ឱម យ៉ិនទៀង៖ បណ្ដឹងរបស់ស្ត្រីពីរនាក់ម្ដាយកូន ខុសច្បាប់ប្រឆាំងអំពើពុករលួយ
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 08, 2016
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការលើកឡើងរបស់ស្រ្តី២នាក់ម្ដាយកូន មិនមានពាក់ព័ន្ធទៅនឹងករណីពុករលួយទេ ប៉ុន្តែជាករណីព្រហ្មទណ្ឌផ្សេងទៀត ដូចជាការរំលោភលើសេចក្តីទុកចិត្ត និងបទល្មើសឆបោកជាដើម។ នេះជាការអះអាង ទៅកាន់អ្នកសារព័ត៌មាន របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីលោកបានស្ដាប់ការបំភ្លឺ របស់ស្ត្រីពីរនាក់ម្ដាយកូន ដែលធ្លាប់អះអាង កាលពីអំឡុងពេលមុនការបោះឆ្នោត ឆ្នាំ២០១៣ ថាខ្លួនជាស្ត្រីកំណាន់លួចលាក់ (ប្រពន្ធចុង) និងជាម្ដាយក្មេកចុង របស់លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ។
កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ត្រីទាំងពីរនាក់ អ្នកស្រី កែវ សុផាន់ណារី (ជាកូន) និងអ្នកស្រី សម ផល្លា (ជាម្ដាយ) បានចូលខ្លួនជាដើមបណ្ដឹង ទៅធ្វើការបកស្រាយ នៅលើបណ្ដឹងរបស់ខ្លួន ប្ដឹងប្រឆាំងលោក កឹម សុខា ថាបានលួងលោមពួកគាត់ ឲ្យលក់ផ្ទះលក់សម្បែង និងសន្យាផ្ដល់សំណងជាប្រាក់ ដើម្បីឲ្យពួកគាត់ធ្វើការងារបម្រើបក្សជាដើម។ ស្ត្រីទាំងពីរនាក់ បានអះអាងថា រហូតមកដល់ពេលនេះ មិនទទួលបានសំណងអ្វី ពីលោក កឹម សុខា នោះឡើយ។
«ចោទប្រកាន់មិនបាន...»
ប៉ុន្តែសម្រាប់លោក ឱម យ៉ិនទៀង ដែលបានស្ដាប់ការអះអាងខាងលើហើយនោះ បាននិយាយថា ករណីទាំងនេះ ជារឿងដទៃពីករណីពុករលួយ និងខុសពីដែនសមត្ថកិច្ចរបស់លោក ដែលកំណត់ឡើងដោយច្បាប់។ លោក ឱម យ៉ិនទៀង បានអះអាងថា ច្បាប់ប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ មិនអាចចាប់ផ្តើមស៊ើបអង្កេត លើករណីដែលមិនពាក់ព័ន្ធ នឹងអំពើពុករលួយបានទេ លុះត្រាតែមានការអនុញ្ញាត ពីតុលាការជាមុនសិន។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងឡើងថា៖ «អង្គភាពមិនអាចយកបណ្ដឹងនេះ (មក)ចាត់ការបានទេ ព្រោះមិនមានជាប់ទាក់ទងផ្ទាល់រឿងសមត្ថកិច្ច។ បើថាពាក់ព័ន្ធផ្ទាល់ទៀត ក៏យើងបើកការចោទប្រកាន់មិនបានទៀត ដោយសារឯកឧត្ដម កឹម សុខា គាត់នៅមានអភ័យឯកសិទ្ធិ។»។
អ្នកស្រី កែវ សុផាន់ណារី អាយុ៤៤ឆ្នាំរូបនេះ ធ្លាប់បានដាក់ពាក្យបណ្ដឹងឡើងទៅតុលាការ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៣ ទាមទារប្រាក់ឧបត្ថម្ភចិញ្ចឹមជីវិត ព្យាបាលជំងឺ និងសុំសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ១ម៉ឺនដុលា្លរ ពីលោក កឹម សុខា ដោយចោទលោក កឹម សុខា ថាបានលួមលោកអ្នកស្រី តែមិនគោរពតាមពាក្យរបស់ខ្លួនជាដើម។ បណ្ដឹងរបស់អ្នកស្រីនៅពេលនោះ ត្រូវបានធ្វើឡើង តាមរយៈរដ្ឋមន្ត្រីក្រសួងកិច្ចការនារី តែត្រូវបានកូនស្រីលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ប្រកាសច្រានចោល។ កូនស្រីច្បងរបស់អនុប្រធានគណបក្សប្រឆាំង បានប្រតិកម្មប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅពេលនោះថា វាជារឿងប្រឌិតឡើង ទាំងមិន«ឡូហ្សិក» របស់គណបក្សកាន់អំណាច។
» អានអត្ថបទនេះឡើងវិញ៖ «នារីកំណាន់ប្ដឹង កឹម សុខា ជាការប្រឌិតឡើងរបស់បក្សកាន់អំណាច»
«អីអញ្ចឹងទៅ...»
បន្ទាប់ពីពេលនោះ គេមិនដែលបានទទួលដំណឹងណាទៀត ពីស្ត្រីម្ដាយកូនទាំងពីរទេ។ រហូតមកទល់នឹងពេលនេះ ស្រាប់តែអ្នកទាំងពីរបានចេញមុខ មកដាក់ពាក្យបណ្ដឹងជាថ្មីប្រឆាំងលោក កឹម សុខា ទាក់ទងនឹងបទចោទខាងលើ ស្របគ្នានឹងរឿងក្ដីដ៏ចម្រូងចម្រាស របស់ស្ត្រីជាងធ្វើសក់ម្នាក់ផ្សេង ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំ។ ម្ដាយកូនទាំងពីរ ថែមទាំងបានចោទលោក កឹម សុខា ថាមានជាប់ពាក់ព័ន្ធ នឹងការរត់ពន្ធមនុស្សមួយទៀត ក្នុងពេលដែលអនុប្រធានគណបក្សប្រឆាំងរូបនេះ ធ្វើដំណើរចេញទៅសហរដ្ឋអាមេរិកម្ដងៗ។ ស្ត្រីវ័យចំណាស់ជាម្ដាយ គឺអ្នកស្រី សម ផល្លា បាននិយាយថា៖ «លើកមុន គាត់ធ្លាប់យកមនុស្ស ចេញទៅក្រៅប្រទេស។ គាត់ទៅជាលេខាផ្ទាល់គាត់ អីអញ្ចឹងទៅ។ គាត់យកទៅម្នាក់ ២ម៉ឺនដុល្លារ អីអញ្ចឹងទៅ។»។
ការលើកឡើងរបស់អ្នកស្រី សម ផល្លា ខាងលើនេះ ត្រូវបានលោក ឱម យិុនទៀង ថ្លែងស្វែងរកការសហការ ពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដើម្បីធ្វើការសើុបអង្កេត ទៅលើដំណើរទៅក្រៅប្រទេសរបស់លោក កឹម សុខា។ តែអ្នកនាំពាក្យស្ថានទូតអាមេរិក លោក ចាយ រ៉ាម៉ាន (Jay Raman) វិញ បានថ្លែងប្រាប់សារព័ត៌មាន «ខេមបូឌាដេលី» ថាលោកមិនធ្វើអត្ថាធិប្បាយអ្វី ទៅលើការស្នើសុំ របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនេះឡើយ៕