គ.ជ.ប បដិសេធ​ពន្យា​ពេល​នៃ​ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឆ្នាំ​២០១៣

«ការពន្យាពេល មិនអាចធ្វើទៅតាមអ្វីដែលនឹកឃើញនោះទេ ព្រោះកិច្ចការទាំងអស់នេះ យើងបានធ្វើជារៀងរាល់ឆ្នាំ។ (…) ចំពោះតំបន់ណាដែលមានបញ្ហាច្រើន យើងនឹងពិនិត្យតាមភាពជាក់ស្តែង ហើយធ្វើការសម្រេចទៅតាមច្បាប់។» នេះជាការលើកឡើងរបស់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ជាមួយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នាថ្ងៃទី២ ខែតុលានេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: October 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ការពន្យាពេល មិនអាចធ្វើទៅតាមអ្វីដែលនឹកឃើញនោះទេ ព្រោះកិច្ចការទាំងអស់នេះ យើងបានធ្វើជារៀងរាល់ឆ្នាំ។ (…) ចំពោះតំបន់ណាដែលមានបញ្ហាច្រើន យើងនឹងពិនិត្យតាមភាពជាក់ស្តែង ហើយធ្វើការសម្រេចទៅតាមច្បាប់។» នេះ​ជា​ការលើកឡើងរបស់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ជាមួយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នាថ្ងៃទី២ ខែតុលា​នេះ។


ទឹកជំនន់ឡើងពេញផ្សារក្រាម ខេត្តកំពង់ឆ្នាំង។ (រូបថត pkaysour កាលពីឆ្នាំ២០១១)

រាជធានីភ្នំពេញ - លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ក្នុងថ្ងៃទី២ ខែតុលាថា គ.ជ.ប បានដាក់ចេញនូវប្រតិទិនរបស់ខ្លូនរួចរាល់ហើយ នូវកាលបរិច្ឆេតនានាក៏ដូចជាការកំណត់ថ្ងៃចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនោះជាដើម។ លោកបន្តរថា គ.ជ.ប ធ្វើអ្វីតាម«ច្បាប់» ដែលក្នុងនោះមានការកំណត់ ពីការ​ទទួលពាក្យបណ្តឹងចំពោះករណីតំបន់ណាមួយដែលមិនទាន់បានចុះឈ្មោះ ឬចុះឈ្មោះមិនទាន់អស់ ហើយយើងនឹងធ្វើ​ការ​ដោះស្រាយទៅតាមភាពជាក់ស្តែង។

ការថ្លែងបញ្ជាក់របស់អ្នកទទួលខុសត្រូវ គ.ជ.ប ខាងលើ ជាការឆ្លើយតមទៅនឹងសេចក្តីថ្លៃងការណ៍​ របស់គណបក្ស​សង្រ្គោះ​ជាតិ ដែលទាមទារឲ្យមានការ កែទម្រង់ស៊ីជម្រៅទាក់ទងទៅនឹងកាបោះឆ្នោត ដែលគណបក្សទាំងពីរ (គណបក្សសង្រ្គោះ​ជាតិ និងគណបក្សប្រជាជនកម្ពុជា) ដែលមានអាសនៈក្នុងសភា ត្រូវពិភាក្សាគ្នាក្នុងពេលខាងមុខ ហើយលោក សម រង្ស៊ី ក៏​បានបញ្ជាក់បន្ថែមក្នុងហ្វេសប៊ូក (facebook) នាថ្ងៃទី២ ខែតុលានេះផងដែរ។

គណបក្សដែលមិនទាន់ប្រកាសខ្លួនចូលប្រជុំ ក្នុងរដ្ឋសភានីតិកាលទីប្រាំនៅឡើយនេះ បានអំពាវនាវឲ្យ គ.ជ.ប ធ្វើការ​ពន្យាពេល ឬលើកថ្ងៃចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ឆ្នាំ២០១៣ ដោយបានបញ្ជាក់​មូលហេតុថា​ប្រជាជនកម្ពុជាភាគច្រើនកំពុង ឬរវល់ធ្វើការ«ភៀសខ្លួន» នូវការវាយប្រហារដោយទឹកជំនន់ក្នុងរដូវវស្សាឆ្នាំនេះ។ ការ​ទាមទាររបស់ បក្សប្រឆាំងខាងលើនេះ ដោយបានយោងតាមកិច្ចជំនួបកំពូលនៃថ្នកា់ដឹកនាំបក្សទាំងពីរកាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកញ្ញាកន្លងមកថ្មីៗនេះ ដែលបានឯកភាពគ្នាក្នុងការធ្វើកំណែទម្រង់ ជាពិសេសចំពោះ​ប្រព័ន្ធបោះឆ្នោត​មួយនេះ។

អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រីលោក ទិត សុធា មិនមានប្រតិកម្មអ្វី​ឆ្លើយ​ទៅ​នឹងសេចក្តីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិនោះទេក្នងថ្ងៃនេះ ដោយលោកគ្រាន់តែបញ្ជាក់ប្រាប់ ទស្សនាវដ្តី​មនោរម្យព័ងអាងហ្វូយ៉ាងដូច្នេះថា «នេះជាសមត្ថកិច្ចរបស់ គ.ជ.ប ដែលបានកំណត់នូវប្រតិទិនរបស់ខ្លួន។ ឯការ​ទាមទារ​លើស្ថានភាពជាក់ស្តែងយ៉ាងណានោះ គ.ជ.ប នឹងមានការជូនដំណឹងជាសាធារណៈ។»

លោក យ៉ង់ គឹមអេង ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានផ្តល់ជាគំនិតរិះគន់ និងគាំទ្រលើ គ.ជ.ប ថាការអនុវត្តតាមច្បាប់នោះជាការប្រសើរបំផុត តែគ.ជ.ប ខ្លួនឯងគួតែគោរពតាមប្រទិទិននោះ ដោយមិនខ្វល់​ពី​បញ្ហានានាដែលកំពុងតែកើតមានចំពោះមុខឬយ៉ាងណា? ជាក់ស្តែងដូចជាបញ្ហា​ប្រធានស័ក្ត ដោយទឹកជំនន់នេះជាដើម។ លោកបានបន្តរថា គ.ជ.ប គួតែកំណត់នូវតំបន់ណាដែលត្រូវបន្តរ និងតំបន់នាដែលត្រូវលើកលែង ដោយយោង​ទៅតាម​ស្ថានភាពជាក់ស្តែងរបស់ប្រទេស។ «គ.ជ.ប គួរមានការពិចារណាឲ្យបានច្រើន ជាងនេះចំពោះស្ថានភាព​ប្រធាន​ស័ក្ត​នៅ​កម្ពុជា ដែលភូមិនៃប្រជាពលរដ្ឋមួយចំនួនត្រូវបានលិចដល់ដំបូលផ្ទះទៅហើយនោះ។ តើការចុះឈ្មោះ និងពិនិត្យឈ្មោះ​អ្នកបោះឆ្នោតអាចធ្វើតាមពីធីបណ្តែតទឹកឬយ៉ាងណា?។ តើពលរដ្ឋគួរខ្វល់ខ្វាយចំពោះការចុះឈ្មោះទាំងនេះ ឬខ្វល់ខ្វាយ​ចំពោះការលិចលង់ផ្ទះសំបែង។» នេះជាការថ្លែងបញ្ជាក់របស់លោក យ៉ង់ គឹមអេង។

សូមរម្លឹកថាកាលពីថ្ងទី០១ ខែតុលា តំណាងគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍ទាមទារ ឲ្យមានការ​លើក​ពេល ឬពន្យាពេលក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០១៣ ដែលបានកំណត់តយៈពេលត្រឹម​តែ២០ថ្ងៃ (ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែកញ្ញា) ដែលក្នុងរយៈពេលនេះជារដូវវស្សា ហើយប្រជាពលរដ្ឋក៏កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ផងដែរ។ ជាងនេះទៅទៀតក្នុងសេចក្តីថ្លែងការណ៍ ដែលស្នើរដោយគណបក្ស​សង្គ្រោះជាតិ​ទាមទារឲ្យមាន​ការ​ពន្យា​ពេលនេះក៏ដើម្បីការកែទំរង់«ស៊ីជម្រៅ» ទាក់ទិននឹងការបោះឆ្នោត ដែលគណបក្សប្រជាជនកម្ពជា និងគណបក្ស សង្គ្រោះជាតិ មានអាសនៈក្នុងរដ្ឋសភាត្រូវពិភាក្សាគ្នានាពេលខាងមុខនេះ។

ឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត​សម្រាប់​ឆ្នាំ២០១៣នេះកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៣ ដោយបានកំណត់យ៉ាងច្បាស់លាស់នូវពេលវេលានៃការពិនិត្យ និងចុះ​ឈ្មោះមានរយៈពេលត្រឹមតែ២០ថ្ងៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែតុលានេះប៉ុណ្ណោះ៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ថ្ងៃទី០២ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...