CNRP នឹងបន្តយុទ្ធនាការ មិនទទួលស្គាល់ការបោះឆ្នោតខាងមុខ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៦ មិថុនា ២០១៨
- កែប្រែចុងក្រោយ: June 06, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជុំពីរថ្ងៃ ដើម្បីសម្រេចបានពីរចំណុច។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន នៅមុននេះ។
សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា គណៈកម្មការចំពោះកិច្ច របស់គណបក្ស បានជួបប្រជុំគ្នា ជាលើកទី២ នៅថ្ងៃទី៤-៥ ខែមិថុនានេះ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីរៀបចំផែនការសកម្មភាព យុទ្ធនាការមិនទទួលស្គាល់ «ការបោះឆ្នោតក្លែងក្លាយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨»ខាងមុខ។
រីឯការសម្រេចចំនួនពីរចំណុច រួមមាន៖ (១) រៀបចំជំរុញ និងលើកទឹកចិត្តពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេស ធ្វើយុទ្ធនាការមិនទទួលស្គាល់ «ការបោះឆ្នោតក្លែងក្លាយ» និង(២) ពង្រីកសកម្មភាពការទូត។
មិនមានការពន្យល់បន្ថែម ត្រូវបានទម្លាយចេញ ពីអង្គប្រជុំខាងលើនេះទេ ខណៈមន្ត្រីគណបក្សមួយចំនួន ប្រចាំនៅទ្វីបអ៊ឺរ៉ុប បដិសេធន៍មិនធ្វើអត្ថាធិប្បាយ។
ប៉ុន្តែ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ និងលោក យ៉ែម ប៉ុញ្ញឫទ្ធិ ជាអ្នកនាំពាក្យ នឹងចូលរួមក្នុងកម្មវិធី នាទីវេទិកាអ្នកស្ដាប់អាស៊ីសេរី នៅរាត្រីថ្ងៃពុធទី៦ ខែមិថុនា នេះ ចាប់ពីម៉ោង៧កន្លះ ដល់ម៉ោង៨កន្លះយប់ ម៉ោងនៅកម្ពុជា ដើម្បី «ប្រកាសប្រាប់ អំពីលទ្ធផលនៃកិច្ចប្រជុំ» ខាងលើ។ នេះ បើតាមការប្រកាសឲ្យដឹង ពីកម្មវិធីរបស់វិទ្យុមួយនេះ ផ្សាយចេញពីរដ្ឋធានីវ៉ាស៊ីនតោន។
វិទ្យុអាស៊ីសេរី បានបង្ហើបខ្លះៗដែរថា អង្គប្រជុំ«ពិសេស» នៃគណៈកម្មការចំពោះកិច្ច ដែលរួមមាន គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសង្គ្រោះជាតិ និងតំណាងរាស្ត្រមួយចំនួននោះ បានជជែកពីយុទ្ធសាស្ត្រ និងការស្វែងរកដំណោះស្រាយ ដើម្បីឲ្យប្រទេសកម្ពុជា មានការបោះឆ្នោតមួយ តាមលទ្ធិប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅពេលខាងមុខ៕