ក្រុម​ព័ត៌មាន​សកល​ដ៏​ធំ​ជាង​គេ លើ​ហ្វេសប៊ុក​​នៅ​កម្ពុជា​បាត់​ខ្លួន? មូលហេតុ?

នេះជាលើកទីពីរហើយ ដែលក្រុមព័ត៌មានដែលធំជាងគេនៅកម្ពុជា នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បានបាត់ខ្លួនចេញពីពិភពលោកយើងនេះ។ ក្រុមព័ត៌មាន ដែលមានឈ្មោះថា ក្រុមព័ត៌មានសកល ត្រូវបានលុបចេញពីបណ្ដាញសង្គមហ្វេសប៊ុក ដោយគ្មានមូលហេតុ បន្ទាប់ពីក្រុមព័ត៌មានសង្គម (Social News) ដែលគ្រប់គ្រង់ដោយអភិបាលតែមួយ ត្រូវបានលប់ចេញដូចគ្នាកាលពី ៣ខែមុនរួចមក។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: October 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាលើកទីពីរហើយ ដែលក្រុមព័ត៌មានដែលធំជាងគេនៅកម្ពុជា នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បាន​បាត់ខ្លួនចេញពីពិភពលោកយើងនេះ។ ក្រុមព័ត៌មានដែលមានឈ្មោះថា ក្រុមព័ត៌មានសកល ត្រូវបានលុបចេញពី​បណ្ដាញ​​សង្គមហ្វេសប៊ុក ដោយគ្មានមូលហេតុ បន្ទាប់ពីក្រុមព័ត៌មានសង្គម (Social News) ដែលគ្រប់គ្រង់ដោយអភិបាលតែមួយ ត្រូវបានលប់ចេញដូចគ្នាកាលពី ៣ខែមុនរួចមក។


រូបភាពកាត់ត នៃក្រុមព័ត៌មានសកល នៅលើប្រព័ន្ធដំណើរការនៃហ្វេសប៊ុក។ (រូបភាព MONOROOM.info)

រាជធានីភ្នំពេញ - លោកម៉ៃឃើល រ៉ូធី (Michael Rothy) ដែលជាម្ចាស់និងជាអភិបាលក្រុមនេះ បានថ្លែងត្អូញត្អែរកាល​ពីថ្ងៃទី១ខែតុលានេះ ថាក្រុមដ៏ធំទីពីររបស់ខ្លួនឈ្មោះថា «ព័ត៌មានសកល/Global News» ត្រូវបានបាត់ខ្លួនពីពិភពគុន បន្ទាប់ពីក្រុមនេះ​មាន​សមាជិក​ច្រើនជាង ៣០ ម៉ឺននាក់ នៅថ្ងៃដដែលនេះ។ លោកបានបញ្ជាក់ថា ក្រុមរបស់​លោកត្រូវ​បានហ្វេសប៊ុកលុបចោល ដោយពុំបានផ្តល់ជាព័ត៌មាន ឬ ផ្ញើរជាទូរសារអេឡិចត្រូនិក (Email Notification) អ្វីដើម្បី​បញ្ជាក់​ពីមូលហេតុនៃការលុប​នេះឡើយ។

ជាការបិទដែលមិនទាក់ទងនឹងរដ្ឋាភិបាលកម្ពុជា

លោកបានថ្លែងតាមទំព័រផ្ទាល់ខ្លួន នៅលើបណ្ដាញសង្គមដដែលថា «ខ្ញុំប្រើពេលវេលាច្រើនណាស់ ទំរាំកសាងកេរ្ត៍ឈ្មោះ ក្រុមទាំង ២ នេះ អោយបានលេចធ្លោ។ ហើយទិសដៅរបស់ខ្ញុំ មានតែមួយគត់ (គ្មាន ២) គឺដើម្បីបង្កើតជាកន្លែងមួយ​ដើម្បី​អោយ បងប្អូនខ្មែរទាំងអស់គ្នា មកពីគ្រប់ទីកន្លែង គ្រប់មជ្ឃដ្ឋាន គ្រប់និន្នាការនយោបាយ អាចចូលរួមធ្វើការចែករំលែក ពិភាក្សាគ្នា ទាក់ទងនឹងកិច្ចការងារសង្គម និងនយោបាយ មិនមែនដើម្បីបំរើផលប្រយោជន៍ គណបក្ស នយោបាយណា​មួយឡើយ។»

