របប​តិរច្ឆាន​នៅ​កម្ពុជា៖ ផ្ទុះ​សង្គ្រាម​សំដី សួន សេរីរដ្ឋា និង​ជុំ កុសល

ប្រធានគណបក្ស​អំណាចខ្មែរ លោក សួន សេរីរដ្ឋា បានពន្យល់ និង​បាន​ការពារនូវអ្វី ដែលសមាជិក​សភា​អូស្ត្រាលី ដែលមាន​ដើម​កំណើត​ខ្មែរ លោក ហុង លីម បានលើកឡើង ខណៈទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ជុំ កុសល វិញ បានប្រតិកម្ម​ជំទាស់ ទៅនឹងការពន្យល់​នោះ។ វា​ជាការ​វែកញែក​​មួយ ដែលពិបាក​រក​ឃើញ នូវ​ទី​បញ្ចប់។
របប​តិរច្ឆាន​នៅ​កម្ពុជា៖ ផ្ទុះ​សង្គ្រាម​សំដី សួន សេរីរដ្ឋា និង​ជុំ កុសល
ពីឆ្វេងទៅស្ដាំ៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ និងលោក ជុំ កុសល ទីប្រឹក្សានាយករដ្ឋមន្ត្រី។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 09, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«របបដឹកនាំនៅកម្ពុជា​ ដែលមានលក្ខណៈតិរច្ឆាន» ពាក្យសំដីប៉ុន្មានម៉ាត់របស់លោក ហុង លីម សមាជិក​សភា​អូស្ត្រាលី ដែលមានដើមកំណើតខ្មែរ បានធ្វើឲ្យមានការបង្ហូទឹកខ្មៅ អស់ជាច្រើន ទាំងនៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំងនៅក្នុងចំណោមអ្នកនយោបាយ។ ប្រសិនជាមានសង្គ្រាមពាក្យសំដី បានផ្ទុះឡើងនោះ គឺ​ដោយ​​សារ​តែ​ការ​បក​ស្រាយ និងប្រតិកម្ម ត្រូវបានធ្វើឡើងខុសគ្នា ទៅលើពាក្យសំដី របស់អ្នកតំណាងរាស្ត្រ ខ្មែរ-​អូស្ត្រាលី​​ខាង​លើ។ ជាពិសេសការលើកឡើងផ្ទុយគ្នា រវាងប្រធាន​គណបក្ស​អំណាចខ្មែរ លោក សួន សេរីរដ្ឋា និង​​ទីប្រឹក្សា​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ជុំ កុសល នេះតែម្ដង។

លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានសរសេរពន្យល់ ការពារការលើកឡើងរបស់លោក ហុង លីម ថាជាការបាញ់ឆ្ពោះទៅរករបបដឹកនាំ របស់រដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ ហើយលោក​ស្នើ​ទៅ​ពលរដ្ឋខ្មែរ ឲ្យយល់ពីការប្រើប្រាស់ពាក្យ នៅក្នុងភាសា និងអក្សរសាស្ត្រខ្មែរ។ លោក រដ្ឋា ពន្យល់ថា ការ​លើក​ឡើង​របស់លោក ហុង លីម មានលក្ខណៈជាប្រយោគ ប្រើពាក្យជា «អសាធារណៈនាម» ដោយសំដៅ​ទៅ​ចំពោះ​តែ «របបដឹកនាំ ដែលទទួលខុសត្រូវ ដោយពួកអ្នកដឹកនាំ» ប៉ុណ្ណោះ។

"សត្វសេក"...

