បទពិពណ៌នា៖ ពលរដ្ឋនៅសៀមរាប ស្នើហ៊ុន សែន ចុះចេញពីតំណែង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: December 11, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ទាំងជុំវិញខេត្តសៀមរាប ក៏ដូចជាខេត្តឆ្ងាយៗចំនួនជាងមួយម៉ឺននាក់ បានមកជួបជុំគ្នានាទីលានសម្តែងមតិ មុខនគរធ្យូងយូរ ក្នុងខេត្តសៀមរាប បើទោះជាអវត្តមានលោក កឹម សុខា អនុប្រធាន និងមានតែវត្តមានលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិក៏ដោយ។ សូមអានបទពិពណ៌នា របស់អ្នកយកព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នៅក្រុងសៀមរាប-អង្គរ ដូចខាងក្រោម។
លោក សម រង្ស៊ី ថ្លែងនៅមុខនគរធ្យូងយូរ ថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
សៀមរាប -ការស្វាគមន៍របស់អាជីវករ មុនវត្តមានរបស់លោកសម រង្ស៊ី មកដល់ នាវេលាម៉ោងមួយ និងសាមសិបនាទី នាក្រុងសៀមរាប គេសង្កេតឃើញអាជីវករទាំងក្នុងទីផ្សារ និងតាមបណ្តោយផ្លូវនានាភាគច្រើនបានបិទទ្វារ។ ប៉ុន្តែបណ្ដាជនជាច្រើនបានថ្លែងថាការបិទទ្វានោះ មិនមែនដោយសារភ័យខ្លាចការជួបជុំដ៏ធំ ដែលធ្វើនៅទីនោះទេ តែផ្ទុយទៅវិញ គឺដើម្បីបានទៅចូលរួមស្វាគមន៍លោក សម រង្ស៊ី ដល់ព្រលានយន្តហោះខេត្តសៀមរាប។
វេលាម៉ោងជាងបីរសៀល លោកសម រង្ស៊ី ក៏បានមកដល់ទីលានសម្តែងមតិមុខនគរធ្យូងយូរ ដែលអមដំណើរដោយប្រជាពលរដ្ឋម្ចាស់ស្រុក មិនតិចជាងប្រាំពាន់នាក់ និងប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ដែលមានវត្តមានក្នុងទីលានស្រាប់ ក៏មិនតិចជាងប្រាំពាន់នាក់ដែរ។
«ទិវាសិទ្ធិមនុស្សអន្តរជាតិ ។ (...) ពលរដ្ឋគ្រប់រូបត្រូវតែមានសិទ្ធិ ដែលមិនអាចឲ្យគេជាន់ឈ្លីបាន ដូចជាសិទ្ធិរស់រានមានជីវិតដែលសុខទាំងកាយនិងចិត្ត សិទ្ធិមានជីវភាពរស់នៅយ៉ាងសមរម្យ និងដោយសេចក្តីថ្លៃថ្នូរ សិទ្ធិមានកម្មសិទ្ធិជៀសផុតពីការរំលោភបំពានពីសំណាក់រដ្ឋអំណាចមូលដ្ឋាន មន្រ្តីជាន់ខ្ពល់ បក្សពួកនិយមនិងឈ្មួញ។ (...) តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមក្នុងរដ្ឋសភាខុសច្បាប់ សភាដែលមិនគោរពសិទ្ធិប្រជាពលរដ្ឋទេ។» នេះជាការថ្លែងរបស់លោកសម រង្ស៊ី។
លោក សម រង្ស៊ី បានថ្លែងបន្តរថា «ប្រជាពលរដ្ឋទាមទាឲ្យលោកហ៊ុន សែន ចុះចេញពីដំណែងដូចនាយករដ្ឋមន្រ្តីថៃ លោកស្រីយីងឡាក់ ដែលជាថ្នាក់ដឹកនាំថ្លៃថ្នូរ សុខចិត្តចុះចេញពីតំណែងព្រោះតែចង់ឃើញជាតិសុខ ប្រជារាស្រ្តសប្បាយ និងទទួលយកការបោះឆ្នោតជាថ្មី។ (...) បើមិនយកគំរូតាមនាយករដ្ឋមន្រ្តីថ្លៃថ្នូរដូចប្រទេសថៃ ដែលមានលោកស្រីយីងឡាក់ទេ យើងនឹងធ្វើបាតុកម្មបណ្តេញចេញទាល់តែបាន។ ចុះចេញដោយខ្លួនឯង ចុះចេញដោយថ្លៃថ្នូរ ចុះចេញដោយប្រជាពលរដ្ឋគោរពស្រលាញ់ ល្អជាងឲ្យគេដេញនាំខ្មាសគេ។ (...) យើងសង្គ្រោះជាតិឲ្យទាល់តែបាន។»
ក្រោយពីកិច្ចថ្លែងស្វាគមន៍របស់លោក សម រង្ស៊ី នាវេលាម៉ោងជាងបីនិងសែសិបនាទី លោកសម រង្ស៊ី ក៏បានផ្តល់វេទិការទៅប្រជាពលរដ្ឋ ដែលលោកចាត់ទុកថាជាម្ចាស់ឆ្នោត បានថ្លែងបញ្ជាក់នូវអារម្មណ៍ និងបញ្ហារបស់ខ្លួនដែលបានជួបប្រទះ និងមិនមានការដោះស្រាយ ឬអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ។
