ជនសង្ស័យសំខាន់នៃការបាត់យន្ដហោះ MH370 គឺអាកាសយានិក!
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 23, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សារព័ត៌មានអង់គ្លេស ដេល្លីមៀរ័រ (Daily Mirror) បានទម្លាយពីចំណុចថ្មីៗ ដែលខ្លួនទទួលបានពីអាជ្ញាធរម៉ាឡេស៊ី ទាក់ទងនឹងការស៊ើបអង្កេត ទៅលើការបាត់ខ្លួន នៃយន្ដហោះប៊ូអីង ៧៧៧។ ចំណុចថ្មីៗទាំងនោះ បានបាញ់មុខព្រួញនៃការសង្ស័យ ទាក់ទងនឹងមូលហេតុ ដែលធ្វើឲ្យយន្ដហោះបាត់ខ្លួន ទៅរកមេបញ្ជាការអាកាសយានិក លោក ហ្សាហារី អាមេដ សារ (Zaharie Ahmad Shah) ដែលជាអ្នកដឹកនាំកាន់ចង្កូតយន្ដហោះ។
លោក ហ្សាហារី អាមេដ សារ មេបញ្ជាការបើកបរយន្ដហោះប៊ូអីង ៧៧៧ ដែលបាត់ខ្លួន។ (រូបថតហ្វេសប៊ុក)
បាត់យន្ដហោះ - សារព័ត៌មានអង់គ្លេស ចេញផ្សាយកាលពីថ្ងៃទី២២ ខែមិថុនា បានរាយការណ៍ថា ខុសប្លែកពីអាកាសយានិកផ្សេងទៀត នៃក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ លោក ហ្សាហារី អាមេដ សារ (Zaharie Ahmad Shah) អាយុ៥៣ឆ្នាំ មិនបានកត់ត្រាទុក នូវអ្វីសូម្បីបន្ដិចឡើយ នៅក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់លោក។ បើតាមនគរបាល់ បាននិយាយថា នៅក្រោយថ្ងៃទី៨ ខែមីនា ថ្ងៃដែលយន្ដហោះ នៃជើងហោះហើរ MH370 បានបាត់ខ្លួនចេញពីប្រព័ន្ធរលកអាកាស យ៉ាងអាថ៌កំបាំងនោះ លោក ហ្សាហារី មិនបានកត់ត្រាការណាត់ជួប ណាមួយទាល់តែសោះ ទាំងនៅក្នុងការងារ ទាំងនៅក្នុងជីវិតឯកជន របស់លោក។
មិនត្រឹមតែប៉ុណ្ណឹង អ្នកស៊ើបអង្កេតបានសម្រេច ក្នុងការយកត្រឡប់មកវិញ នូវទិន្នន័យទាំងប៉ុន្មានដែលត្រូវបានលប់ចោល នៅក្នុងអង្គស្តុកនៃកំព្យូទ័ររបស់លោក ដែលធ្វើឲ្យគេរកឃើញថា លោកបានធ្វើការហោះសាកល្បង (តាមរយៈកំព្យូទ័រ) ឆ្ពោះទៅកាន់ភាគខាងត្បូងនៃមហាសមុទ្រឥណ្ឌា ហើយបានហ្វឹកហាត់ចុះចត នៅលើកោះឬដីដុះ កណ្ដាលមហាសមុទ្រ ដោយប្រើចម្ងាយផ្លូវខ្លីបំផុត។
សារព័ត៌មានបានសរសេរទៀតថា នៅមានភស្ដុតាងជាងច្រើនទៀត ដែលអនុញ្ញាតឲ្យគេចាត់ទុកលោក ហ្សាហារី ជាជនសង្ស័យដ៏សំខាន់ជាងគេ។ ប៉ុន្តែនគរបាលម៉ាឡេស៊ី មិនចង់ទម្លាយរឿងទាំងនេះ ឲ្យដឹងនោះទេ។
បើតាមការចង្អុលបង្ហាញ របស់ប្រព័ន្ធផ្កាយរណប អ៊ីម៉ាសាត (Inmarsat) ការរុករកយន្ដហោះបាត់ខ្លួននៅក្នុងពេលនេះ ត្រូវបានបង្វែរខិតទៅផ្នែកខាងត្បូង ជាងរង្វង់រុករកដែលត្រូវបានធ្វើកន្លងមក។ ក្រុមហ៊ុនមួយជំនាញខាងគូសផែនទីបាតសមុទ្រ របស់ប្រទេសហូឡង់ ត្រូវបានគេចាត់ឲ្យទទួលបន្ទុក នាំឧបករណ៍ជ្រមុជទៅក្នុងទឹកសមុទ្ ដ៏ជ្រៅនោះ ដើម្បីឈានទៅរកយន្ដហោះបាត់ខ្លួន។
រហូតមកដល់ពេលនេះ មានរយៈពេលជាង ១០០ថ្ងៃហើយ តែគេនៅតែគ្មានដំណឹងអ្វីទាល់តែសោះ ពីយន្ដហោះដែលបាត់ខ្លួននេះ ជាមួយនឹងមនុស្ស២៣៩នាក់ នៅក្នុងនោះ៕