សម រង្ស៊ី និង​កឹម សុខា ចែក​ផ្លូវ​គ្នា​ដើម្បី​រក​ការ​គាំទ្រ​ពី​រាស្ត្រ និង​អន្តរជាតិ?

បន្ទាប់ពីបានប្រកាសមិនចូលរួមប្រជុំសភាដំបូង បង្កើតរដ្ឋាភិបាលជាមួយនឹងគណបក្សកាន់អំណាចរួចមក គណបក្ស​ប្រឆាំងបានខិតខំប្រឹងប្រែង ដើម្បីស្វែងរកការគាំទ្រពីសំណាក់មតិជាតិ និងអន្តរជាតិ កុំឲ្យទទួលស្គាល់រដ្ឋាភិបាលបច្ចុប្បន្ន។ តួយ៉ាងដូចជាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានស្វះស្វែងប្រកាស​រក​ជំនួយ ដើម្បីជួយ​ដល់ជនរងគ្រោះ ដោយសារទឹកជំនន់ ចំណែកលោក សម រង្ស៊ី ប្រធានគណបក្សវិញ បានចាកចេញ​ទៅ​ក្រៅប្រទេស ក្នុង​គោលដៅ​ស្វែង​រក​ការគាំទ្រពីសហគមន៍អន្តរជាតិ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: October 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានប្រកាសមិនចូលរួមប្រជុំសភាដំបូង បង្កើតរដ្ឋាភិបាលជាមួយនឹងគណបក្សកាន់អំណាចរួចមក គណបក្ស​ប្រឆាំងបានខិតខំប្រឹងប្រែង ដើម្បីស្វែងរកការគាំទ្រពីសំណាក់មតិជាតិ និងអន្តរជាតិ កុំឲ្យទទួលស្គាល់រដ្ឋាភិបាលបច្ចុប្បន្ន។ តួយ៉ាងដូចជាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានស្វះស្វែងប្រកាស​រក​ជំនួយ ដើម្បីជួយ​ដល់ជនរងគ្រោះ ដោយសារទឹកជំនន់ ចំណែកលោក សម រង្ស៊ី ប្រធានគណបក្សវិញ បានចាកចេញ​ទៅ​ក្រៅប្រទេស ក្នុង​គោលដៅ​ស្វែង​រក​ការគាំទ្រពីសហគមន៍អន្តរជាតិ។


លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំជាមួយគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - តួរអង្គសំខាន់ៗពីររូប ដែលជាក្បាលម៉ាស៊ីនរបស់គណបក្សប្រឆាំង គឺលោក សម រង្ស៊ី និង លោក កឹម សុខា បាននឹងកំពុងមមាញឹកអនុវត្តយុត្តិសាស្រ្តរបស់ខ្លួន ដើម្បីទាក់ទាញ សំឡេង គាំទ្រពីសំណាក់មហាជន​ទាំងជាតិ​និង​អន្តរជាតិ ស្របពេលដែលគណបក្សខ្លួន បានប្តេជ្ញារកយុត្តិធម៌ជូនពលរដ្ឋម្ចាស់ឆ្នោត ដោយធ្វើពហិការមិនចូលប្រជុំ​សភា​លើកដំបូង និងបង្កើតរដ្ឋា ភិបាលថ្មីជាមួយលោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ ។ អ្វីដែលមេបក្សទាំងពីរនេះ ចង់បាន គឺចង់ឲ្យសហគមន៍ជាតិ និងអន្តរជាតិ កុំសហការ និងកុំគាំទ្ររដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន សែន។ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលគណបក្សប្រឆាំងអះអាងថា ជារដ្ឋាភិបាល ខុសច្បាប់ ព្រោះកើតឡើង ដោយឯកបក្សផ្ទុយពី​ច្បាប់​រដ្ឋធម្មនុញ្ញ។