អតីតប្រធានចលនាអំណាច​ពលរដ្ឋខ្មែររូបនេះ បានសរសេរថា៖ «លោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី ដែល​មានកំណើតខ្មែរ គាត់បានហៅរបបដឹកនាំបច្ចុប្បន្នថា ជារបបតិរិច្ឆាន គឺគាត់សំដៅទៅលើរបបដឹកនាំ ដែល​ទទួល​ខុសត្រូវដោយពួកអ្នកដឹកនាំ ។ ពោលគឺគាត់មិនបានចោទ ឬហៅពលរដ្ឋខ្មែរថាជា សត្វតិរិច្ឆាន ដូច​ពួក​សារព័ត៌មាន​"សត្វសេក"មួយចំនួន ដែលចាំតែជួយបំប៉ោង បំភ្លៃ តាមសំដីពួកមន្ត្រីតិរិច្ឆាន ដែលមាន​មាត់​វែង មាត់ខ្លី និងមាត់ស្អុយ ទាំងអស់នោះទេ។ ផ្ទុយទៅវិញ ការលើកឡើងរបស់លោក ហុង លីម គឺចង់​បង្ហាញ​ថា ពលរដ្ឋខ្មែរបច្ចប្បន្ន គឺកំពុងក្លាយជាជនរងគ្រោះ នៃរបបដឹកនាំបច្ចុប្បន្ន ដែលជារបបដឹកនាំតិរិច្ឆាន ប៉ុណ្ណោះ។»។

នៅចំពោះការលើកឡើងខាងលើ លោក ជុំ កុសល ទីប្រឹក្សានាយករដ្ឋមន្ត្រីកម្ពុជា និងជាពិធីករទូរទស្សន៍​​ដ៏​ល្បី​ឈ្មោះ ក្នុងកម្មវិធីវិភាគ​នយោបាយ​នោះ បានប្រតិកម្មឆ្លើយតប ដោយពន្យល់ពីការលើកឡើង របស់លោក ហុង លីម ថា​បាន​ដៀល ទៅដល់របបទាំងមូល និងប្រមាថ​ទៅដល់​ព្រះមហាក្សត្រនោះទៀត។

លោក កុសល បានសរសេរថា៖ «រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ជាតិ។ រដ្ឋធម្មនុញ្ញ បានចែងយ៉ាងច្បាស់ថា កម្ពុជាគឺរបបរាជានិយម។ ដូច្នេះ ចំពោះការប្រើពាក្យដល់របប របស់លោក ហុង លីម គឺវាប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ព្រះមហាក្សត្រ ព្រោះព្រះអង្គទ្រង់គង់នៅ (ជា)ម្លប់នៃកម្ពុជាទាំងមូល។ បើដៀលត្រឹមរដ្ឋាភិបាលលោក ហ៊ុន សែន នោះគឺវាផុតពីព្រះមហាក្សត្រ តែនេះគឺដៀលដល់របបតែម្តង។»

ទីប្រឹក្សានាយករដ្ឋមន្ត្រី បានពន្យល់បន្ថែមថា៖ «ការប្រមាថរបស់លោក ហុង លីម មិនអាចមិន​ថ្កោល​ទោស​បាន​ឡើយ។ លោក (សួន សេរីរដ្ឋា) ជាអ្នកនយោបាយ ដែលមាននិន្នាការសាធារណរដ្ឋនិយម (ដូច្នេះ) លោក​មិន​ខ្វល់ ចំពោះការប្រមាថ ដល់ព្រះមហាក្សត្រនោះឡើយ។»។

ក្នុងរដ្ឋធម្មនុញ្ញ? នៅត្រង់ណា? មាត្រាណា?

ប៉ន្តែលោក សួន សេរីរដ្ឋា មិនទុកឲ្យការពន្យល់របស់លោក ជុំ កុសល កន្លងទៅយ៉ាងនេះទេ។ លោកបាន​បក​ស្រាយ​មកវិញថា៖ «ក្រែងរដ្ឋធម្មនុញ្ញ សរសេរថា "ព្រះមហាក្សត្រគ្រងរាជ្យ តែមិនកាន់អំណាច" មែនទេ ? ក្នុង​ឃ្លា​នេះ គឺមានន័យគ្រប់គ្រាន់ថា មានតែនាយករដ្ឋមន្ត្រីទេ ដែលដឹកនាំរដ្ឋាភិបាល និងដែលទទួលខុសត្រូវ​លើ​របប​ដឹកនាំ នៃអាណត្តិរបស់ខ្លួន។ ចូរកុំយកច្បាប់រដ្ឋមនុញ្ញ និងយកមហាក្សត្រ មកលាយឡប់ឡែ ជាមួយ​នឹង​របប ដឹកនាំរបស់នាយករដ្ឋមន្ត្រី ហើយកុំយកពលរដ្ឋ និងជាតិ ដែលជានាមសាធារណៈ មកធ្វើអាជីវកម្ម ធ្វើជា​កន្ទប​បិទបាំងរបបដឹកនាំ របស់នាយករដ្ឋមន្ត្រី និងក្រុមគណរដ្ឋមន្ត្រី ដែលគេរិះគន់ និងចោទប្រកាន់។»។

