សម្ភាសព្រាប កុល៖ មូលហេតុទាំង៤ ជំរុញអោយប្រព្រឹត្តអំពើពុករលួយ
អំពើពុករលួយ - លោកព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាបានថ្លែងថា បញ្ហាអំពើពុករលួយនៅកម្ពុជាឥលូវនេះ មានការយល់ដឹង ការយកចិត្តទុកដាក់ ការតវ៉ា និងកើនឡើងនៃការត្រួតពិនិត្យតាមដានច្រើនពីប្រជាពលរដ្ឋ។ តាមរយៈការសង្កេតរបស់លោកឃើញថា សន្ទុះនៃការចូលរួម អ្នកដែលសកម្មភាពជាងនោះ គឺយុវជន ហើយបើតាមការស្រាវជ្រាវចុងក្រោយ របស់វិទ្យាស្ថានសាធារណៈរដ្ឋ ក៏បញ្ជាក់ផងដែរថា យុវជនហ៊ាននិយាយច្រើនពីអំពើពុករលួយ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤ ប្រធានអង្គការតម្លាភាពកម្ពុជាដ៏ល្បីឈ្មោះរូបនេះ បានបញ្ជាក់ថា «ដោយសារមានការយកចិត្តទុកដាក់ និងការកើនឡើងនៃការត្រួតពិនិត្យតាមដាន ជាលទ្ធិផលឃើញថាមានការផ្លាស់ប្តូរ ដែលពីមុនអ្នកប្រព្រឹត្តអំពើពុករលួយ បើកចំហរដោយមិនខ្លាចញញើត តែឥលូវនេះគាត់ក៏ខ្លាចដែរ ហើយគាត់លាក់លៀម មានការប្រុងប្រយ័ត្នច្រើនជាងមុន។»
លោកពន្យល់ថា មូលហេតុដែលនាំអោយពូកគាត់ប្រព្រឹត្តអំពើពុករលួយដោយសារ ទីមួយអ្នកប្រព្រឹត្តឃើញគេធ្វើគាត់ក៏ធ្វើ ទើបគិតថាវារឿងធម្មតា ទីពីរ បណ្តាលមកពីភាពលោភលន់ចង់បាន ហើយប្រព្រឹត្តយូៗទៅក្លាយទៅជាញៀន ក្លាយទៅជាទម្លាប់ ទីបីចរន្តសម្ពាធនៅក្នុងអង្គភាព នៅក្នុងសង្គម នៅពេលគាត់ឃើញគេប្រព្រឹត្តគ្រប់គ្នា តែគាត់មិនធ្វើ ទៅជាគាត់ជាមនុស្សចម្លែកខុសគេនៅជាមួយគេមិនកើត និងមួយទៀតបង្ខំចិត្តធ្វើដោយរកលុយសូកទៅថ្នាក់លើ ដើម្បីរក្សាដំណែងរបស់គាត់។
ប្រធានអង្គការតាមដានអំពើពុករលួយរូបនេះ បានឲ្យដឹងទៀតថា តាមការមើលឃើញរបស់លោក អំពើពុករលួយនៅស្រុកខ្មែរពេលនេះមិនមានការកើនឡើងទេ ហើយក៏មិនការថយចុះគួអោយកត់សម្គាល់ដែរ។ លោកបន្តថា «យើងឃើញថា ឥលូវនេះមានការចាប់អ្នកដែលប្រព្រឹត្តអំពើពុករលួយ បានមួយចំនួនដែរ របស់អង្គភាពប្រឆាំងអំពើពុករលួយ និងមានការដាក់ពាក្យបណ្តឹងច្រើន ហើយអ្វីដែលជាឆន្ទៈក្នុងលុបបំបាត់អំពើពុករលួយ របស់រដ្ឋាភិបាលទៀតនោះ គឺគាត់បានដាក់នយោបាយផ្សព្វផ្សាយនៅក្នុងកម្មវិធីសិក្សា»។
លោកបានកត់សម្គាល់ឃើញថា កាលពីមុនឪពុកមា្តយបានហាមឃាត់កូនមិនអោយនិយាយពីរឿងនយោបាយ រឿងសង្គម ជាពិសេសគឺរឿងអំពើពុករលួយ។ តែដោយសម័យកាលនេះ ជាសម័យដែលរីកចំរើននូវប្រព័ន្ធផ្សព្វផ្សាយសង្គម និងការចូលរួមសកម្មភាពសង្គមច្រើនរបស់យុវជនមួយចំនួន គាត់បានតវ៉ាជាមួយឪពុកម្តាយថា យើងត្រូវតែនិយាយពីបញ្ហានេះ ដើម្បីផ្លាស់ប្តូរបរិបទសង្គមនយោបាយនៅកម្ពុជា។ ជាក់ស្តែងឃើញថា នៅពេលដែរយុវជនចាប់ផ្តើមជជែកពិភាក្សាពីបញ្ហានេះជាមួយគ្រួសារ ម្តាយឪពុក និងក្រុមគ្រួសាររបស់ពួកគាត់ចាប់ផ្តើមភ្ញាក់ខ្លួន ចាប់ផ្តើមដឹងលឺ និងយកចិត្តទុកដាក់ពីបញ្ហានេះដែរ។
ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងកសិករ អាជីវករ យុវជន មន្រ្តីរាជការ គ្រូបង្រៀន បុគ្គលិកអង្គការសង្គមស៊ីវិល វិស័យឯកជនទាំងអស់ ត្រូវតែមានស្មារតីប្រឆាំងដាច់ខាតនៃអំពើពុករលួយ ហើយចូលរូមទាមទារបដិសេធរាល់ការស្នើឲ្យប្រព្រឹត្តអំពើពុករលួយ និងចូលរួមរាយការណ៍ពីអំពើពុករលួអោយសកម្មអោយបានគ្រប់គ្នាៗ។ មានតែការធ្វើដូចនេះទើបទទួលបានជោគជ័យ ក្នុងការលុបបំបាត់អំពើពុករលួយ។ នេះជាសេចក្ដីអំពាវនាវចុងក្រោយ របស់លោក ព្រាប កុល៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៤