មេបក្សប្រឆាំង គឺ លោក សម រង្ស៊ី បានចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបារាំងហើយ កាលពីល្ងាច​ម្សិល​មិញ។ ដំណើរទៅក្រៅប្រទេសរបស់ លោក សម រង្ស៊ី នេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងគោលដៅដើម្បី​បញ្ចុះ​បញ្ចួលសហគមន៍អន្តរជាតិ ឲ្យគាំទ្រសកម្មភាពរបស់គណបក្សខ្លួន។ ហើយបើតាមអ្នកនាំពាក្យនៃគណបក្សនេះ លោក យ៉ែម បុញ្ញរិទ្ធ បានឲ្យដឹងថា លោក សម រង្ស៊ី នឹងយកញត្តិទៅដាក់ នៅសហគមន៍អ៊ឺរ៉ុប និង សហរដ្ឋអាមរិក ដើម្បីឲ្យ​ពួក​គេ​ជួយអន្តរាគមន៍ជុំវិញ ការជាប់គាំងនយោបាយនៅក្នុងប្រទេសកម្ពុជា ក្រោយការបោះឆ្នោតនេះ។

គណបក្សប្រឆាំង ត្រូវបានគេមើលឃើញថា ពូកែខាងការទូត ខាងបញ្ចុះបញ្ចូល ឲ្យសហគមន៍អន្តរជាតិជឿជាក់​គណបក្ស​ខ្លួន ជាងគណបក្សកាន់អំណាច និងរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ។ រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ដែល​ត្រូវ​បានគេមើលឃើញថា មិនសូវខ្វាយខ្វល់ ឬឲ្យតម្លៃសហគមន៍អន្តរជាតិ ជាពិសេសគឺអាមេរិកតែម្តង។ ជា​ឧទាហរណ៍​ដូចជា ក្នុងរយៈកាលកន្លងទៅនេះ ជាញឹកញាប់ គេតែងតែលឺសម្តីរបស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ជាពិសេសគឺសម្តីរបស់លោក ហ៊ុន សែន តែម្តង ដែលបាននិយាយថា កម្ពុជាមិនចាំបាច់ទទួលការជឿទុកចិត្តពីបរទេស ឬអាមេរិកនោះទេ ដើម្បី​បង្កើត​រដ្ឋាភិបាលថ្មី ហើយបើទោះបីជាប្រទេសទាំងនោះ ចង់ផ្តាច់ជំនួយក៏ដោយ ក៏លោកមិនបានខ្វាយខ្វល់នោះដែរ។ ចំណែក​ក្រុមមេដឹកនាំ របស់បក្សប្រឆាំងវិញ ត្រូវបានគេមើលឃើញថា បានប្រើប្រាស់បរទេសទាំងនោះជាបង្អែក និងរហូត​ដល់​ពេលខ្លះ ត្រូវបក្សកាន់អំណាចចោទប្រកាន់ថា គណបក្សប្រឆាំងស្រឡាញ់បរទេស ជាងខ្មែរ ឬមានខួរក្បាលបែរ​ទំនោរខ្លាំង​ទៅរកអាមរិក និងសហគមន៍អន្តរជាតិ ឬចង់ឲ្យ បរទេសលុកដៃចូលផ្ទៃក្នុងប្រទេសកម្ពុជានោះជាដើម។

យ៉ាងណាក៏ដោយ ជុំវិញដំណើរទៅក្រៅប្រទេសរបស់លោក សម រង្ស៊ី ដើម្បីស្វែងរកគាំទ្រនេះ មន្រ្តីបក្សប្រឆាំង​នៅមិន​ទាន់អាចបញ្ជាក់បាន នៅឡើយទេថា លោក សម រង្ស៊ី នឹងវិលមកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃណានោះទេ។ ប៉ុន្តែព័ត៌មាន​មួយ​ចំនួនបានឲ្យដឹងថា លោក សម រង្ស៊ី ទំនងជាអាចនឹងវិលមកកម្ពុជាវិញ មុនថ្ងៃធ្វើសមាជជាមួយប្រជាជនអ្នកគាំទ្រខ្លួន នៅថ្ងៃទី ០៦ ខែ តុលាខាងមុខ។

