បាតុកម្មខ្មែរនៅអ៊ឺរ៉ុបនាមុខសភាអ៊ឺរ៉ុបថ្ងៃសៅរ៍នេះ ដើម្បីដោះលែងអ្នកទោសមនសិការ

- ដោយ: ដ. កែវ អត្ថបទ - យកការណ៍៖ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២៤ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 25, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចលនាទាមទារ ពីសំណាក់ខ្មែរនៅឯនាយសមុទ្រ ឲ្យមានការខ្វាយខ្វល់ ពីព្រឹត្តិការណ៍ចុងក្រោយ ជាពិសេសពីការចាប់ចង់នានា នៅក្នុងប្រទេសកម្ពុជា កំពុងបន្តសកម្មភាព របស់ពួកគេតទៅទៀត។ បន្ទាប់ពីបាតុកម្ម ដែលបានធ្វើនៅមុខអាគារអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីដើមខែមិថុនាកន្លងទៅនោះ នៅថ្ងៃសៅរ៍នេះ បណ្ដាជនដែលមានដើមកំណើតខ្មែរ និងដែលកំពុងរស់នៅក្នុងទ្វីបអ៊ឺរ៉ុប ច្រើនសិបនាក់ នឹងធ្វើការជួបជុំគ្នាដើម្បីធ្វើបាតុកម្មជាថ្មីទៀត នៅមុខអាគារសភានៃសហគមន៍អ៊ឺរ៉ុប ក្នុងរាជធានីប្រ៊ុយសែល នៃរាជាណាចក្រប៊ែលហ្សិក។
» អានអត្ថបទដែលទាក់ទង៖ ខ្មែរនៅអ៊ឺរ៉ុប ធ្វើបាតុកម្មនៅមុខអាគារ អ.ស.ប ក្នុងប្រទេសស្វីស
ការបង្ហោះផ្សាយ ពីរូបភាពស្ដីពីបាតុកម្មនេះ (រូបខាងលើ) ត្រូវបានបង្ហោះចែកចាយនៅពាសពេញ បណ្ដាញអ៊ិនធើណែត និងនៅតាមបណ្ដាញសង្គម ហើយដែលគេអាចអានបាន នូវចំណងជើងធំៗ ថាជាបាតុកម្ម«ដោះលែងអ្នកទោសមនសិការ»។ ការជួបជុំគ្នាធ្វើបាតុកម្ម បានគ្រោងថានឹងប្រព្រឹត្តិទៅ នៅវេលាម៉ោង១២ថ្ងៃត្រង់ រហូតទៅដល់ម៉ោង១៥រសៀល ម៉ោងក្នុងប្រទេសប៊ែលហ្សិក (ដែលត្រូវនឹងម៉ោង១៧ ដល់ម៉ោង២០ ម៉ោងនៅក្នុងប្រទេសកម្ពុជា) នៅកណ្ដាលរាជធានី ប្រ៊ុយសែល តែម្ដង។
តំណាងមួយរូប នៃក្រុមអ្នករៀបចំបាតុកម្ម លោក សួន ណារិទ្ធិ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃម្សិលម៉ិញថា បើទោះជាអាជ្ញាធរនៃប្រទេសប៊ែលហ្សិក មិនបានកំណត់ចំនួនមនុស្សចូលរួមបាតុកម្មក៏ដោយ តែលោកសង្ឃឹមពីចំនួនអ្នកចូលរួម នឹងមានរវាងពី២០០ ទៅដល់៣០០នាក់។ លោកបានអះអាងទៀតថា ក្រុមរបស់លោកមិនមែនជាផ្នែកមួយ នៃចលនានយោបាយណាឡើយ តែជាការផ្ដួចផ្ដើមរួមគ្នា រវាងបណ្ដាជនដែលមានដើមកំណើតខ្មែរ និងដែលមានចិត្តឈឺឆ្អាល ទៅដល់មាតុភូមិជាទីស្នេហាររបស់ពួកគេ និងអាចមានការចូលរួម មកពីគ្រប់និន្នាការនយោបាយ។
