ហ៊ុន សែន ប្រាប់ កឹម សុខា ឲ្យដេកក្នុងបន្ទប់៤ម៉ែត្រ៤ជ្រុងបន្តទៀតចុះ
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 07, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ឌឺដងចងជាជម្លោះ» តែបើតាមមើលទៅ មិនមែន«ឈ្លោះព្រោះស្រឡាញ់» ដូចនៅក្នុងភាពយន្ដខ្មែរមួយចំនួននោះទេ។ ហើយនេះ គឺជាការឌឺដងផ្លែផ្កាបញ្ឆិតបញ្ឆៀង ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា ដែលនៅអង្គុយក្នុងតំណែង តាំងពីជាង៣ទសវត្សន៍មកហើយ ទៅកាន់«អ្នកខ្លះ» ដែលគេដឹងថា អ្នកខ្លះនោះ គឺជាលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ដែលកំពុងបង្ខាំងខ្លួនឯង នៅក្នុងទីស្នាក់ការគណបក្ស ដើម្បីបញ្ជៀសពីការចាប់ចង ជាយថាហេតុណាមួយ ពីសំណាក់អាជ្ញាធររដ្ឋ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែយ៉ាងហោចណាស់ ក៏ការបញ្ឆិតបញ្ឆៀងនោះ បានធានាឲ្យគេឯងដឹងថា លោកនាយករដ្ឋមន្ត្រី នឹងទុកឲ្យលោក កឹម សុខា នៅបន្តស្នាក់នៅ ក្នុងទីស្នាក់ការគណបក្ស ជាបន្តទៅទៀត ដោយលោកនឹងមិនធ្វើអ្វីទាំងអស់។ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «អ្នកឯងចង់នៅដេកកន្លែង ៤ម៉ែត្រ ៤ជ្រុង នៅដេក(តទៅទៀតទៅ) មាននរណាថាអី»។
ថ្លែងនៅក្នុងការកាត់ឫសសីមាព្រះវិហារ នៃវត្តមឿងចារ្យលិខិតារាម ដែលស្ថិតនៅភូមិមឿងចារ្យ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន ទំនងជាចង់ចំអក ទៅការលើកឡើងរបស់លោក កឹម សុខា ដែលបានថ្លែងកាលពីមួយថ្ងៃមុន (ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦) ថាសភាពការណ៍បច្ចុប្បន្ន មានសភាពធម្មតា ហើយថាគណបក្សសង្គ្រោះជាតិរបស់លោក នឹងឈ្នះឆ្នោត ក្នុងការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «អត់បញ្ហាទេ សភាពការណ៍នៅធម្មតា (ទេតើ)។ បើអញ្ចឹង នៅដេកត្រង់ហ្នឹងទៅ បើគង់ថាស្រួលដដែល។ គេថាសភាពការណ៍អត់បញ្ហា អើបើអត់បញ្ហា កុំស្រែក បើគង់ចាំឈ្នះដដែល ចាំឈ្នះតែម្តងទៅ កុំស្រែកខ្មាសគេ។»
លោក ហ៊ុន សែន បានបន្តចំអក ទៅឲ្យ«អ្នកខ្លះ»នោះទៀតថា៖ «អ្នកខ្លះខុសខ្លួនឯង ទៅយកទីកន្លែងដទៃ ជាអង្គការចាត់តាំង ជាក្រុមនុស្សមួយក្រុម ជាតួអង្គចាត់តាំងមួយ ដើម្បីការពារខ្លួន ហើយអង្គការចាត់តាំងនោះ ក៏ការពារមនុស្សខូចទៀត ដើម្បីប្រឈមនិងផ្លូវច្បាប់»។
បុរសខ្លាំងកម្ពុជាបានឆ្លៀតក្នុងឱកាសដដែល ដើម្បីព្រមានទៅដល់គណបក្សសង្គ្រោះជាតិទាំងមូល និងទៅដល់អង្គការមនុស្សធម៌មួយចំនួនផង ថាកុំឲ្យយកខ្លួនមកការពារ ទង្វើខុសច្បាប់របស់បុគ្គលម្នាក់ ឬពីរនាក់នោះ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «អង្គការចាត់តាំងនយោបាយ ឬអង្គការចាត់តាំងមនុស្សធម៌មួយចំនួន ក៏មិនគួរទុកឲ្យបុគ្គលម្នាក់ ឬពីរនាក់ បំផ្លាញនូវបក្សនយោបាយមួយ ឬបំផ្លាញនូវអង្គការចាត់តាំងនយោបាយមួយ តាមរយៈនៃការការពារអំពើខុសច្បាប់ របស់បុគ្គលណានោះទេ»។
លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់មកពីប្រទេសកម្ពុជា បានថ្លែងពន្យល់ប្រាប់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ថាការឌឺដងបញ្ឆិតបញ្ឆៀង របស់លោក ហ៊ុន សែន នេះ អាចជាជំហ៊ានក្រោយមួយទៀត ដើម្បីឈានទៅបិតគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលឯករាជ្យណា ដែលមានជំហររឹងរួស មិនស្របនឹងនយោបាយ ឬដឹងពីល្បិចកិច្ចកល របស់រដ្ឋាភិបាលលោក។ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជារូបនេះ បានអះអាងថា លោក ហ៊ុន សែន កំពុងប្រើប្រាស់រឿងរ៉ាវមួយចំនួន ដែល(ត្រូវ)បានកើតឡើងថ្មីៗនេះ ដើម្បីរាំងខ្ទប់ចរន្ដនយោបាយណា ដែលមានសន្ទុះខ្លាំង ហើយអាចប្រលងប្រណាំងស្មើរកម្លាំង ជាមួយនឹងលោកបាន៕