ហ៊ុន ម៉ាណែត រង​បណ្ដឹង​ឧក្រិដ្ឋ​ចំនួន​ពីរ នៅ​អាមេរិក

លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន មិនសូវជាសប្បាយប៉ុន្មានទេ ក្នុងដំណើរ​ទៅ​ចូលឆ្នាំ​ថ្មី នៅ​សហរដ្ឋ​អាមេរិក។ ក្រៅពីរងនូវបាតុកម្មប្រឆាំង ពីសំណាក់ពលរដ្ឋ​ដើមកំណើតខ្មែរ យ៉ាង​ខ្លាំងក្លា​នៅ​ទីនោះ លោក ហ៊ុន ម៉ាណែត កំពុងរងនូវបណ្ដឹងឧក្រិដ្ឋ ចំនួនពីរ នៅតុលាការ​អាមេរិក​នោះ​ថែម​ទៀត។
ហ៊ុន ម៉ាណែត រង​បណ្ដឹង​ឧក្រិដ្ឋ​ចំនួន​ពីរ នៅ​អាមេរិក
លោក ហ៊ុន ម៉ាណែត កូនប្រុសរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៥ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 15, 2016
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គ្រាមយុត្តិធម៌បានចាប់ផ្ដើមហើយ នៅសហរដ្ឋអាមេរិក ដែលបានតទល់គ្នា រវាងរបបក្រុងភ្នំពេញ តំណាង​ក្នុងពេលនេះ ដោយលោក ហ៊ុន ម៉ាណែត និងក្រុមពលរដ្ឋ ដែលអះអាងថា ខ្លួនជាជនរងគ្រោះ។ យ៉ាង​ហោច​ណាស់ បណ្ដឹងចំនួនពីរត្រូវបានប្ដឹង ប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត៖ បណ្ដឹងទីមួយ- ជាបណ្ដឹងរបស់អ្នកស្រី មាជ ចេមី ភរិយាលោក មាជ សុវណ្ណារា ធ្វើឡើងតាមរយៈមេធាវីលោក មូ័រតុន ក្លារ (Morton Sklar) និង​បណ្ដឹង​ទីពីរ- ជាបណ្ដឹងរបស់មន្ត្រីស្មៀន បញ្ជូនដីការតុលាការមួយរូប ដែលទំនងជាបានរងការវាយប្រហារ ពី​សំណាក់​អង្គរក្ស របស់លោក ហ៊ុន ម៉ាណែត ធ្វើឡើង​តាមរយៈអាជ្ញាធរក្រុង ឡូសអែនជឺឡេស។

តាមពិតទៅ លោក ហ៊ុន ម៉ាណែត បានរងបណ្ដឹងទាំងនេះ ជំនួសឲ្យរបបដឹកនាំរបស់ឪពុកលោក ដែលបាន​កាន់អំណាច​ជាង៣ទសវត្សន៍ នៅក្នុងប្រទេសកម្ពុជា ហើយលោក ហ៊ុន ម៉ាណែត ជាមន្ត្រីជាន់ខ្ពស់កម្ពុជា (និង​ជាកូនប្រុស របស់នាយករដ្ឋមន្ត្រីថែមទៀត) តែម្នាក់គត់ ដែលមានវត្តមានលើទឹកដីសហរដ្ឋអាមេរិក នៅ​ក្នុង​រយៈពេលនៃការដាក់​ពាក្យ​បណ្ដឹង​នេះ ទៅកាន់តុលាការក្រុង ឡូសអែនជឺឡេស។ នៅក្នុង​បណ្ដឹង​ឧក្រិដ្ឋ​ទីមួយ អ្នកស្រី មាជ ចេមី ភរិយា​លោក មាជ សុវណ្ណារ៉ា ដែលជាមន្ត្រីជាន់ខ្ពស់ របស់គណបក្ស​សង្គ្រោះជាតិ បាន​ប្ដឹង​រដ្ឋាភិបាលក្រុងភ្នំពេញ ពី​ការ​រំលោភសិទ្ធមនុស្សធ្ងន់ធ្ងរ ក្នុងនោះមានបទចោទ ទាក់ទងនឹង​ការ​ឃុំឃាំង​​មនុស្ស​ខុសច្បាប់ ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ទៅលើមន្ត្រីរបស់គណបក្ស​ប្រឆាំង និង​អំពើ​ភេរវកម្ម​​អន្តរជាតិ។