លោក ណារិទ្ធិ បានថ្លែងបន្តថា បាតុកម្មនេះគ្មានបំណង ទាមទារឲ្យទម្លាក់រដ្ឋាភិបាលកម្ពុជា ឬទម្លាក់លោក ហ៊ុន សែន ពីអំណាចអ្វីទេ តែជាការទាមទាររកយុត្តិធម៌ ជូនជនជាប់ឃុំ (ទាំងមានទោស និងមិនទាន់មានទោស) និងជននៅក្រៅឃុំ ចំនួន២៩នាក់ ដែលត្រូវបានអង្គការការពារសិទ្ធិមនុស្សក្នុងស្រុក ឈ្មោះ លីកាដូ ចុះបញ្ជីថា ជាអ្នកទោសនយោបាយ។
» អានអត្ថបទដែលទាក់ទង៖ អង្គការសិទ្ធិមនុស្ស ថាកម្ពុជាមានអ្នកទោសនយោបាយ២៩នាក់
» ទស្សនាវដ្ដីនឹងធ្វើការចុះផ្សាយ នូវកិច្ចសម្ភាសទាំងស្រុង ជាមួយលោក សួន ណារិទ្ធិ នៅក្នុងអត្ថបទលើកក្រោយ។
បាតុកម្ម «ដោះលែងអ្នកទោសមនសិការ» នឹងបន្ថែមតួលេខថ្មីទៀត ទៅក្នុងបញ្ជីនៃចំនួនបាតុកម្មជាច្រើន និងជាបន្តបន្ទាប់ របស់បណ្ដាជនខ្មែរនៅក្រៅស្រុក ដែលត្រូវបានរៀបចំធ្វើឡើង នាពេលកន្លងមក ក្នុងទ្វីបអាមេរិកខាងជើង និងទ្វីបអ៊ឺរ៉ុប។ ជាពិសេស បាតុកម្មនៅមុខសភាអ៊ឺរ៉ុបនេះ បានធ្វើឡើងប្រមាណជា២សប្ដាហ៍ ក្រោយការសម្រេច នូវ«ដំណោះស្រាយ»មួយ ពីសំណាក់សភាអ៊ឺរ៉ុប ដើម្បីស្នើសុំឲ្យមានឃ្លាំមើល និងបង្កើតលក្ខខណ្ឌ ទៅលើជំនួយរបស់ខ្លួន សម្រាប់ប្រទេសកម្ពុជា។
» អានអត្ថបទដែលទាក់ទង៖ សភាអ៊ឺរ៉ុបស្នើឲ្យចាត់វិធានការឃ្លាំមើលជំនួយ EU សម្រាប់កម្ពុជា
ប៉ុន្តែការលើកឡើង របស់ក្រុមអ្នកតំណាងរាស្ត្រ របស់សភាអ៊ឺរ៉ុបខាងលើ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលកម្ពុជា ច្រានចោល និងបរិហារពី«ភាពអាម៉ាស»មួយ ដែលក្រុមតំណាងរាស្ត្រអ៊ឺរ៉ុបទាំងនោះ បង្គាប់ឲ្យកម្ពុជា ដែលជាប្រទេសអធិបតេយ្យមួយ បោះបង់ភាពជានីតិរដ្ឋ បោះបង់តុលាការ ឲ្យទៅគោរពបុគ្គលជាទីសក្ការៈ ដែលមិនស្ថិតនៅក្នុងរង្វង់ច្បាប់។ លោក ផៃ ស៊ីផាន បានពន្យល់ តាមរយៈទំព័រហ្វេសប៊ុករបស់លោកថា ការលើកឡើង របស់ក្រុមសមាជិកសភាអ៊ឺរុប បានធ្វើឡើងក្រោមការភូតភរ បោកប្រាស របស់គណបក្សប្រឆាំងនៅកម្ពុជា ជាពិសេសលោក សម រង្ស៊ី ផ្ទាល់តែម្ដង។
ចំពោះការធ្វើបាតុកម្មជាបន្តបន្ទាប់ របស់បណ្ដាជនខ្មែរនៅឯនាយសមុទ្រ ក៏ធ្លាប់ត្រូវបានលោក ផៃ ស៊ីផាន បញ្ជាក់ដែរថា នឹងមិនមានឥទ្ធិពល ឬទម្ងន់អ្វី ដល់រដ្ឋាភិបាលកម្ពុជាឡើយ។ អ្នកនាំពាក្យរូបនេះ បានអះអាងថា នោះគ្រាន់ជាសិទ្ធិសម្ដែងមតិ របស់ពលរដ្ឋខ្មែរនៅបរទេស ដែលមានចំនួនតិចតួចប៉ុណ្ណោះ៕