មតិមួយចំនួនយល់ថា ការបិទក្រុមព័ត៌មានទាំងពីរ (សកល និងសង្គម) នេះ អាចជាស្នាដៃរបស់រដ្ឋាភិបាលកម្ពុជា ដែល​ទើបនឹងត្រូវបានបង្កើតឡើងថ្មីៗ។ តែនេះជាការយល់ខុស ស្រឡះ និងទាំងស្រុង ព្រោះហ្វេសប៊ុក ស្ថិតនៅក្រោមប្រព័ន្ធ​ច្បាប់ របស់សហរដ្ឋអាមេរិកតែមួយគត់។ ដូច្នេះបណ្ដាញសង្គម ដែលមានការិយាល័យកណ្ដាលធំ នៅរដ្ឋកាលីហ្វ័រនី​មួយ​នេះ នឹង​មិនស្ដាប់បង្គាប់របស់នរណាម្នាក់ឡើយ ប្រសិនបើវាមិនមែនជា ការបង្គាប់បញ្ជារបស់ប្រព័ន្ធយុត្តិធម៌​នៃ​ប្រទេស​អាមេរិក​នោះ ហើយហ្វេសប៊ុក ក៏កាន់តែមិនស្ដាប់តាមទៅទៀត ប្រសិនបើប្រទេសសាមីសំណើរនោះ មានប្រព័ន្ធគ្រប់គ្រង​តាម​បែប​ផ្ដាច់ការ។

មូលហេតុចំបងមួយចំនួន

ឧត្ដមគតិខាងលើរបស់លោក រ៉ូធី ដែលជាម្ចាស់ក្រុមព័ត៌មានសកល និងព័ត៌មានសង្គម ទោះបីជាបានអះអាងពីទឹកចិត្ត ដ៏​ល្អថ្លៃថ្លាបែបណាក៏ដោយ តែសម្រាប់ប្រព័ន្ធហ្វេសប៊ុក ដែលជាបណ្ដាញ«មហាយក្ស»ធំជាងគេ នៅលើពិភពលោកនេះ គេអាចនឹងគិតផ្សេងពីលោក ដោយសារតែគេហទំព័រ«សង្គម»នេះ មានលក្ខន្តិករបស់ខ្លួនយ៉ាងច្បាស់លាស់ សម្រាប់ឲ្យ​សមាជិកគ្រប់រូបគោរព។ លោក រ៉ូធីខ្លួនឯង ក៏ធ្លាប់បានប្រើប្រាស់«ក្រុមហ្វេសប៊ុក»ទាំងប៉ុន្មាន ដែលលោកបានបង្កើតនេះ ជាអាជីវកម្ម ដើម្បីប្រាក់ដាក់ហោប៉ៅ សម្រាប់បង្គ្រប់«ថ្លៃសេវាអាំងធើណែត ឬពេលវេលា»របស់លោកដែរ។

ខាងក្រោមនេះ ជាករណីមួយចំនួន ដែលអាចជាមូលហេតុចំបង នៃការឈានទៅដល់ ការ«គ្រវែង»ចោលនូវក្រុមឬគណនី​ណាក៏ដោយ ដែលហ្វេសប៊ុកយល់ថា មានភាពមិនប្រក្រតី ឬរំលោភលើលក្ខន្តិករបស់ខ្លួន។

១- ក្រុមសម្បូរទៅដោយ សមាជិកខ្មោច

ហ្វេសប៊ុកស្អប់ជាទីបំផុតនូវគណនីណាក៏ដោយ ដែលបង្កើតឡើងសម្រាប់តែជាការបន្លំ ឬឲ្យតែចង្អៀតកន្លែង។ សូមបញ្ជាក់​ថា កាលពីឆ្នាំកន្លងទៅ មុននឹងជ្រមុខក្រុមហ៊ុនរបស់ខ្លួន ទៅក្នុងទីផ្សារភាគហ៊ុន​នៅ​ទីក្រុងញ៉ូយកនោះ គណនី«ខ្មោច»​ដែល​ហ្វេសប៊ុក​រកឃើញ  មានចំនួនដល់ទៅជាង៨៤លានគណនី ដែលត្រូវនឹង១០% នៃចំនួនសមាជិកទាំងអស់ជិត ១ពាន់​លាន​គណនី។

