងជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយរបស់ប្រទេសកម្ពុជា ដែលមានងារហៅព្រះអង្គថា សម្ដេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត។ សម្តេចព្រះសង្ឃរាជ ជួន ណាត បានកសាងស្នាព្រះហស្ថជាច្រើន ខាងផ្នែកអក្សរសាស្ត្រនិងអរិយធម៌។ ស្នាព្រះហស្ថរបស់ព្រះអង្គមាន វចនានុក្រមខ្មែរទាំងពីរភាគ កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៏បាលី) គហិបដិបត្តិ សាមណេរវិន័យ បាដិមោក្ខសំវរសង្ខេប កាព្យលោកធម៌ នាគោបមាទិកថា និងសុភមង្គលគាថាបាលីបឋ្យាវត្ត ៧គាថា បព្វជ្ជាខន្ធកៈសង្ខេប ចីវរក្ខន្ធកៈពិស្តារ និពន្ធអត្ថបទផ្សេងៗ ក្នុងទស្សនាវដ្តីកម្ពុជសុរិយារបស់ពុទ្ធសាសនបណ្ឌិត្យ និងអត្ថបទធម៌ក្នុងទស្សនាវដ្តីពន្លឺពុទ្ធចក្រ ព្រមទាំងបានពិនិត្យកែសម្រួលពាក្យពេចន៏របស់គណៈកម្មការខេមរយានកម្ម នៃក្រសួងអប់រំជាតិ។ ជាចុងក្រោយ ព្រះអង្គបានរួបរួម បោះពុម្ភសៀវភៅទស្សនាវដ្តី សំរាប់បង្រៀនសិស្សផ្នែកមធ្យមសិក្សា ចេញរាល់ខែ។
ក្រៅពីស្នាដៃខាងលើ សម្តេចព្រះសង្ឃរាជដ៏ល្បី ត្រូវបានតែងតាំងជាចាងហ្វាងរងនៃសាលាបាលីជាន់ខ្ពស់ និងជាសមាជិកក្រុមជំនុំខាងការស្រាវស្រាវ ជ្រើសរើសរកពាក្យពេចន៏ ក្នុងផ្ទៃនៃកវីនិពន្ធខ្មែរបុរាណ និងចូលរួមក្នុងវិស័យឬកម្មវិធីដទៃផ្សេងៗទៀត ទាក់ទងនឹងភាសាខ្មែរ។ ចំណែកព្រះកិច្ចការក្នុងវិស័យព្រះពុទ្ធសាសនានៅឯបរទេស ក៏ព្រះអង្គបានបំពេញដែរ ក្នុងនោះមានដូចជាក្នុងដែនដីកូសាំងស៊ីន កម្ពុជាក្រោម ប្រទេសលាវ ចុងបូព៌ា សេរីលង្កា សហភាពភូមា ប្រទេសឥណ្ឌូនេស៊ីជាដើម។ ក្នុងរាជកិច្ចទាំងនេះ សុទ្ធធ្វើឡើងដើម្បីដើម្បីផ្សព្វផ្សាយ និងស្វែងយល់ពីព្រះពុទ្ធសាសនា។ ដំណើរទស្សនកិច្ចទាំងនេះ បានធ្វើឲ្យព្រះអង្គទទួលនូវមេដាយ និងសមណស័ក្តិជាច្រើនទៀត ក្នុងជីវិតរបស់ព្រះអង្គ។
លោកសាស្ត្រាចារ្យ ជិន ជឿន នៃសាកលវិទ្យាល័យពុទ្ធសាសនបណ្ឌិតសីហនុរាជ ដែលជាអតីតសិស្សសម្តេចព្រះសង្ឃរាជ ជួន ណាត បានថ្លែងរំលឹកពីព្រះឧបជ្ឈារបស់លោក កាលពីនៅមានព្រះជន្មថា ព្រះអង្គជាមនុស្សពូកែចាំ និងពូកែរៀន ទោះស្ថិតនៅក្នុងរយៈពេលយូរម្តេចក្តី ក៏លោកអាចចាំបានទាំងអស់។ មិនត្រឹមតែការងារ ទាក់ទងនឹងការចងក្រងស្នាដៃសម្រាប់ខ្មែរជំនាន់ក្រោយទេ ព្រះអង្គបានចំណាយពេលរាល់ថ្ងៃសីល៍ ដើម្បីទេសនាប្រៀនប្រដៅព្រះសង្ឃដទៃទៀតដែរ។
លោកសាស្ត្រាចារ្យ ដែលមានអាយុ៨០ឆ្នាំ បានបញ្ជាក់ថា ស្នាដៃទាំងប៉ុន្មានខាងលើ គឺសុទ្ធតែព្រះអង្គសិក្សាស្វែងយល់ដោយអង្គឯង ព្រោះនៅពេលនោះ មិនមានសាលារៀនទេ ចំណែកសិស្សដែលអាចរៀនបាន មានតែទៅសិក្សាក្នុងវត្តតែប៉ុណ្ណោះ។ លោកសាស្ត្រាចារ្យបានរំលឹកថា ក្នុងមួយជីវិតរបស់មហាបុរសខ្មែរមួយនេះ ព្រះអង្គបានបូជាទាំងអស់ ដើម្បីពង្រឹង ពង្រីក និងកសាងអក្សរសាស្រ្ត និងអរិយធម៌ខ្មែររហូតដល់ដង្ហើមចុងក្រោយ ដែលរហូតមកដល់ថ្ងៃនេះ មិនទាន់មានកូនខ្មែរជំនាន់ក្រោយណាម្នាក់ ធ្វើបានដូចព្រះអង្គ។
ប៉ុន្តែជាការសោកស្ដាយដ៏ធំធេង របស់ប្រជាជាតិខ្មែរ។ នោះហើយ ជាជីវិតនៅក្នុងវដ្ដសង្សារយើង ព្រោះមហាបុរសនិងអ្នកប្រាជ្ញរបស់ខ្មែរអង្គនេះ បានសុគត នៅក្នុងកុដព្រះអង្គនាវត្តឧណ្ណាលោម រាជធានីភ្នំពេញ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ១៩៦៩ ដោយរោគាពាធ«ដាច់សសៃឈាមបេះដូង» ក្នុងព្រះជន្មា ៨៦ព្រះវស្សា។
លោកសាស្ត្រាចារ្យ ជិន ជឿន បាននិយាយដោយភាពរំជួលចិត្តថា ការបាត់បង់សម្តេចព្រះសង្ឃរាជ ជួន ណាត ដូចជាការបាត់បង់គ្រាប់ពេជ្រដ៏មានតម្លៃ សម្រាប់ប្រទេសកម្ពុជា។ ជីវតខន្តបានរលត់ទៅហើយក៏ពិតមែន តែព្រះកិត្តិនាមរបស់សម្ដេចសង្ឃ អង្គជាអ្នកប្រាជ្ញ នៅតែស្ថិតនៅជានិច្ចសម្រាប់ខ្មែរជំនាន់ក្រោយគ្រប់រូប។ ជាពិសេសស្នាដៃរបស់ព្រះឧបជ្ឈា ដែលលោកសាស្ត្រាចារ្យថ្លែងថា បានរំជួលចិត្តជាងគេ នោះគឺព្រះត្រៃបិដក និងវចនានុក្រមខេមរភាសា ដែលរហូតមកទល់សព្វថ្ងៃ នៅមិនទាន់មានវចនានុក្រមណាផ្សេង មកជំនួសបាននៅឡើយ៕
ព័ត៌មានបន្ថែមជាវីដេអូ៖