មតិ​រិះគន់​ ចំពោះ​ការ​ដក​ស្លាក​លេខ​រថយន្ត​រដ្ឋសភា​ហួស​អាណត្តិ

បន្ទាប់ពីអគ្គលេខាធិការដ្ឋានរដ្ឋសភាស្នើក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការ ចំពោះការប្រើប្រាស់ស្លាកលេខរថយន្ត រដ្ឋសភា១ រដ្ឋសភា២ រដ្ឋសភា៣ និងរដ្ឋសភា៤ ដែលបាននិរាករណ៍ផុតកំណត់មក បានជម្រុញឲ្យអ្នកតំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ និងអង្គការសង្គមស៊ីវិលរិះគន់ចំណាត់ការនេះថា មានលក្ខណៈ​នយោបាយច្រើនជាងការពង្រឹងការអនុវត្តច្បាប់ ព្រោះបញ្ហានេះវាមិនមានភាពចាំបាច់ខ្លាំង ខណៈបញ្ហាផ្សេងៗ​ទៀត​ច្រើនស្អេកស្កះ កំពុងកើតឡើងនៅក្នុងសង្គមមិនត្រូវបានផ្តល់អាទិភាពក្នុងការដោះស្រាយ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីអគ្គលេខាធិការដ្ឋានរដ្ឋសភាស្នើក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការ ចំពោះការប្រើប្រាស់ស្លាកលេខរថយន្ត រដ្ឋសភា១ រដ្ឋសភា២ រដ្ឋសភា៣ និងរដ្ឋសភា៤ ដែលបាននិរាករណ៍ផុតកំណត់មក បានជម្រុញឲ្យអ្នកតំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ និងអង្គការសង្គមស៊ីវិលរិះគន់ចំណាត់ការនេះថា មានលក្ខណៈ​នយោបាយច្រើនជាងការពង្រឹងការអនុវត្តច្បាប់ ព្រោះបញ្ហានេះវាមិនមានភាពចាំបាច់ខ្លាំង ខណៈបញ្ហាផ្សេងៗ​ទៀត​ច្រើនស្អេកស្កះ កំពុងកើតឡើងនៅក្នុងសង្គមមិនត្រូវបានផ្តល់អាទិភាពក្នុងការដោះស្រាយ។


រថយន្ដរបស់លោក សម រង្ស៊ី បើកចេញពីព្រះបរមរាជវាំងវិញ នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

ច្បាប់កម្ពុជា - ជុំវិញបញ្ហានេះ តំណាងរាស្រ្ត និងជាមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានពន្យល់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៣ នេះថា អ្វីដែលរដ្ឋសភាពបានធ្វើនេះ គឺមានចេតនានយោបាយច្រើនជាងឆន្ទះពិតប្រាកដក្នុងការពង្រឹងការអនុវត្តច្បាប់ ហើយក៏ជាការបំភិតបភៃដល់​អ្នក​តំណាងរាស្រ្តរបស់គណបក្សជំទាស់ផងដែរ ព្រោះកាលៈទេសៈកម្ពុជាបច្ចុប្បន្នមានបញ្ហាច្រើនណាស់ ដែលត្រូវ​ដោះស្រាយជាចាំបាច់ តែពួកគេបែរជាប្រញាប់មកដោះស្រាយបញ្ហាមិនចាំបាច់ទៅវិញ។

លោក អេង ឆៃអ៊ាង បញ្ជាក់ថា៖ «រឿងអតីតអ្នកតំណាងរាស្រ្ត ប្រើស្លាកលេខចាស់ វាមិនមែនជារឿងសំខាន់ រឿងចាំ​បាច់​អីទេ អ្វីដែលគេធ្វើគេចង់សម្លុត តែខាងគេធ្វើ គេប្រើស្លាកលេខក្លែងក្លាយ ស្លាកលេខ (ន ប) ស្លាកលេខ(ខ ម) ដែលយកទៅដឹកឈើ ដឹកទំនិញខុសច្បាប់ គួរយកទៅដោះស្រាយមុន ព្រោះមានប្រយោជន៍សាធារណៈ និងផល​ប្រយោជន៍ដល់ជាតិច្រើនជាង(...)រឿងអ្នកតំណាងរាស្រ្តថ្មីប្រើស្លាកលេខចាស់ គ្នានអ្វីសំខាន់ គ្នានអ្វីចាំបាច់ទេ»។