ជាមួយនឹងភាពវិវត្តន៍ទៅមុខនៃបច្ចេកវិទ្យា និងស្ថានការណ៍នយោបាយនៅកម្ពុជា សមាជិកជាច្រើនត្រូវបានបង្កើតឡើង នៅលើបណ្ដាញសង្គមនេះ ជាពិសេសចុះឈ្មោះនៅក្នុងក្រុមដែលធំៗបែបនេះ ដើម្បីចែកផ្សាយនូវគំនិត ទស្សនះ ឬគោល​ជំហរនយោបាយ ឬព័ត៌មានផ្សេងៗ ដោយប្រើប្រាស់គណនី«អនាមិក» បន្លំ ឬបញ្ជាន់គ្នាដដែលៗ។ គណនីខ្លះបង្កើតឡើង មានទិសដៅសម្រាប់តែធ្វើការវាយលុក នៅលើក្រុមដែលមានសមាជិកច្រើនបែបនេះប៉ុណ្ណោះ។ នៅពេលដែលហ្វេសប៊ុក តែងតែសង្កេតឃើញថា សមាជិកដដែលតែប៉ុន្មានរយនាក់ ចុះផ្សាយនៅលើក្រុមដដែលនេះ សុទ្ធសឹងតែប្រើប្រាស់​នូវ​គណនី«ខ្មោច»នោះទាំងអស់ វាប្រាកដហើយ ដែលហ្វេសប៊ុកត្រូវឈានទៅបិទក្រុម ដោយមិនចាំបាច់ជូនដំណឹង។

២- ការចុះផ្សាយ និងចែករំលែក នៅលើក្រុមមានចំនួនច្រើនហួសប្រមាណ

ហ្វេសប៊ុក ត្រូវបានដាក់ឲ្យប្រើដោយឥតគិតថ្លៃ និងដោយស្មើរភាព។ រហូតមកដល់ថ្ងៃនេះ មានលទ្ធភាពតែមួយប៉ុណ្ណោះ សម្រាប់នរណាម្នាក់ដែលចង់ផ្សាយពាណិជ្ជកម្ម ពីអ្វីដែលខ្លួនចង់ផ្សាយ ដើម្បីឲ្យសមាជិកផ្សេងទៀតឆាប់ឃើញ គឹត្រូវ​ចំណាយលុយផ្សាយពាណិជ្ជកម្ម។ ម្យ៉ាងទៀត ក្រុមហ្វេសប៊ុក ខុសពីទំព័រហ្វេសប៊ុក ត្រង់ថាសមាជិកក្នុងក្រុមមានសិទ្ធិ អាចចុះផ្សាយនូវអ្វីៗបានគ្រប់យ៉ាង ខុសពីទំព័រហ្វេសប៊ុក ដែលមានតែអភិបាលប៉ុណ្ណោះមានសិទ្ធិចុះផ្សាយ។

ដូច្នេះប្រសិនបើក្រុមណាមួយ ឬគណនីណាមួយ ប្រើប្រាស់ប្រព័ន្ធដំណើរការរបស់ហ្វេសប៊ុក ហួសពីគេឯងខ្លាំងពេក រហូត​ដល់ហួសពីកម្រិតនៃការអត់អោន (ឬចូលដល់ករណី«ល្មោភ») ហើយការប្រើប្រាស់នេះ មានលក្ខណៈច្រំដែលៗជា​ច្រើន​ដង ហ្វេសប៊ុកក៏មិនចាំបាច់ជម្រាបនរណាម្នាក់ដែរ ក្នុងការលុបចេញនូវក្រុមឬគណនីនោះ ដើម្បីការពារប្រព័ន្ធដំណើរ​ការ​របស់ខ្លួន។

