ISIS ប្រើ​អាវុធ​គីមី បើ​តាម​ចារកម្ម​អាមេរិក

ក្រុមរដ្ឋអ៊ីស្លាម ដែលកំពុងធ្វើសកម្មភាព នៅក្នុងប្រទេសស៊ីរី និងប្រទេសអៀរ៉ាក់ ទំនងជាបានប្រើប្រាស់ នូវ​អាវុធ​គីមី ជា​ច្រើន​សិប​ដង។ នេះបើតាមការឲ្យដឹង ពីប្រភពជាច្រើន និងខុសៗគ្នា ជាពិសេសពី​បណ្ដាញ​ចារកម្ម «CIA» របស់​អាមេរិក។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៤ កុម្ភៈ ២០១៦
  • កែប្រែចុងក្រោយ: February 15, 2016
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការភេរវនិយម ដែលដាក់ឈ្មោះខ្លួនថា «រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​បារាំង​ហៅ EI ពាក្យ​កាត់​អង់គ្លេស​ហៅ ISIS)» បានប្រើប្រាស់ជាច្រើនលើកច្រើនសារ នូវអាវុធគីមី នៅក្នុងសមរភូមិ​ប្រយុទ្​នានា។ ក្រុមនេះ មានសមត្ថភាពអាចផលិត នៅក្នុងបរិមាណតិចតួច នូវសារជាតិ ក្លរីន (chlorine) និង​ឧស្ម័ន​ហ្គាស​ពុល។ នេះបើតាមការអះអាង របស់ប្រធានបណ្ដាញ​ចារកម្មអាមេរិក «CIA» លោក ចន ប្រឺណន់ (John Brennan) ដែល​ថ្លែង​នៅ​ក្នុង​កិច្ចសម្ភាសមួយ ទៅឲ្យទូរទស្សន៍អាមេរិក «CBS»។

លោកបានថ្លែង កាលពីចុងសប្ដាហ៍កន្លងមក ទៅកាន់ស្ថានីយ៍ទូរទស្សន៍ថា៖ «ជាច្រើនលើកច្រើនសារ​មក​ហើយ ដែលក្រុមរដ្ឋអ៊ីស្លាមបានប្រើប្រាស់ នូវអាវុធដែលមានផ្ទុក ដោយសារជាតិគីមី នៅលើសមរភូមិ​ប្រយុទ្ធ។ បណ្ដាញ​ចារកម្ម "CIA" គិតថា ក្រុមរដ្ឋអ៊ីស្លាម មានសមត្ថភាពផលិត​ដោយខ្លួនឯង នៅក្នុងបរិមាណ​តិចតួច នូវ​សារជាតិ ក្លរីន និងឧស្ម័នហ្គាសពុល។»

ឆ្លើយតបទៅនឹងសំនួរ ដែលចង់ដឹងថា តើក្រុមរដ្ឋអ៊ីស្លាម មានសមត្ថភាពក្នុងការនាំចេញ នូវអាវុធគីមីទាំងនោះ ចេញ​ទៅក្រៅប្រទេសស៊ីរី និងអៀរ៉ាក់ ដែរឬទេនោះ លោក ចន ប្រឺណន់ បានបញ្ជាក់ថា ការបញ្ចេញអាវុធននេះ ទៅ​ធ្វើ​សកម្មភាព​នៅបរទេស ទំនងជាធ្លាប់មានរួចហើយ។

ប្រធានបណ្ដាញចារកម្ម បានអះអាងថា៖ «ដោយសារតែដូច្នេះហើយ ទើបវាមានសារៈសំខាន់ណាស់ ដែល​គេ​ត្រូវ​កាត់ផ្ដាច់ នូវផ្លូវដឹកជញ្ជូន និងការដឹកជញ្ជូនលួចលាក់ ដែលក្រុមនេះបានប្រើប្រាស់»។

កាលពីដើមសប្ដាហ៍មុន អ្នកសម្របសម្រួលស្ថាប័នចារកម្ម ទាំង១៧ របស់អាមេរិក លោក ជេម ក្លាផើរ (James Clapper) ក៏បានអះអាងដែរថា ក្រុមរដ្ឋអ៊ីស្លាមធ្លាប់បានប្រើ នូវសារជាតិគីមី ដែលមានជាតិពុល នៅក្នុង​ប្រទេស​ស៊ីរី និងអៀរ៉ាក់ ក្នុងនោះមាន រួមទាំងឧស្ម័នពុលនោះផង។ លោក ជេម ក្លាផើរ បាននិយាយទៀតថា នេះ​ជា​លើក​ដំបូង​ហើយ ដែលក្រុមជ្រុលនិយម​បានផលិតដោយខ្លួនឯង និងបានប្រើប្រាស​នូវសារជាតិគីមី នៅក្នុង​ការ​វាយ​ប្រហារ​មួយ​ចំនួន បើរាប់ចាប់តាំង​ពីការវាយប្រហារ ដោយឧស្ម័នពុល នៅក្នុងរន្ធរថភ្លើងក្រោមដី នា​រាជធានី​តូក្យូ ប្រទេសជប៉ុន កាលពីឆ្នាំ១៩៩៥នោះមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...