សំនុំរឿងមួយ ក្រសួងអប់រំចេញលិខិតបំភ្លឺពីរដង!
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 24, 2016
- ប្រធានបទ: រឿងអាស្រូវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សំនុំរឿងបៀតបៀនផ្លូវភេទ ទៅលើស្ត្រីអ្នកបកប្រែភាសា ជនជាតិកូរ៉េខាងត្បូង ដែលជាប់ទាក់ទងលោក គ្រី ស៊ាងឡុង មន្ត្រីជាន់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ទំនងជាស្ថិតនៅឆ្ងាយពី«ទីបញ្ចប់» ដោយសាររឿងរ៉ាវបានដើរចេញពីករណី ត្រឹមតែ«បុគ្គល»។ ក្រសួងអប់រំ យុវជន និងកីឡាខ្លួនឯង បានចេញលិខិតប្រកាសព័ត៌មាន និងបំភ្លឺដល់ទៅពីរដង៖ ម្ដងនៅរសៀលថ្ងៃទី២៣ និងម្ដងទៀត នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ពោល គឺចេញផ្សាយរវាងគ្នា ចន្លោះមិនដល់២៤ម៉ោងផង។
» អានរឿងអាស្រូវបៀតបៀនផ្លូវភេទ ទាក់ទងលោក គ្រី ស៊ាងឡុង នៅទីនេះ និងទីនេះមួយទៀត។
ភាពខុសគ្នា... តើត្រូវជឿលើលិខិតណាមួយ?
បើទោះជា«សេចក្ដីបំភ្លឺ»លើកទីពីរ មានភាពលំអិត ជាង«សេចក្ដីប្រកាសព័ត៌មាន»លើកទីមួយក៏ដោយ តែរវាងលិខិតទាំងពីរលើក នៅតែបង្កភាពមន្ទិល ជុំវិញភាពខុសគ្នា នៃការបញ្ជាក់ទាក់ទងនឹងការខ្ចីប្រាក់ ដែលបានកើតឡើង នៅក្នុងស្ថាប័នរដ្ឋដ៏ធំមួយនេះ ខណៈឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បានអះអាងថា ជាប្រាក់បង់ពិន័យ ដែលផ្ដល់ពីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងលិខិតទីមួយ បានសរសេរថា៖ «ក្នុងការដោះស្រាយបាតុភាពនោះ សាមីខ្លួនបានខ្ចីថវិកាមួយចំនួន ដែលបានមកពីសហការី និង"របស់អង្គភាព នៃនាយកដ្ឋានតម្រង់ ទិសវិជ្ជាជីវៈ" ដើម្បីបង់ពិន័យទៅតាម ការសម្រេចរបស់តុលាការ ជាសំណងរដ្ឋប្បវេណី។» និងបន្ទាប់មក មានសរសេរទៀតថា៖ «ដោយឡែកថវិកាដែល ខ្ចីពី"អង្គភាព" ត្រូវបានសាម៉ីជនបង្វែរសង"អង្គភាព" រួចរាល់ហើយ»។
សំណេរក្នុងលិខិត ដោយអក្សរ«ខ្មៅក្រាស់»ខាងលើ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកវាយលិខិតនេះមិនបានច្រឡំដៃ រីឯអ្នកអានវិញ ក៏មិនបាន«ខ្វាក់ភ្នែក»ដែរ (រួមទាំងអ្នកសារព័ត៌មានផង) ថាប្រាក់សំណងទាក់ទងនឹងករណី របស់លោក គ្រី ស៊ាងឡុង ជាប្រាក់កម្ចីពីសហការី និងជាពិសេស ពី"អង្គភាព នៃនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ" ដែលជាសេនាធិការមួយ របស់ក្រសួង។
ផ្ទុយមកវិញ ស្រាប់តែនៅក្នុងលិខិតទីពីរ ក្រសួងដែលមានតួនាទី ជាអ្នកប្រៀនប្រដៅ-អប់រំពលរដ្ឋមួយនេះ បានកែសម្ដីខ្លួនមកវិញថា៖ «ក្រសួងអប់រំ យុវជន និងកីឡា មិនបានយក"ថវិការដ្ឋ" ទៅដោះស្រាយរឿងបុគ្គលឡើយ។ ថវិកាទាំងនោះ គឺជា"ថវិកាខ្ចីពីមន្ត្រី នៅក្នុងអង្គភាព"ដែលលោក គ្រី ស៊ាងឡុង បម្រើការងារ។» បើអញ្ចឹង ថាតើរវាងលិខិតទាំងពីរ គេត្រូវជឿលើលិខិតមួយណា? តើវាមិនបណ្ដាល មកពីក្រសួងខ្លួនឯង ធ្វើការងារមិនច្បាស់លាស់ ហើយដើរមកបន្ទោសគេឯងទេឬ?