លោក ហ៊ុន ម៉ាណែត ដែលមានពាក់ផ្កាយ ជាមន្ត្រីជាន់ខ្ពស់នៅក្រសួងការពារជាតិ មានយៈពេល៣០​ថ្ងៃ​ ដើម្បី​ទៅ​ឆ្លើយបំភ្លឺ​នៅ​តុលាការ​អាមេរិក ពាក់ព័ន្ធ​នឹង​បណ្តឹង​ប្រឆាំង​រូបលោក និង​រដ្ឋាភិបាល​ឪពុក​របស់លោក។ ថ្លែង​តាម​រយៈ​វិទ្យុ​អាស៊ីសេរី លោកមេធាវី ម័រតុន ក្លារ បានព្រមាន​ថា លោក ហ៊ុន ម៉ាណែត អាច​ប្រឈម​នឹង​បញ្ហា​ច្បាប់​ ប្រសិន​បើ​លោក​មិន​បង្ហាញខ្លួន ឬ​ជួល​មេធាវី​ការពារ​ក្តី។

រីឯ​បណ្តឹង​ឧក្រិដ្ឋ​ទីពីរ ធ្វើឡើងដោយអាជ្ញាធរក្រុង ឡូសអែនជឺឡេស ពី​បទ​បង្ក​របួស​ស្នាម ទៅលើ​លោក ផូល ហាយ៉េស (Paul Hayes) ជាមន្ត្រី​ស្មៀន​បញ្ជូន​ដីការ​តុលាការ ដែលទំនងជាបង្កឡើង ដោយអង្គរក្សរបស់​លោក ហ៊ុន ម៉ាណែត។

សារព័ត៌មានជាច្រើននៅអាមេរិក បានរំលឹកហេតុការណ៍នោះ ឡើងវិញថា នៅយប់ថ្ងៃទី៩ ខែមេសា លោក ផូល ហាយ៉េស បានព្យាយាមហៅឈ្មោះលោក ហ៊ុន ម៉ាណែត នៅចំងាយ១ម៉ែត្រ មុននឹងចូលទៅហុច​ដីការ​កោះ​របស់តុលាការ​ទៅឲ្យលោក នៅក្នុងភោជនីយដ្ឋានមួយ។ សកម្មភាពហុចដីការ របស់លោក ហាយ៉េស បាន​ធ្វើឡើង ដោយ​អនុលោមតាមច្បាប់អាមេរិក ដែលត្រូវផ្ដល់ឯកសារកោះ ទៅឲ្យភាគីចុងចោទ នៅ​ក្នុង​រយៈ​ពេល​យូរ​បំផុត ៥ថ្ងៃ បន្ទាប់ពីបានទទួលបានពាក្យបណ្ដឹង។ ប៉ុន្តែនៅទីនោះ លោក ផូល ហាយ៉េស ទំនង​ជា​ត្រូវ​បានអង្គរក្ស​របស់​លោក ហ៊ុន ម៉ាណែត ចាប់លើក​ឡើង​លើ ហើយ​បោក​ទៅលើ​ថ្ម​ បណ្ដាលឲ្យរង​របួស​ធ្ងន់ធ្ងរ។

នៅខណៈនេះ លោក ហាយ៉េស កំពុងសម្រាក​ព្យាបាល​របួស​ឆ្អឹងខ្នង នៅក្នុងមន្ទីរពេទ្យ។ ហើយ​នៅពេល​ដែល​ក្រុមអាជ្ញាធរ បានចូលទៅសម្ភាសលោក នៅក្នុងមន្ទីរពេទ្យ លោក ហាយ៉េស បានឆ្លើយយល់ព្រម ឲ្យ​អាជ្ញាធរ​បើកសំនុំរឿងឡើង ក្នុងនោះមានទាំងការស៊ើបអង្កេត និង​ទាំងការចោទប្រកាន់​ ទៅលើករណី​ឧក្រិដ្ឋ​​នេះ​។ លោក​មេធាវី ម័រតុន ក្លារ បានពន្យល់ថា ការចោទប្រកាន់​លើ​អង្គរក្ស និង​លោក ហ៊ុន ម៉ាណែត ទាក់ទង​នឹង​ការ​ប្រើ​ប្រាស់​​អំពើហិង្សា អាច​ប្រើប្រាស់​រយៈពេល​យូរ​បន្តិច ហើយ​អ្នក​ទាំងពីរ (លោក ហ៊ុន ម៉ាណែត និង​អង្គរក្ស)​អាច​​នឹង​មាន ឱកាស​ចាកចេញ​ពី​សហរដ្ឋ​អាមេរិក។