ផ្ទុយទៅវិញ រាល់ការអះអាងខាងលើ ត្រូវបានក្រុមប្រើប្រាស់បណ្ដាញសង្គម មើលឃើញថា វាជាការ​លេង​«ពាក្យ​សម្ដី» ដាក់​គ្នា​ទៅវិញទៅមក ជាពិសេស​នៅពេលដែលពាក្យ​ទាំងពីរនេះ «របបរាជានិយម» និង​«របប​ដឹកនាំ ឬ​របប​នយោបាយ» ត្រូវបានយកមកដាក់បញ្ចូល ក្នុងឆ្នាំង​ធ្វើសម្ល​«ចាប់ឆាយ»ទាំងអស់។

នៅក្នុងរដ្ឋធម្មនុញ្ញ គេរកមិនឃើញ ថាតើនៅត្រង់មាត្រាណាមួយ ដែលបញ្ជាក់ថា ព្រះមហាកក្សត្រត្រូវលូកដៃ ក្នុងការដឹកនាំ ឬនៅក្នុង​នយោបាយ​នោះទេ។ ព្រះអង្គគ្មានអំណាច បើសូម្បីរើសរជ្ជទាយាទ​ ដើម្បី​ស្នង​រាជ្យ​សម្បត្តិ។ ដូចនៅត្រង់ជំពូក២ មាត្រា៧ បានចែងថា៖ «ព្រះមហាក្សត្រ​កម្ពុជា​ ទ្រង់​​គ្រងរាជ្យ​សម្បត្តិ​ ប៉ុន្តែ​ទ្រង់​មិន​​កាន់​​អំណាច​​ឡើយ»។ ក្នុងជំពូកដដែល ត្រង់មាត្រា១០ បាន​ចែងបញ្ជាក់​​ថា៖ «របប​រាជានិយម​កម្ពុជា​ ជា​របប​​ជ្រើស​តាំង។ ព្រះមហាក្សត្រ​ ទ្រង់​ឥត​មាន​ព្រះរាជ​អំណាច​ ចាត់​តាំង​ព្រះ​​រជ្ជទាយាទ​ សម្រាប់​គ្រងរាជ្យ​សម្បត្តិ​​ឡើយ។»។

ហើយដើម្បីយល់ថា តើលោក ហុង លីម សមាជិកសភាអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ និយាយ​ចង់​សំដៅ​ទៅ​លើ​របបរាជានិយម ឬរបបដឹកនាំនោះ គេត្រូវស្ដាប់សម្លេងលោក ពីមុនឃ្លាដែលលោកថា៖ «ជាតិ​យើង ស្រុកយើង ត្រូវថ្លៃថ្នូ ត្រូវគ្រាន់បើ ត្រូវ​សម្បូរ​សប្បាយ​ជាងនេះ ជាង​សព្វថ្ងៃ មិនត្រូវមាន​លក្ខណៈ​​របៀប​​ដូច​តិរច្ឆាន ដូច​​សព្វថ្ងៃ​​នេះទេ»។ សំដីទាំងនោះ ជាការលើកឡើង ដែលលោក ហុង លីម បានបាញ់ឆ្ពោះ ទៅ​រក​តែ​រដ្ឋាភិបាល​កម្ពុជា​មួយ​ប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...