ការហៅសមាជិករដ្ឋាភិបាលទៅសួរនៅរដ្ឋសភា ដើម្បីគ្រាន់នឹងល្អមើល?
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 23, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើទោះមានការរិះគន់ថាខ្វះតម្លាភាព និងមិនមានប្រសិទ្ធភាព ពីសំណាក់គណបក្សសង្រ្គោះជាតិ ក៏ដោយ ក៏សភាដែលបង្កើតឡើងជាឯកបក្ស គឺគណបក្សប្រជាជនកម្ពុជានោះ គ្រោងនឹងបន្តកោះហៅរដ្ឋមន្រ្តីចំនួនបីរូបទៀត ទៅឆ្លើយបំភ្លឺការសួរដេញដោលដោយសមាជិកសភា។
ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។
តម្លាភាព - រដ្ឋមន្រ្តីក្រសួងកសិកម្មលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គៀនហោ និងរដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ នឹងត្រូវកោះហៅទៅឆ្លើយបំភ្លឺ អំពីបញ្ហាផ្សេងៗក្រោមការដឹកនាំរបស់ពួកគេ បន្ទាប់ពីមានការជជែកគ្នា នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី២៣ ខែមិថុនានេះ។ នេះជាការបញ្ជាប់របស់លោក ឈាង វុន មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្នុងថ្ងៃដដែលនេះ។
ការកោះហៅសមាជិករដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ទៅឆ្លើយបំភ្លឺសំណួររបស់សមាជិសភា របស់គណបក្សប្រជាជនកម្ពុជា ដោយមិនមានវត្តមានសមាជិកសភា របស់គណបក្សសង្រ្គោះជាតិនោះ ត្រូវបានអង្គការសង្គមស៊ិវិល និងគណបក្សសង្រ្គោះជាតិវាយតម្លៃថា វាគ្រាន់តែជាឈុតឆាកនយោបាយឲ្យល្អមើលប៉ុណ្ណោះ ព្រោះគ្មានសំណួររសើបត្រូវបានសួរ។
តែសម្រាប់លោក ណែត ស៊ីនថៃ ជានាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយបានថ្លែងប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤នេះថា ទោះយ៉ាងណាវាក៏ជាជំហានល្អមួយដែរសម្រាប់ប្រទេសកម្ពុជា ដែលពីមុនមកមិនដែលមានវប្បធម៌ ហៅសមាជិករដ្ឋាភិបាលទៅឆ្លើយបំភ្លឺនៅរដ្ឋសភា ប៉ុន្តែឥឡូវវប្បធម៌ល្អនេះ ស្ថិតនៅដំណាក់កាលចាប់ផ្តើម។
នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយដដែល បានរំពឹងទុកថា នៅពេលគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជាឯកភាព អាចធ្វើការជាមួយគ្នានៅក្នុងរដ្ឋសភាបាន នោះការចោទសួរនៅក្នុងរដ្ឋសភា វាអាចប្រសើរជាងនេះ ព្រោះគណបក្សសង្រ្គោះជាតិ នឹងមានលទ្ធភាពលើកឡើងប្រភេទសំណួររសើប ឬស្នូល ដែលសមាជិកសភាគណបក្សប្រជាជនកម្ពុជា ទំនងជាមិនហ៊ានលើកឡើង។ លោកណែត ស៊ីនថៃ សង្កត់ធ្ងន់ថា៖ «ប្រសិទ្ធភាព ឬមិនប្រសិទ្ធភាពយើងត្រូវមើលលើកដំណើរការ តែពេលនេះវាគ្រាន់តែជាការចាប់ផ្តើម។»
មាត្រ៩៧នៃរដ្ឋធម្មនុញ្ញកម្ពុជាបានចែងថា៖ «គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្រ្តីមកបភ្លឺ អំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន»។ ហើយកាលពីពេលថ្មីៗនេះ រដ្ឋសភាដែលមានតែសមាជិកសភាខាងគណបក្សប្រជាជនកម្ពុជា បានផ្តើមកោះហៅលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មកឆ្លើយបំភ្លឺក្នុងសភា ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍសាងសង់ទំនប់វារីអគ្គិសនី សេសានក្រោម២ នៅខេត្តស្ទឹងត្រែង៕