គេនៅមិនទាន់ឃើញ ប្រតិកម្ម ឬសេចក្ដីប្រកាសព័ត៌មានអ្វី ពីសំណាក់លោក ហ៊ុន ម៉ាណែត នៅឡើយ ចំពោះ​បណ្ដឹង​ឧក្រិដ្ឋទាំងពីរនេះ។ ដោយឡែកមន្ត្រីរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មតបនឹងបណ្ដឹងនេះ ថាជា​ការ​លូក​លាន់​ចូល​កិច្ចការផ្ទៃក្នុង​របស់កម្ពុជា ហើយបានចាត់ទុកការប្ដឹង ប្រឆាំងរដ្ឋាភិបាលកម្ពុជា នៅក្នុង​តុលាការ​អាមេរិក​ជា​«កំហុស​ឆ្គង»មួយ។

ប៉ុន្តែការលើកឡើង របស់មន្ត្រីរដ្ឋាភិបាលរូបនោះ ត្រូវបានលោកមេធាវី ក្លារ ច្រានចោលទាំងស្រុង។ លោក ម័រតុន ក្លារ បានបញ្ជាក់ថា៖ «​វា​គ្មាន​ន័យ​អ្វី​ទាំងអស់​សម្រាប់​យើង​ ប្រសិនបើ​យើង​ប្តឹង​រដ្ឋាភិបាល​កម្ពុជា ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ ដែល​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រើប្រាស់​តុលាការ​​ដើម្បី​គាប​សង្កត់​ គណបក្សប្រឆាំង។»។

លោក ម័រតុន ក្លារ ធ្លាប់កាន់សំនុំរឿងជាច្រើន ដែលដាក់ប្ដឹង ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន សែន ផ្ទាល់។ កាលពីឆ្នាំ២០០៥ លោក ក្លារ ជាមេធាវីការពាក្ដីឲ្យលោក សម រង្ស៊ី ក្នុងករណីគប់គ្រាប់បែក នៅមុខ​រដ្ឋសភា​ចាស់ ក្នុងឆ្នាំ១៩៩៧។ លោក ក្លារ បានអះអាងថា លោកទទួលបានជោគជ័យ​នៅពេលនោះ ដោយ​សារ​តែ​លោក ហ៊ុន សែន បានអវត្តមាននៅក្នុងសវនាការ។ ប៉ុន្តែករណីនេះ បានបិតបញ្ចប់ទៅវិញ ដោយ​សារ​មាន​ការ​សម្រប​សម្រួល ផ្នែកនយោបាយនៅកម្ពុជា។ រីឯនៅឆ្នាំ២០១៤ លោក ក្លារ ដែលតំណាង​ឲ្យ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​ជនរងគ្រោះ ​បានប្តឹង​លោក ហ៊ុន សែន ដដែល ទៅកាន់​តុលាការអន្តរជាតិ​ ទាក់ទងនឹងបទ​លាក់​បាំង​​ព័ត៌មាន​​ឧក្រិដ្ឋកម្ម ​ប្រព្រឹត្ត​ឡើង​ក្នុង​របប​ខ្មែរក្រហម និង​ការរំលោភ​សិទ្ធិមនុស្ស ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ទូលំ​ទូលាយ ការសម្លាប់​មនុស្ស ការបង្ខំ​បណ្ដេញ​ពលរដ្ឋ​​ចេញពីផ្ទះ​សម្បែង និង​ការរំលោភបំពាន​​ផ្លូវ​ភេទ ​លើ​អ្នក​ទោស​ជា​ស្ត្រី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...