៣- សារសរសេរ ឬរូបភាព ដែលមានលក្ខណៈគួរឲ្យស្អប់ខ្ពើម និងបណ្ដុះការស្អប់ខ្ពើម

អ្នកគិតថា ភាសាដែលអ្នកសរសេរ មានតែអ្នកនិងមិត្តភ័ក្ររបស់អ្នកប៉ុណ្ណោះ ដែលចេះអាន? នេះជាការយល់ច្រឡំមួយ ដ៏ធំហើយ។ ហ្វេសប៊ុកក៏ចេះអាន និងយល់ពីសារសរសេរ ឬអក្សរដែលអ្នកសរសេរ នៅលើរូបភាពទាំងនោះដែរ។ អ្នក​មិន​ត្រូវគិតថា នៅពេលអ្នកបើកគណនីហ្វេសប៊ុកមួយរួច អ្នកអាចធ្វើបានអ្វីៗគ្រប់យ៉ាងនោះទេ រួមទាំងពាក្យ​«ជេរ​បញ្ចោរ» បង្ករឲ្យមានការស្អប់«ជាតិសាសន៍» ឬប្រកាន់នូវពណ៌«សម្បុរ» នោះផង។ សូមចំណាយពេលបន្តិច ដើម្បីអានលក្ខន្តិក​របស់ហ្វេសប៊ុក នៅពេលដែលអ្នកចូលមកចុះឈ្មោះបើកគណនី នៅលើហ្វេសប៊ុកដំបូង។

យើងអាចនិយាយថា ការប្រើប្រាស់ភាសាអាក្រក់ៗទាំងនោះ អាចមានលក្ខណៈជាបុគ្គល មិនញ៉ាំងឲ្យទស្សនៈ និងដំណើរ​ការរបស់ក្រុម។ តែបើសិនជាការប្រើប្រាស់ភាសាបែបនេះ មានលក្ខណៈដដែលច្រើនដងនោះ វានឹងលែងនៅជា​លក្ខណៈ​បុគ្គលទៀតហើយ តែជា«ប្រព័ន្ធ»ដែលហ្វេសប៊ុកចាំបាច់ត្រូវចាត់វិធានការ។ អ្នកសប្បាយណាស់ នៅពេលអ្នកប្រើពាក្យថា «អាក្បត់ជាតិ» ឬ«យួនជាចោរ» ឬ«អាសាងគ្រោះជាតិ» ឬ«អាឡប់» ... ដោយសារតែអ្នកបានអះអាងថា ពាក្យទាំងនេះ​គ្រាន់តែជាទស្សនះ និងជាធម៌«ក្ដៅ»ទៅកាន់គូរបដិបក្ខរបស់អ្នក។ ប៉ុន្តែពាក្យឬឃ្លាទាំងនេះ បានប៉ះពាល់យ៉ាងខ្លាំង ទៅ​លើអារម្មណ៍របស់សមាជិកផ្សេងទៀត ហើយដែលត្រូវបានហាមឃាត់ជាកំហិត ដោយលក្ខន្តិករបស់ហ្វេសប៊ុក។ អ្នកបង្កើត​ហ្វេសប៊ុក ចង់ឲ្យបណ្ដាញសង្គមរបស់គេ ក្លាយជាបណ្ដាញមួយស្អាតស្អំ សម្រាប់មនុស្សគ្រប់គ្នារស់នៅជាមួយគ្នាបាន ប៉ុន្តែមិនមែន​សម្រាប់ឲ្យអ្នក«ជេរបញ្ចោរ»គ្នា ឬបកអាក្រាតគ្នានោះទេ។

ចំណែកមូលហេតុមួយចំនួនទៀត យើងមិនបានលើកមកនិយាយទេ ដោយសារតែលោក រ៉ូធី ខ្លួនលោក បានបកស្រាយ​រួចខ្លះៗមកហើយ ក្នុងនោះ មានសារជាលក្ខណៈ ស្ពេម (SPAM) រូបភាពស្រាត (PORNOGRAPHY) ឬខ្សែភ្ជាប់ដែលមាន មេរោគ នោះជាដើម។ តែបញ្ហាទាំងនេះ ហ្វេសប៊ុក បានយល់យោគ និងបានដឹងថាជាបញ្ហាបុគ្គល នៅពេលដែលប្រធាន​ក្រុមបានលប់ចោល និងហាមឃាត់សមាជិកនោះចូលមកកាន់ក្រុមរបស់ខ្លួនជាបន្ត។ រីឯអ្នកដែលធ្វើសេចក្ដី​ជូនដំណឹង​ឡើងទៅហ្វេសប៊ុក (Report) អាចជាទឡ្ហីករណ៍មួយដែរ ដែលធ្វើឲ្យហ្វេសប៊ុកកាន់តែមើលឆាប់ឃើញ ពីមូលហេតុធំ​ទាំង​បីខាងលើ៕

---------------------------------------------------------
ដោយ ៖ កេសរកូល - ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...