នៅពេលដែលទឹកត្នោតខ្មែរ សណ្ដំចិត្តយុវវ័យ...
- ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) -ភ្នំពេញ ថ្ងៃទី០៤ មីនា ២០១៥
- កែប្រែចុងក្រោយ: March 05, 2015
- ប្រធានបទ: ប្រពៃណី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាគច្រើននៃអ្នកដែលចូលចិត្ត អង្គុយជុំគ្នា លើកអកទឹកត្នោត ជូ ឬផ្អែម មានតែអ្នកនៅតាមភូមិ ស្រុក ឬតំបន់ដាច់ស្រយ៉ាល ឬមនុស្សដែលមានវ័យចំណាស់ ដែលមិនសូវសំបូរប្រាក់ ទិញភេសជ្ជៈថ្លៃៗ មកទទួលទានតែប៉ុណ្ណោះ។ ប៉ុន្តែ គេកម្រឃើញណាស់ ដែលយុវជនរស់នៅ ក្នុងរាជធានីដ៏សបូរបែប និងស៊ីវិល័យ ចូលចិត្តទទួលទានទឹកត្នោត និងកាន់តែកម្រទៅទៀត ប្រសិនបើយុវជនទាំងនោះ មិនសូវចាប់អារម្មណ៍ ពីជីវភាពនៅតាមស្រុកស្រែចំការ។
ថ្ងៃមួយ ដែលក្រុមយុវជនទាំងនោះ បានភ្លក្សរសជាតិទឹកត្នោតខ្មែរ ដែលទើបយកមកពីដើមថ្មីៗ ស្រាប់តែពួកគេលាន់មាត់គ្រប់ៗគ្នាថា មានរសជាតិឆ្ញាញ់ និងមានគុណភាពជាងភេសជ្ជៈកំប៉ុង។ យុវជន ណារ៉ុង ដែលបានក្រេបរសជាតិទឹកត្នោតផ្អែមនោះ បានលាន់មាត់ថា ទឹកត្នោតពិតជាឆ្ញាញ់មែន។ វាមិនត្រឹមតែមានរសជាតិឆ្ញាញ់នោះទេ ប៉ុន្តែវាថែមទាំង មានគុណប្រយោជន៍ ថែមទៀត ព្រោះវាជារបស់ធម្មជាតិ គ្មានជាតិគីមី។
ណារ៉ុង បានប្រាប់បន្តថា៖ «យើងនៅក្រុង យើងអត់ដែលបានញ៉ាំទេទឹកត្នោត ហើយក៏មិនសូវមានអ្នកលក់ នៅក្នុងក្រុងភ្នំពេញដែរ។ យូរៗ យើងញ៉ាំម្តង មានអារម្មណ៍ថាផ្អែមឆ្ញាញ់។ ឱ្យតែមានទឹកត្នោតញ៉ាំ វាសប្បាយចិត្ត ដោយសារវាមានរសជាតិប្លែក។»។
រីឯកញ្ញា សូរិយា ក៏មានចំណាប់អារម្មណ៍ ទៅលើទឹកត្នោតរបស់ខ្មែរ មិនចាញ់យុវជនខាងលើផងដែរ។ សូរិយាបានប្រាប់ថា បើប្រៀបធៀប ជាមួយនឹងភេសជ្ជៈដែលមានតម្លៃថ្លៃ ជាមួយនឹងទឹកត្នោត នាងជ្រើសរើសយកទឹកត្នោត ព្រោះទឹកត្នោត មានរសជាតិឆ្ងាញ់ ហើយញ៉ាំទៅមានសុខភាពល្អ។ កញ្ញា និយាយថា៖ «និយាយទៅ ចាស់ៗពីដើម តែងតែនិយាយថា ញ៉ាំទឹកត្នោតមានសុខភាពល្អ ម៉ាក់យាយអី ក៏និយាយអញ្ចឹងដែរ ថាវាមានសុខភាពល្អ ញ៉ាំទៅជួយសេរីរាង្គខាងក្នុងរបស់យើង»។
យុវតីដដែលនេះ បានបន្តថា នាងមិនដែលគិតថា ការញ៉ាំទឹកត្នោត ត្រូវបានគេចាត់ទុក ជាអ្នក«ស្រែ»ឡើយ ព្រោះវាជាផលិតផល របស់ខ្មែរតាំងពីបរមបូរាណមក។ ហើយបើជនជាតិខ្មែរ ជាពិសេសយុវវ័យនាំគ្នាទទួលទានទឹកត្នោត ជំនួសស្រានោះ វានឹងជួយលើកស្ទួយផលិតផលខ្មែរ និងបង្កើនមុខរបរឱ្យប្រជាពលរដ្ឋខ្មែរដែរ។
ទឹកត្នោតរបស់ខ្មែរ មិនត្រឹមតែអាចទទួលទានបានភ្លាម ពេលដាក់ចុះ មកពីលើដើមនោះទេ តែទឹកត្នោត អាចត្រូវបានយកមកកែឆ្នៃ ទៅជាផលិតផលជាច្រើនប្រភេទ ផ្សេងគ្នាក្នុងនោះ មានដូចជា ស្រាស និងទឹកខ្មេះជាដើម។ ជាពិសេស ស្រាទឹកត្នោតខ្មែរ ត្រូវបានបាននាំចេញ យកទៅលក់នៅបណ្តាប្រទេសមួយចំនួន ទាំងនៅទ្វីបអាស៊ី អ៊ឺរ៉ុប និងអាមេរិក ហើយវាសុទ្ធតែទទួលបាន ការពេញនិយម និងចូលចិត្ត ពីអ្នកទាំងឡាយណា ដែលបានទទួលទាន៕