គួររម្លឹកថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ តាមរយៈលិខិតមួយច្បាប់​ដែលបានផ្ញើរអោយ​ក្រសួងមហាផ្ទៃ បានលើកឡើងថា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានរៀបចំ និងផ្តល់ស្លាកលេខ រថយន្ត រដ្ឋសភា ៥ ជូនដល់ តំណាងរាស្ត្រទាំង ១២៣ រូប សម្រាប់ប្រើប្រាស់ផ្លូវការ នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភា ឆ្នាំ២០១៣-២០១៨ រួចរាល់អស់ហើយ។ ប៉ុន្តែរយៈពេលកន្លងមក មានរថយន្តមួយចំនួននៅពាក់ស្លាកលេខរថយន្ត រដ្ឋសភា១ រដ្ឋសភា២ រដ្ឋសភា៣ និងរដ្ឋសភា៤ កំពុងធ្វើចរាចរណ៍ តាមដងផ្លូវនៅឡើយ ខណៈស្លាកលេខទាំងនោះ ត្រូវបាននិរាករណ៍​ហើយនោះ ។ លិខិតដដែលនេះ ក៏បានស្នើដល់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់វិធានការ ចំពោះការប្រើប្រាស់​ស្លាក​លេខរថយន្ត រដ្ឋសភា១ រដ្ឋសភា២ រដ្ឋសភា៣ និងរដ្ឋសភា៤ ដែលបាននិរាករណ៍ ផុតកំណត់ហើយនោះ។

ការដាក់ឲ្យប្រើប្រាស់បន្ទាន់ សម្រាប់ស្លាកលេខរថយន្ត រដ្ឋសភា ថ្មី អាណត្តិទី៥ នេះ ត្រូវបានអ្នកតាមដាន​ស្ថាន​ការណ៍សង្គមកម្ពុជាមួយចំនួនលើកឡើងថា ជាការដាក់សម្ពាធរបស់​រដ្ឋសភាលើក្រុមអ្នកតំណាងរាស្រ្ត​គណបក្ស​ជំទាស់ ព្រោះថា បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ ទាំង ៥៥ រូប របស់គណបក្សសង្គ្រោះជាតិ​មិនអាចទទួលបាន​ស្លាកលេខរថយន្ត រដ្ឋសភា ៥ យកមកប្រើប្រាស់បាននោះទេ ដរាបណាអ្នកតំណាងរាស្រ្តទាំងនោះ មិនទាន់បាន​ស្បថចូលកាន់តំណែង ជាមុនសិន។

ទាក់ទងបញ្ហានេះ លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាបានពន្យល់ថា បញ្ហានៅក្នុងប្រទេសកម្ពុជា​មាន​ច្រើនណាស់ ដែលត្រូវដោះស្រាយបន្ទាន់។ ដោយឡែកបញ្ហាស្លាកលេខរថយន្តរបស់អ្នកតំណាងរាស្រ្ត វាមិនគួរណា​រដ្ឋសភាកម្ពុជាផ្តល់អាទិភាពក្នុងការដោះស្រាយនោះទេ ព្រោះកម្ពុជានៅមានបញ្ហាផ្សេងៗទៀត​ច្រើនណាស់ ដែល​ត្រូវពង្រឹងការអនុវត្តន៍ និងត្រូវដោះស្រាយបន្ទាន់។

លោក ព្រាប កុល បញ្ជាក់ថា៖ «ការកែទម្រង់តាមស្ថាប័ន បញ្ហាអំពើពុករលួយ ច្បាប់ទទួលព័ត៌មាន ច្បាប់ចាស់​មួយចំនួនដែលអនុវត្តមិនទាន់មានប្រសិទ្ធិភាព ប្រព័ន្ធតុលាការមិនទាន់មានភាពឯករាជ្យ បញ្ហាផ្សេងៗទៀតសុទ្ធ​តែអាទិភាព ហេតុអ្វីមិនដោះស្រាយ? បញ្ហាស្លាកលេខតំណាងរាស្រ្ត សំខាន់អ្វីដែលតម្រូវឲ្យសភា​ដោះស្រាយ​ភ្លាមៗនោះ វាជាពេលវេលាមិនសមស្រប៕»

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...