ខៀវ សុភ័គ៖ ជុន ច័ន្ទបុត្រ ជា​«ឆ្កែ​បម្រើ»​ឲ្យ​ប្រធាន​វិទ្យុ​អាស៊ី​សេរី

អ្នកនាំពាក្យ របស់ស្ថាប័នជាតិខ្មែរ ដ៏ធំមួយ បានហៅអ្នកសារព័ត៌មានម្នាក់ គឺលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ថាជា«ឆ្កែបម្រើ» ឲ្យប្រធានវិទ្យុអាស៊ីសេរី។ នេះ បើតាមបទសម្ភាសមួយ ដែលអ្នកនាំពាក្យរូបនេះ ផ្ដល់ទៅឲ្យសារព័ត៌មាន ខេមបូឌា ដេលី (The Cambodia Daily) កាលពីម្សិលម៉ិញ។
ខៀវ សុភ័គ៖ ជុន ច័ន្ទបុត្រ ជា​«ឆ្កែ​បម្រើ»​ឲ្យ​ប្រធាន​វិទ្យុ​អាស៊ី​សេរី
ពីឆ្វេងទៅស្ដាំ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងលោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា។ (រូបថតសហការី)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០២ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 02, 2017
  • ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ កំពុងមាន​«ឈ្មោះ​ហៅ»​ថ្មី​មួយទៀត ពីសំណាក់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ «ឆ្កែបម្រើ»។ លោក ខៀវ សុភ័គ បានហៅលោក ហួត វុទ្ធី ដូច្នេះ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយសារព័ត៌មាន ខេមបូឌា ដេលី (The Cambodia Daily) កាលពីម្សិលមិញ ក្រោមហេតុផលថា លោក ហួត វុទ្ធី បានស្ដាប់បញ្ជាគេ «ឲ្យចាកចេញ» ពីប្រទេសកម្ពុជា។

លោក ហួត វុទ្ធី ដែលជាអ្នកសារព័ត៌មាន និងជានាយករងវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា បានចាកចេញពីកម្ពុជា កាលពីរសៀលថ្ងៃសុក្រ ទី២៨ ខែមេសា នៅប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានរង ​ការចោទប្រកាន់ពីអាជ្ញាធរ ថាលោក​បានធ្វើ ​«សេចក្ដី​ប្រកាស​ក្លែង​បន្លំ» ដើម្បី​បាន​ចូល ទៅ​ក្នុង​​ពន្ធនាគារ​​ព្រៃស កាលពី​​ថ្ងៃ១៩ ខែ​មេសា ​កន្លង​​មក ជាមួយ​នឹង​ក្រុម​​តំណាង​​រាស្ត្រ មក​ពី​គណបក្ស​​សង្គ្រោះ​​ជាតិ។

ការចោទ​ប្រកាន់​នោះ មិនបានប្រើ​រយៈពេល​ច្រើន​ឡើយ ដើម្បីឲ្យ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ តាម​រយៈព្រះ​រាជ​​អាជ្ញា​រង ​​លោក​ សៀង សុខ ចេញដីកា​នៅថ្ងៃទី២១ ខែមេសា កោះហៅ​លោក​ ហួត វុទ្ធី ក្នុង​នាម​ជា​«ជន​សង្ស័យ» ឲ្យចូល​ទៅបង្ហាញខ្លួន នៅ​ថ្ងៃ​ទី២ ខែឧសភានេះ។

តែអ្នកសារព័ត៌មានរូបនេះ មិនបានមកបង្ហាញខ្លួន តាមដីកាកោះទេ។ កាលពីពេលកន្លងមក លោកបានបដិសេធ​ការចោទប្រកាន់ និង​អះអាង​ថា លោកមិនបាន​ក្លែង​​ឈ្មោះ​ពិត របស់​​លោក នៅក្នុង​បញ្ជី​កត់​​ឈ្មោះ អ្នកចូល​​ពន្ធនាគារ​​នោះឡើយ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ នៅយប់ថ្ងៃទី១ ខែឧសភា បានឲ្យដឹងថា ស្ថាប័នវិទ្យុអាស៊ីសេរី ពីរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានសម្រេច មិនឲ្យលោក ហួត វុទ្ធី វិលត្រឡប់​ទៅប្រទេស​កម្ពុជាវិញទេ។ ស្ថាប័នផ្សព្វផ្សាយចម្រុះភាសាមួយនេះ បាន​ចាត់​ទុក ចំណាត់ការ​របស់​អាជ្ញាធរក​ម្ពុជា ប្រឆាំង​លោក ហួត វុទ្ធី គឺជារឿង​នយោបាយ ក្នុងចេតនា​បង្វែង ចំណាប់​អារម្មណ៍​​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងរដូវកាល​បោះឆ្នោត និងរឹត​តែ​បង្ហាញ​ឲ្យ​ឃើញ នូវ​ស្ថានភាព​ដ៏អាក្រក់ នៃ​សេរីភាព​សារព័ត៌មាន​ នៅ​កម្ពុជា។

សម្រាប់លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជាវិញ មិនបានយល់ដូច្នោះឡើយ។ លោកបានថ្លែងថា៖ «(នេះ)​បញ្ជាក់ឱ្យឃើញថា វិទ្យុអាស៊ីសេរី តាំងពីដើមរៀងមក ជាវិទ្យុមិនអព្យាក្រឹត ជាវិទ្យុដែលមានបំណង ផ្ដួលរំលំរាជរដ្ឋាភិបាល ដែលបោះឆ្នោតដោយប្រជាពលរដ្ឋកម្ពុជា»។

អ្នកនាំពាក្យរូបនេះ បានចោទលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ថាជា «ឆ្កែបម្រើ» ឲ្យប្រធានវិទ្យុអាស៊ីសេរី តាំងពីដើមរៀងមក​ «ព្រោះវាស្ដាប់បញ្ជាគេ» ឱ្យចាកចេញពីប្រទេសកម្ពុជា។ លោក ខៀវ សុភ័គ បានឲ្យដឹងទៀតថា អាជ្ញាធរនឹងចាត់វិធានការ ជាបន្តទៅទៀត ទៅលើលោក ហួត វុទ្ធី ក្នុងករណីមិនមកបង្ហាញខ្លួន ក្នុងថ្ងៃទី២​ ខែឧសភានេះ​ នៅសាលាដំបូងរាជធានីភ្នំពេញ។

មិនខុសទេ! ត្បិដអីនៅរសៀលថ្ងៃទី ២ ខែឧសភាដដែល អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ចេញ​ដីកា​មួយទៀត បង្គាប់​ឱ្យ​អាជ្ញាធរ​​ប្រើ​ប្រាស់​កម្លាំង​សាធារណៈ ដើម្បី​បង្ខំ​ឱ្យ​លោក​ ជុន ច័ន្ទ​បុត្រ បង្ហាញ​ខ្លួន​នៅតុលាការ​ភ្លាម ខណៈអ្នកសារព័ត៌មានរូបនេះ បានទៅដល់សហរដ្ឋអាមេរិក រួចទៅហើយ។ នៅក្នុងដីកាថ្មីនោះ អយ្យការ​តុលាការ​ បានសំអាង​ពីមូល​ហេតុថា ​ដោ​យសារ​តែការ​គេចវេស ​របស់​លោក​ ហួត ​វុទ្ធី​ ចំពោះ​សវនាការ​ឆ្លើយ​បំភ្លឺ​ នៅ​ថ្ងៃ​នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...