«ចុះចេញទៅៗៗៗ» ជាសម្រែករបស់ប្រជាពលរដ្ឋស្រែកយ៉ាងកងរំពងពេញទីវាល ដើម្បីបង្ខំឲ្យលោក ហ៊ុន សែន ចុះចេញពីដំណែងជានាយករដ្ឋមន្រ្តី។ ស្របជាមួយនឹងសម្រែកជ័យឃោសនេះ ប្រជាពលរដ្ឋចំនួនជាងប្រាំនាក់រួមទាំងព្រះសង្ឃមួយអង្គ ក៏បានបង្ហាញពីទិកចិត្តស្រដៀងគ្នា ចំពោះការគ្រប់គ្រង់របស់រដ្ឋាភិបាលលោក ហ៊ុន សែន ថាពោរពេញទៅដោយអំពើពុករលួយ បក្សពួកនិយម បំផ្លាញទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិសាធារណៈ ជិះជាន់សង្កត់សង្គិនរាស្រ្តគ្មានត្រាប្រណី គ្មានដំណោះស្រាយ និងគ្មានកិច្ចអន្តរាគមជាដើម។
ម៉ោងជាង៤ល្ងាច ក្បួនដង្ហែរបានចាប់ផ្តើមចេញពីនគរព្យូងយូរ សំដៅឆ្ពោះទៅរាជសំណាក់ព្រះអង្គចេកព្រះអង្គចម ដើម្បីសុំនូវសេចក្តីសុខដល់ប្រជាពលរដ្ឋ សុំទាមទាឲ្យមានយុត្តិធម៌សម្រាប់ប្រជាជនទូទាំងប្រទេស ពិសេសអ្នកដែលត្រូវបានគេលួចបន្លំសន្លឹកឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមកនេះ។
ក្នុងក្បួនដង្ហែរដោយថ្មើរជើងក្នុងដីជិតប្រាំពីរគីឡូម៉ែត្រពីនគរព្យូងយូរ សំដៅឆ្ពោះទៅកាន់ទីអាសនៈរបស់ព្រះអង្គចេកព្រះអង្គចម ដោយវាងកាត់តាមបណ្តោយផ្លូវសំខាន់ៗមួយចំនួន ក្នុងក្រុងសៀមរាបមុននឹងទៅដល់គោលដៅរបស់ខ្លួន។ អំឡុងពេលដង្ហែរជាក្បួននេះ មិនមានការរាំងស្ទះ ឬបិទផ្លូវពីសំណាក់អាជ្ញាធរមានសម្ថកិច្ចទេ តែផ្ទុយទៅវិញ កងកម្លាំងទាំងនោះបានជួយសម្រួលដល់ចរាចរណ៍យ៉ាងយកចិត្តទុកដាក់ និងមួយចំនួន បានលួចបង្ហាញនូវការគាំទ្ររបស់ខ្លួន តាមរយៈការញញឹម ជាមួយនឹងមាត់ម្ហបៗថា «ដូរៗៗ»។
នៅពេលវត្តមានក្បួនដង្ហែរបានមកដល់ក្នុងក្រុង នាទីប្រជុំជន ក្រុមបាតុករដែលនាំមុខគេ ក្រុមមួយបានស្រែកថា «ហ៊ុន សែន អើយ» និងមានក្រុមមួយទៀតដែលនាំមុខដែរនោះ ក៏បានបន្ទរថា «ចុះចេញទៅ»។ ការស្រែកយ៉ាងនេះបានធ្វើឡើងបន្តរបន្ទាប់គ្នាជាច្រើនដងច្រើនសារ ជាមួយនិងការបន្ថែមនូវពាក្យមួយចំនួនដូចជា «ឈ្នះមិនឈ្នះ? ឈ្នះៗ។ (...) ជយោ! គណបក្សសង្គ្រោះជាតិ» ជាដើម។ ការស្រែកនូវជ័យឃោសនេះ បានបន្តររហូតមកដល់មុខព្រះអង្គចេកព្រះអង្គចមទើបឈប់។
ក្រោយពីបានអុជធូបសុំក្តីសុខ ជាមួយនឹងការស្នើសុំឲ្យមានការស្វែងរកយុត្តិធម៌នៃលទ្ធផលការបោះឆ្នោត ជូនម្ចាស់ឆ្នោតរួចហើយនោះ លោកសម រង្ស៊ី រួមជាមួយនិងតំណាងរាស្រ្ត បានវិលត្រឡប់ទៅកាន់ទីលានសម្តែងមតិដែលស្ថិតនៅមុខនគរធ្យូងយូរ ដើម្បីបន្តការកំសាន្តជាមួយតន្ត្រីសម័យវិញ មុននឹងធ្វើការបំបែកផ្លូវគ្នាទៅកាន់លំនៅដ្ឋានរៀងៗខ្លួន។
សូមបញ្ជាក់ថា តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមមានដូចជា លោកស្រីកែវ សុវណ្ណារ័ត្ន តំណាងរាស្រ្តខេត្តសៀមរាប លោកគួច ប៊ុនរឿនតំណាងរាស្រ្តខេត្តកំពង់ចាម លោកហូរ វ៉ាន់ តំណាងរាស្រ្តភ្នំពេញ លោកយន់ ថារ៉ូ តំណាងរាស្រ្តខេត្តបន្ទាយមានជ័យ និងតំណាងរាស្រ្តជាច្រើនផ្សេងទៀត។ នៅរសៀលនេះ គេក៏សង្កេតឃើញមាន ការចូលរួមពីសមាជិកព្រឹទ្ធសភាមួយចំនួនទៀតដូចគ្នាដែរ៕
សូមទស្សនា ការពិពណ៌នាតាមរយៈរូបថត ដោយចុចនៅទីនេះ។
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