ទាក់ទងការស្វែងរកសំឡេងគាំទ្រនេះដែរ សម្រាប់ លោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដែល​បច្ចុប្បន្ននៅក្នុងប្រទេសឯណេះវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បាននឹងកំពុងស្វះស្វែងមាមាញឹកយ៉ាងខ្លាំង ដើម្បីស្វែង​រកជំនួយជួយដល់ពលរដ្ឋខ្មែរ ដែលទទួលរងនូវគ្រោះទឹកជំនន់។ ទង្វើនេះ បានទទូលការចាប់អារម្មណ៍ យ៉ាងខ្លាំងពី​សំណាក់ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ។ ចាប់អារម្មណ៍ដោយសារតែ សកម្មភាព​បែប​នេះ ស្ទើតែមិនដែលកើតមានទាល់តែសោះ សម្រាប់គណបក្សប្រឆាំង នៅក្នុងប្រទេសកម្ពុជា ដែលដើរតួនាទីជួយពលរដ្ឋ​ដូចរដ្ឋាភិបាលដែរ។ ទង្វើនេះត្រូវបាន គេមើលឃើញថា ជាយុត្តិសាស្រ្តរបស់បក្សប្រឆាំង ដើម្បីទាក់ទាញសំឡេង​គាំទ្រ​ពី​ពលរដ្ឋ។

សម្រាប់អ្នកវិភាគនយោបាយឯករាជ្យ លោក សុខ ទូច បានធ្វើការវិភាគចំពោះទង្វើរបស់ អនុប្រធានគណបក្ស​ប្រឆាំង​បែប​នេះថា ធ្វើឡើងក្រោមហេតុផលពីរយ៉ាងទី១ ដើម្បីឆ្លៀតកេញចំណេញនយោបាយឲ្យបក្សខ្លួន។ អ្នកវិភាគបានអធិប្បាយថា ដោយ សារគណបក្សសង្គ្រោះជាតិ គឺជាគណបក្សប្រឆាំង ដែលមានតួនាទីក្នុងការជម្រុញ ឬជូនដំណឹងដល់រដ្ឋាភិបាល ឲ្យ​អនុវត្តឬចាត់វិធានការជួយសង្គ្រោះដល់ពេលរដ្ឋ ដោយសារគ្រោះទឹកជំនន់នេះ តែបែជាបក្សប្រឆាំងភ្លេចតួនាទីខ្លួនឯង ធ្វើ​សកម្មភាពជួយសង្គ្រោះតែម្តង ដែលនេះបង្ហាញពីមហិច្ឆតាចង់ចំណេញនយោបាយ។ ចំណុចទី ២ ការធ្វើសកម្មភាពរបស់ មន្រ្តីគណបក្សប្រឆាំងនេះ គឺធ្វើឡើងក្នុងនាមខ្លួនជាពលរដ្ឋខ្មែរដូចគ្នា ពេលឃើញខ្មែរជួបគ្រោះថ្នាក់ អ្នកទាំងនោះនាំគ្នាជួយ​ចេញពីចិត្តស្មោះ។

បើទោះបីជាបែបនេះក្តី ក៏នៅមានចំណោទបញ្ហាជាច្រើន ដែលគេត្រូវចោទសួរថា តើសកម្មភាពរបស់មេដឹកនាំបក្ស​ប្រឆាំង​ទាំងពីរនេះ អាចនឹងទទួលបានជោគជ័យដែរ ឬយ៉ាងណា? ប្រសិនបើពេលនេះរដ្ឋាភិបាលថ្មីរបស់ លោក ហ៊ុន សែន បាន​លេចចេញជារូបរាងហើយនោះ ថាតើបរទេសអាចនឹងចូលលូកដៃ ជួយដោះស្រាយវិបត្តិនយោបាយ នៅកម្ពុជាបាន ឬ​យ៉ាងដូចម្ដេច?

ក្រុមអ្នកវិភាគបាននិយាយថា យុត្តិសាស្រ្តដែលសំខាន់ជាងគេ និងដែលអាចដោះស្រាយនូវវិបត្តិសព្វថ្ងៃនេះបាន គឺមានតែ​គណបក្សទាំងពីរអង្គុយតុចរចារជាមួយគ្នាតែប៉ុណ្ណោះ ហើយពិភាក្សាគ្នាដោយតម្កល់ផល ប្រយោជន៍ជាតិជាធំពិតប្រាកដ មិនមែនផលប្រយោជន៍ជាតិតែលើបបេម៉ាត់ តែក្នុងចិត្តម្នាក់ៗ ស្រែកឃ្លានតែអំណាច និងផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ៕

----------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...