ផៃ ស៊ីផាន ថា(មន្ត្រី) អ.ស.ប មិនស្គាល់ស្ថានភាពជាក់ស្ដែងនៅកម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ តុលា ២០១៧
- កែប្រែចុងក្រោយ: October 14, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មែនទែនទៅ គេមិនដឹងថា តើលោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្ដីការគណរដ្ឋមន្ត្រី បានធ្វើប្រតិកម្មតបដោយផ្ទាល់ ទៅកាន់ស្ថាប័នអង្គការសហប្រជាជាតិ ឬសំដៅចំទៅអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាសិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជានោះទេ។
ដោយសារលោក ផៃ ស៊ីផាន បានសរសេរដោយមិនចំពោះ នៅលើបណ្ដាញសង្គមថា ប្រតិកម្មរបស់លោកនេះ គឺជា«ការឆ្លើយតបបឋម»មួយ ចំពោះ«អ្វីដែលជាសេចក្តីថ្លែងការណ៍ របស់អង្គការសហប្រជាជាតិ» ជុំវិញការ«ព្រួយបារម្ភ ចំពោះស្ថានភាពនយោបាយ នៅកម្ពុជា ពាក់ព័ន្ធនឹងលទិ្ធប្រជាធិបតេយ្យ»។
កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ អ្នកស្រី រ៉ូណា ស្មីត បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងក្ដីបារម្ភកាន់តែខ្លាំងឡើង នៅចំពោះការវិវត្តន៍ចុងក្រោយ នៃនយោបាយកម្ពុជា នៅមុនការបោះឆ្នោតជាតិ ដែលនឹងខិតមកដល់ ក្នុងប៉ុន្មានខែខាងមុខ និងបានរិះគន់ធ្ងន់ៗ ពីបញ្ហា«សិទ្ធិស៊ីវិល និងនយោបាយ នៅកម្ពុជា ដែលកំពុងធ្លាក់ចុះដុនដាប យ៉ាងឆាប់រហ័ស»។
អ្នកស្រីបានចាត់ទុក ជំហានទៅរំលាយគណបក្សសង្គ្រោះជាតិ ថានឹងបង្កការប៉ះពាល់ ទៅដល់សម្លេងរបស់ពលរដ្ឋកម្ពុជា ហើយអំពាវនាវ ឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គប្បីអនុវត្តន៍តាមអនុសាសន៍ របស់[ព្រះអង្គម្ចាស់]ស្នងការជាន់ខ្ពស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស និងដែលបានទទូច ឲ្យរដ្ឋាភិបាលគោរព នូវសិទ្ធិស៊ីវិល និងនយោបាយ ព្រមទាំងសេរីភាព ជាមូលដ្ឋាន។
ស្ត្រីអ្នករាយការណ៍ពិសេស ផ្នែកសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់ថា៖ «ដើម្បីឲ្យពលរដ្ឋកម្ពុជា អាចធ្វើការជជែកពិភាក្សា ផ្នែកនយោបាយមួយ ដែលមានលក្ខណៈបើកទូលាយ និងដោយហ្មត់ចត់នោះ គណបក្សប្រឆាំងត្រូវបន្តវត្តមាន និងអាចដំណើរការទៅមុខ ដោយគ្មានការភ័យខ្លាច និងការបំភិតបំភ័យ»។
តែសម្រាប់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាវិញ បានហៅការលើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលធ្វើឡើងដោយ(មន្ត្រី) អង្គការសហប្រជាជាតិនោះ ថា«គ្មានអ្វីប្លែក ពីសេចក្តីព្រួយបារម្ភ ដែលមិនបានយល់ច្បាស់ អំពីស្ថានភាពជាក់ស្តែង នៅកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង» របស់រដ្ឋាភិបាលកម្ពុជា ដែលកំពុងរក្សាបាន នូវ«ដំណើរការ លទ្ធិប្រជាធិបតេយ្យ ឈរលើមូលដ្ឋាននីតិរដ្ឋ ជាមួយនឹងវប្បធម៌ នៃរបបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស»។
លោក ផៃ ស៊ីផាន បានជឿជាក់ថា៖ «ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ (ដែល) អនុម័តជាឯកច្ឆ័ន្ធ ពីសំណាក់ប្រជាជាតិ ដែលជាសមាជិកនានា បានចែងថាប្រជាជាតិមានសិទ្ធិសេរីភាព ក្នុងកិច្ចសម្រេច និង(ភាព)ទទួលខុសត្រូវ នៃជោគវាសនារបស់ខ្លួន»។ លោកថា៖ «រយៈកន្លង(មក) ប្រជាពលរដ្ឋកម្ពុជា បានតស៊ូយ៉ាងក្លៀវក្លា និងស្វិតស្វាញ នៃដំណាក់កាលនីមួយៗ ចាប់តាំង ពីវាលពិឃាដ ៧៩ មក រហូតដល់បច្ចប្បន។ ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស រយៈជាង២០ឆ្នាំកន្លងមក ជាមួយនិងបរិមាណចូលរួមបោះឆ្នោត មានកម្រិតខ្ពស់ នោះបើប្រៀបធៀប ជាមួយប្រជាជាតិដទៃ។ ទោះបីមានការវិវាទ នៃលទ្ធផលពីការបោះឆ្នោត ពីសំណាក់ គណបក្សប្រឆាំង ជាមួយនិងការជ្រៀតជ្រែកពីបរទេស យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែរក្សាបានសន្តិភាព សន្តិសុខ និងវិបុលភាពគួរអោយកត់សម្គាល់ និងមានមោទនភាពខ្ពស់ របស់កម្ពុជា និងការទទួលខុសត្រូវ (លើ)ជោគវាសនារបស់ខ្លួន។»៕