» សូមអាន និងធ្វើការប្រៀបធៀប លិខិតទាំងអស់នេះ រួមនឹងលិខិតរបស់ឯកអគ្គរាជទូតខ្មែរ លោក ឡុង ឌីម៉ង់ ផ្ញើរទៅរដ្ឋមន្ត្រីការបរទេសផង នៅទំព័របន្ទាប់។
មន្ទិលផ្នែករដ្ឋបាល
ទស្សនាវដ្ដីបានអញ្ជើញលោក ព្រហ្ម គិត ដែលជាអតីតមន្ត្រីច្បាប់ និងធ្លាប់បម្រើការនៅក្រសួងមួយ ក្នុងប្រទេសកម្ពុជា មកពន្យល់ថា តើការលើកឡើងមួយចំនួន នៅក្នុង«សេចក្ដីបំភ្លឺ»លើកទីពីរ របស់ក្រសួងអប់រំ មានប្រក្រតីភាពឬយ៉ាងណា។ បន្ទាប់ពីបានអានរួច លោក ព្រហ្ម គិត បានពន្យល់ថា «សេចក្ដីបំភ្លឺ»នេះមានមន្ទិលបន្ថែម ចំនួនបីចំណុច៖
១) ករណីលោក គ្រី ស៊ាងឡុង មិនមែនជាករណីបុគ្គលសុទ្ធសាធទេ ដោយហេតុថាលោក គ្រី ស៊ាងឡុង បានចេញទៅធ្វើទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង ក្នុងនាមជាបុគ្គលសាធារណៈ ជាតំណាងរបស់ក្រសួង និងត្រូវបានក្រសួងចាត់ឲ្យទៅ។ មិនត្រឹមតែប៉ុណ្ណឹង រឿងរ៉ាវរបស់មន្ត្រីក្រសួងរូបនេះ ត្រូវបានលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរ នៅកូរ៉េខាងត្បូង ជួយធ្វើការឈឺឆ្អាល (ក្នុងនាមជាម៉ែឪ នៅទីនោះ) ដោយចេញជាកំណត់ទូតថែមទៀត។
២) ក្រសួងអាចមិនផ្សព្វផ្សាយ ការសម្រេចផ្នែកទណ្ឌកម្មរដ្ឋបាលបាន តែការផ្លាស់ប្ដូរតំណែង ប្រធាននាយកដ្ឋានមួយទាំងមូល មិនអាចត្រូវបានធ្វើឡើង ដោយស្ងាត់ៗនោះឡើយ។ ប្រសិនជាការផ្លាស់ប្ដូរតំណែងនោះ ត្រូវបានប្រកាសឲ្យគេឯងដឹង ពីមុនមកនោះ អញ្ចឹងត្រូវបញ្ជាក់បន្ថែម ថាតើវាកើតឡើង នៅពេលណា ហើយនរណាមកជំនួស។
៣) ក្រសួងរដ្ឋមួយ ដែលមានតួនាទីបម្រើពលរដ្ឋ បែរជាយករឿងរដ្ឋបាល មកបូកបាយបិណ្ឌ ជាមួយរឿងនយោបាយ។ ការរិះគន់ ពីសំណាក់សាធារណៈមតិ ឬពីមជ្ឈដ្ឋាននានា វាតែងតែកើតមានហើយ ជាពិសេសទៅលើបាតុភាពខុសប្រក្រតី ឬសេវាសាធារណៈ ដែលត្រូវបានផ្ដល់ដោយក្រសួងរដ្ឋ។ ដូច្នេះ ក្រសួងអប់រំគួរធ្វើតាមតួនាទី និងប្រព្រឹត្តិឲ្យបានសមស្រប ហើយត្រូវប្រកាន់នូវអព្យាក្រិតភាពរបស់ខ្លួន។ ជាពិសេស ការយកករណីមួយនេះ សរសេរក្នុងលិខិតរដ្ឋបាល ដោយនិយាយភ្ជាប់ជ្រៅ ទៅក្នុងរឿងគណបក្សនយោបាយ ជារឿងមិនគប្បីទាល់តែសោះហើយ។ ឬមួយក្រសួងអប់រំ យុវជន និងកីឡា ចង់បង្វែរឿងអាស្រូវនេះ ទៅជារឿងនយោបាយ?
» សូមអាន និងធ្វើការប្រៀបធៀប លិខិតទាំងអស់ នៅក្នុងសំនុំរឿងនេះ នៅទំព័របន្ទាប់។